អង្គការ ILO ចាប់ផ្តើមគម្រោងពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា

7News

 អង្គការ ILO ចាប់ផ្តើមគម្រោងពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា

អង្គការពលកម្មអន្តរជាតិ ILO ប្រចាំកម្ពុជាតាមរយៈកម្មវិធីភាពជាដៃគូ ILO-Korea (I-KORP) បានចាប់ផ្តើមគម្រោងថ្មីមួយដើម្បីពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា។ គំនិតផ្តួចផ្តើមលើគម្រោងកិច្ចសន្ទនាសង្គម និងការកសាងសមត្ថភាពមួយនេះនឹងចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។ កម្មវត្ថុចម្បង គឺស្វែងរកការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងការងាររបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និយោជក និងកម្មករ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការពលកម្មអន្តរជាតិ ILO ចេញផ្សាយថ្ងៃទី១៩ វិច្ឆិកាបានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗក្នុងការរក្សាយន្តការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាពដែលមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ទំនាក់ទំនងការងារដោយស្មើភាព និងនិរន្តរភាពកំណើនសេដ្ឋកិច្ច។ តាម ILO ប្រព័ន្ធដោះស្រាយវិវាទដែលមានស្រាប់ជារឿយៗកន្លងមកនៅមិនទាន់គ្រប់គ្រាន់ និងខ្វះការគាំទ្រពីស្ថាប័នដើម្បីដោះស្រាយវិវាទការងារដ៏ស្មុគស្មាញប្រកបដោយប្រសិទ្ធភាព។

ត្រង់ចំណុចនេះត្រូវបាន ILO សង្កត់ធ្ងន់ថា គម្រោងពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងាររបស់កម្ពុជាពេលនេះ គឺមានគោលបំណងកសាងសមត្ថភាពដោយការលើកកម្ពស់កិច្ចសន្ទនាសង្គមឱ្យកាន់តែរឹងមាំ បង្កើនការចូលរួមទ្វេភាគី និងត្រីភាគី រួមទាំងគាំទ្រដល់កំណែទម្រង់ដែលនឹងរៀបចំឱ្យមានការដោះស្រាយវិវាទប្រកបដោយនិរន្តរភាព។ តាមអង្គការពលកម្មអន្តរជាតិដដែល គម្រោងនេះនឹងចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយបូកបញ្ចូលកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពគោលដៅ ការកែលម្អសេវាផ្សះផ្សា និងការសម្រុះសម្រួល និងការផ្តួចផ្តើមគំនិតដើម្បីគាំទ្រដល់និរន្តរភាពរយៈពេលវែងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោក Hochul Shin ប្រធានទីប្រឹក្សាបច្ចេកទេសនៃ ILO- Korea បានប្រាប់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើតក្របខណ្ឌដោះស្រាយវិវាទការងារដែលមានភាពធន់ និងឆ្លើយតបកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា តាមរយៈការជំរុញឲ្យមានទំនាក់ទំនងបើកចំហ និងការដោះស្រាយបញ្ហារួមគ្នា។ តាមលោក Hochul Shin គំនិតផ្តួចផ្តើមមួយនេះក៏នឹងរួមចំណែកដល់កន្លែងការងារប្រកបដោយយុត្តិធម៌ និងផលិតភាពកាន់តែច្រើននៅទូទាំងប្រទេស។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ លោកកត្តា អ៊នបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ វិច្ឆិកានេះថា ក្រសួងគាំទ្រ និងចូលរួមសហការជាមួយគម្រោងរបស់អង្គការ ILO នេះឲ្យបានកាន់តែប្រសើរថែមទៀត។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែលរូបនេះបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៣ ការដោះស្រាយវិវាទការងារមានចំនួន៨២.៤៩% និងមានចំនួន ៨៩.១៥% ក្នុងឆ្នាំ ២០២៤ ដោយរួមបញ្ចូលយន្តការក្រុមប្រឹក្សាអាជ្ញាធរផងដែរ៕


N.0085

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top