សន្និសីទCOP29 អនុម័តបានកិច្ចព្រមព្រៀង ថវិកា ៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជួយ ប្រទេសកំពុងអភិវឌ្ឍ

7News

 សន្និសីទCOP29 អនុម័តបានកិច្ចព្រមព្រៀង ថវិកា ៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជួយ ប្រទេសកំពុងអភិវឌ្ឍ

នៅទីបំផុតទៅ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP29 នៅទីក្រុងបាគូប្រទេស អាស៊ែបៃហ្សង់ បាន អនុម័តបាននូវ កិច្ចព្រមព្រៀងរួមមួយ ដោយ ប្រទេសឧស្សាហកម្មអ្នកមាន សន្យា ប្រមូលថវិកាចំនួន យ៉ាងហោច ៣០០ពាន់លានដុល្លារ ដើម្បីជួបប្រទេសក្រីក្រកំពុងអភិវឌ្ឍក្នុង ការ ទប់ទល់ នឹងវិបត្តិអាកាសធាតុ ។ ទោះជាយ៉ាងនេះក្តី មានប្រទេសជាច្រើន បានសំដែងការមិនពេញចិត្ត នឹងកិច្ចព្រមព្រៀងនេះ ដោយខ្លះលើកឡើងថាថវិកាទាបខ្លាំងពេក និងខ្លះទៀត បានរិះគន់ថាវាគ្មានខ្លឹមសារកំណត់ ឲ្យ ខ្លាំងក្លា ឈានទៅបោះបង់ចោល ការ ប្រើប្រាស់ថាមពលហ្វូស៊ីល។ ការសំដី រិះគន់ខ្លាំងៗក៏មានផងដែរ ទៅលើប្រទេសអាស៊ែបៃហ្សង់ ដែលជាអ្នកដឹកនាំរៀបចំ សន្និសីទនេះ ។

ឆ្លងកាត់ការចចារជជែកវែកញែកយ៉ាងតឹងតែង រហូតដល់ម៉ោង ៣ទៀបភ្លឺ ព្រឹកថ្ងៃអាទិត្យទី ២៤វិច្ឆិកា ទីបំផុត សន្និសីទ អន្តរជាតិស្តីពីអាកាសធាតុ COP29 បានអនុម័ត កិច្ចព្រមព្រៀង រួមមួយ ដែលក្រុមប្រទេសអ្នកមានឧស្សាហកម្មជឿនលឿនសន្យា ប្រមូលប្រាក់ ចំនួន ៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីពេល នេះដល់ ឆ្នាំ ២០៣៥ ដើម្បី ជួយ ប្រទេស កំពុងអភិវឌ្ឍ ។

ប្រទេសអ្នកមានដែលមានកាតព្វកិច្ចត្រូវប្រមូលប្រាក់នេះ គឺមាន ជាអាទិ៍ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កាណាដា អូស្ត្រាលី និង នូវែលសេឡង់។ បន្ថែមពីនេះ កិច្ចព្រមព្រៀងថ្មីនេះ បាន កំណត់ថា ទំហំថវិកានេះ អាចនឹងត្រូវគេសើរើ ដំឡើងទំហំឲ្យ លើសនេះ នៅក្នុងពេលអនាគត ដោយ កម្មវត្ថុទាមទាររបស់ ក្រុមប្រទេសក្រីក្រ គឺត្រូវឈានឲ្យ បានគ្រប់ ១៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ថវិកា សន្យានេះ គេនឹងត្រូវប្រមូលទៅជួយ ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងរូបភាពជា កម្ចី អនុគ្រោះផង និងជាជំនួយ ឥតសំណងផង។ ក្រៅពី ថវិកាផ្តល់ឲ្យ ដោយ រដ្ឋាភិបាលប្រទេសអ្នកមាន ថវិកា នេះក៏អាចផ្តល់ ឲ្យ តាមរយៈស្ថាប័ន ហិរញ្ញវត្ថុឯកជនដែរ ។ ប្រទេសកំពុងអភិវឌ្ឍន៍ នឹងទទួលបានថវិកា ទាំងនេះ យកទៅចំណាយ សាងសង់ហេដ្ឋារចនាសម្ព័ន្ធទប់ទល់ នឹងទឹកជំនន់ គ្រោះរាំងស្ងួត និងជាពិសេសនោះ គឺ វិនិយោគនៅក្នុងវិស័យថាមពលបៃតង ងាកចេញពី ការប្រើប្រាស់ថាមពល ដែលកើតចេញពីការដុតប្រេង ដុតធ្យូងថ្ម ដែល បញ្ចេញ ឧស្ម័នកាបូនិក ទៅក្នុងបរិយាកាស ។


