អាមេរិកបន្ត លក់ អាវុធ បន្ថែមឲ្យ តៃវ៉ាន់ ក្នុង តម្លៃទឹកប្រាក់ ៣៨៥ លាន ដុល្លារ
ប្រឈម មុខ នឹងការ ពង្រីក ឥទ្ធិពល កាន់តែខ្លាំង ឡើង របស់ មហាយក្ស ចិន សហរដ្ឋអាមេរិកលក់ អាវុធ បន្ថែម ទៀតឲ្យ កោះតៃ វ៉ាន់។ នៅក្នុង កិច្ចសន្យា លក់ អាវុធ ថ្មីបន្ថែម ដែល អនុម័ត ពី ថ្ងៃសុក្រ រដ្ឋបាល ក្រុង វ៉ាស៊ីន តោន យល់ព្រម លក់ គ្រឿង បរិក្ខារ សង្គ្រាម សម្ភារៈ គ្រឿង បង្គំរបស់យន្តហោះ ចម្បាំង ល្បឿនលឿន ដ៏ទំនើប F-16 របស់ អាមេរិក ហើយ និង ប្រព័ន្ធ ខែល ការពារ មីស៊ីល។
កិច្ចព្រមព្រៀង លក់ គ្រឿង សព្វាវុធ អាមេរិក ឲ្យ តៃវ៉ាន់ គ្រានេះ បានផ្តល់ ផលសារៈប្រយោជន៍ ដល់ ជាតិ អាមេរិក ផ្តល់ ប្រយោជន៍ ដល់ សេដ្ឋកិច្ច និង គោលនយោបាយ សន្តិសុខ អាមេរិក។ ជំនួញ អាវុធ នេះ វាក៏ ឋិត ក្រោម កិច្ច ខិត ខំប្រឹង ប្រែង បន្តជួយ គាំទ្រ កោះតៃវ៉ាន់។ ពោលគឺជួយ ជំរុញ ឲ្យ តៃវ៉ាន់ ធ្វើ ទំនើបកម្ម កងកម្លាំង ការពារជាតិ របស់ខ្លួន ហើយ និង បង្កើន សមត្ថភាព ទប់ ទល់ វាយប្រហារ ឲ្យ កាន់តែ មាន ប្រសិទ្ធភាព។ នេះបើតាម សេចក្តីប្រកាស ១ ក្នុង ថ្ងៃ សុក្រ ទី ២៩វិច្ឆិកា របស់ ទីភ្នាក់ងារ សហប្រតិបត្តិការ ការពារសន្តិសុខ អាមេរិក (DSCA) ដែល ជា ស្ថាប័ន គ្រប់គ្រង ការលក់គ្រឿង ចម្បាំង យោធាអាមេរិក ទៅ រដ្ឋបរទេស ។
គ្រឿង សព្វាវុធ ដែល អាមេរិក លក់ ឲ្យ តៃវ៉ាន់ រួម មាន គ្រឿង បរិក្ខារ សង្គ្រាម, សម្ភារៈ គ្រឿង បង្គំរបស់យន្តហោះ ចម្បាំង ល្បឿនលឿន ដ៏ទំនើប F-16 របស់ អាមេរិក ហើយ និង ប្រព័ន្ធ ខែល ការពារ មីស៊ីល ព្រមទាំង ប្រព័ន្ធ ទាក់ទង វិស័យ យោធា ដែល សរុប មាន តម្លៃទឹកប្រាក់ប្រមាណ ជា ៣៨៥ លាន ដុល្លារ។
ប្រឈម មុខ នឹង ស្ថានការណ៍ កាន់តែ តឹង ខ្លាំងឡើងនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក ដ្បិតថា រដ្ឋអំណាច ចិន កំពុង តែ រន្ថើន សង្គ្រឺតធ្មេញ ដាក់ កោះតៃវ៉ាន់ ។ សហរដ្ឋអាមេរិ ក បាន ចាត់ទុក តៃវ៉ាន់ ឋិត នៅក្នុង តំបន់ រងហានិយភ័យ គំរាម កំហែង កម្រិត ខ្ពស់ ពីសំណាក់ យោធា ចិន ។ ម្ល៉ោះហើយ រដ្ឋបាល ក្រុង វ៉ាស៊ីន តោន និងក្រុង តៃប៉ិ បាន ប្រកាស ជំហរ បន្ត កិច្ចការវិស័យ យោធាឲ្យ តែ រឹងមាំ។
Nº.0118