រុស្ស៊ី ចោទអាមេរិកថា ជាដើមហេតុបណ្តាលឲ្យសង្គ្រាមអ៊ុយក្រែន អូសបន្លាយពេលមិនចេះចប់
ថ្ងៃពុធទី ២០ ខែវិច្ឆិកា រុស្ស៊ី បានចោទសហរដ្ឋអាមេរិកថា បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន តាមរយៈការបង្កើនសន្ទុះ នៃការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅឲ្យអ៊ុយក្រែន ជាពិសេស អាវុធនុយក្លេអ៊ែរ និង គ្រាប់មីនប្រឆាំងមនុស្ស។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមានសាជាថ្មីទៀត អំពីគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើរុស្ស៊ី ត្រូវរងការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ពីភាគីម្ខាងទៀត។
ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ក្រុងវ៉ាស៊ីនតោន ត្រៀមផ្តល់ទៅឲ្យអ៊ុយក្រែន នូវគ្រាប់មីនប្រឆាំងមនុស្ស។ គួរបញ្ជាក់ថា គ្រាប់មីនប្រឆាំងមនុស្ស តែងរងការរិះគន់ជាខ្លាំង ពីសំណាក់បណ្តាអង្គការក្រៅរដ្ឋាភិបាល ONG ដ្បិតថា មីនប្រភេទនេះ បានបណ្តាលឲ្យមនុស្សរងរបួស យ៉ាងច្រើនឥតគណនា នៅជុំវិញពិភពលោក ជាពិសេគឺប្រជាជនស៊ីវិល ដែលរងគ្រោះដោយគ្រាប់មីន កប់ក្នុងដី ក្រោយពេលសង្គ្រាមបានចប់ទៅ។
នៅចំពោះមុខបញ្ហានេះ អង្គការប្រឆាំងមីន ICBL ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាព ឆ្នាំ ១៩៩៧ បានថ្លែងថ្កោលទោស ទង្វើរបស់អាមេរិកខាងលើ ដែលអង្គការដដែលនេះចាត់ទុកថា តែងនាំមកនូវ ទុក្ខសោកដល់ ជនស៊ីវិល ហើយអំពាវនាវទៅ អ៊ុយក្រែន កុំឲ្យទទួលអាវុធប្រភេទនេះអី។
ចំណែកភាគីរុស្ស៊ីវិញ នៅថ្ងៃអង្គារទី ១៩ ខែ វិច្ឆិកានេះ បានចោទបណ្តាប្រទេសខាងលិចទាំងអស់ ដែលជាសម្ព័ន្ធមិត្ត របស់អ៊ុយក្រែនថា ចេះតែស្វះស្វែងបង្កើនកំដៅភ្លើងសង្គ្រាម ដូចមានការ ផ្គត់ផ្គង់គ្រាប់មីស៊ីលនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន ក្នុងពេលថ្មីៗនេះ ជាតឹងតាងស្រាប់។ ឆ្លើយតបនឹងស្ថានភាពនេះ រុស្ស៊ីបានប្រកាសថា ខ្លួនបានអនុម័តយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មី ដែលចែងច្បាស់ថា ចាប់ពីពេលនេះទៅ រុស្ស៊ីមានសិទ្ធិប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណីដែលខ្លួនត្រូវរងការវាយប្រហារ ទ្រង់ទ្រាយធំ ពីប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរ (អ៊ុយក្រែន) តែគាំទ្រដោយ មហាអំណាចនុយក្លេអ៊ែរ (អាមេរិក ) ។
ក្រុងវ៉ាស៊ីនតោន ប៉ារីស ឡុងដ្រ៍ និង សហភាពអឺរ៉ុប នាំគ្នាបរិហារ អាកប្បកិរិយា ខ្វះការទទួលខុសត្រូវ របស់រុស្ស៊ី។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អំពាវនាវ ឲ្យរុស្ស៊ី វិលត្រឡប់ទៅរក វិចារណញ្ញាណ ឡើងវិញ។ ចិនដែលជាដៃគូចម្បងរបស់ម៉ូស្គូ ក៏អំពាវនាវ ទៅគ្រប់ភាគីទាំងអស់ ចូរទប់សង្កត់ចិត្ត កុំធ្វើតាមកំហឹង៕