យ៉ាងណាក៏ដោយ ពេលបិទការប្រជុំ ក្រុមប្រទេសក្រីក្របានសម្តែងការខកចិត្តខ្លាំងណាស់ ចំពោះកិច្ចព្រមព្រៀងនេះ ។ លោក Ali Mohamed ជនជាតិកេនយ៉ា និងជាតំណាង ក្រុមប្រទេសក្រីក្រនៅ អាហ្វ្រិក បាន លើកឡើងថា ថវិកាដែលគេសន្យា នេះ គឺវាតិចខ្លាំងណាស់ ហើយ កិច្ចព្រមព្រៀងនេះ មានខ្លឹមសារ ស្រពិចស្រពិលណាស់។ ដូចគ្នាដែរ លោកស្រី Chandni Raina តំណាងប្រទេសឥណ្ឌា បាន ថ្លែងថា កិច្ចព្រមព្រៀងនេះ គឺមិនខុស ពី រូបភាពបំភ័ន្តភ្នែកទេ ព្រោះវា នឹងមិនអាចឆ្លើយតបទៅនឹង ទំហំការងារដ៏ធំមហិមាដែលពិភពលោកត្រូវដោះស្រាយ ។
ទន្ទឹមគ្នានេះ ក្រុមប្រទេសអ្នកមានខ្លះ បានសំដែងការសោកស្តាយ ដែល ចិនក្នុងនាមជាប្រទេសបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ច្រើនជាងគេបង្អស់ នៅតែស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដដែល ហើយមិនមានកាតព្វកិច្ច ចូលរួម ចំណាយ ប្រាក់ជួយប្រទេសក្រីក្រដោះស្រាយវិបត្តិអាកាសធាតុ ។ ក្រុមប្រទេសលោកខាងលិច បានទាមទារថា ចិន សិង្ហបុរី និង ប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រខ្លះ មានជីវភាពធូរធាហើយ ហើយគួរតែ មានកាតព្វកិច្ច ចូលរួម ថវិកា ។ ចំណែកបារាំងវិញ បាន សំដែងការខកចិត្ត ដែលកិច្ចព្រមព្រៀងនេះ មិនបានកំណត់ខ្លឹមសារ ឲ្យច្បាស់និងមានភាពក្លាហានទាល់តែសោះ ស្តីអំពី យន្តការត្រួតពិនិត្យ ការកាត់បន្ថយ ការប្រើប្រាស់ថាមពលហ្វូស៊ីល នៅតាមប្រទេសកំពុងអភិវឌ្ឍ។
ដោយឡែក មាន ប្រទេសជាច្រើនបានរិះគន់ធ្ងន់ៗ ទៅលើចំណាត់ការចាត់ចែងការចរចា របស់ ប្រទេសអាស៊ែបៃហ្សង់ ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទ។ អាល្លឺម៉ង់បាន រិះគន់ដោយ ឥតលាក់លៀមថា អាស៊ែបៃហ្សង់បាម តម្រង់ផ្លូវការចរចា ដោយ បំពេញ ចិត្ត ក្រុមប្រទេស ផលិ តប្រេងផលិត ឧស្ម័ន ព្រោះថាអាស៊ៃបៃហ្សង់ ខ្លួន ឯង ក៏មានប្រយោជន៍ ក្នុងវិស័យនេះ ។ មន្ត្រីការទូតជាច្រើនបានលើកឡើងថាបទពិសោធន៍នៅបាគូ គឺល្វីងជូរចត់ណាស់។ អ្នកខ្លះទៀតអះអាងព្រមៗគ្នា ថាសន្និសីទ នេះ មានបរិយាកាសមិនល្អ ជាមួយនឹងការដាក់សំពាធពី ក្រុមការងារអាស៊ែបៃហ្សង់ ដែលចង់សម្រេចឲ្យ បាន កិច្ចព្រមព្រៀងដោយ បង្ខំ ទាំងដែលគ្រប់ភាគី នៅ មិនទាន់ស្រុះស្រួលគ្នាផង ។
លោក Simon Stiell ប្រធាន ផ្នែក អាកាសធាតុនៃ អង្គការសហប្រជាជាតិ បាន លើកឡើងថា គេមិនអាចនិយាយសន្និសីទCOP29 នៅបាគូគឺជាជោគជ័យបានឡើយ ព្រោះវា បានបិទបញ្ចប់ទៅដោយគ្មានប្រទេសណាមួយ បានទទួលនូវអ្វីដែលខ្លួនចង់បានទាំងអស់ ហើយ សន្និសីទនេះ បានបន្សល់ទុក នូវការងារ គដូចភ្នំ ឲ្យ គ្រប់គ្នាត្រូវដោះស្រាយ បន្តទៀត៕




Nº.0096

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top