ចុះផ្សាយ នៅ ថ្ងៃ៖ 09/11/2024
ប៉ូលិសឥណ្ឌាចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការជួញដូរមនុស្សមកកម្ពុជា
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានឥណ្ឌា The Hindu បានចុះផ្សាយថា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាភ្នាក់ងារសំខាន់ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សមកកម្ពុជា។ ការចាប់ខ្លួនធ្វើឡើង នៅព្រលានយន្ដហោះទីក្រុងញូវដេលី ខណៈភ្នាក់ងាររូបនោះត្រឡប់មកពីប្រទេសម៉ាល់ឌីវ និងបន្ទាប់ពីទទួលបណ្ដឹងរបស់ជនរងគ្រោះដែលធ្លាប់ត្រូវបានភ្នាក់ងារនោះបោកបញ្ឆោតឱ្យមកធ្វើឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែត នៅប្រទេសកម្ពុជា។
យោងតាមសារព័ត៌មានឥណ្ឌា The Hindu នេះជាលើកទី៤ហើយ ដែលប៉ូលិសចាប់ជនពាក់ព័ន្ធក្នុងប្រតិបត្តិការជួញដូរយុវជនឥណ្ឌាទៅប្រទេសកម្ពុជា។ ការិយាល័យសន្តិសុខអ៊ីនធ័រនែតឥណ្ឌា បានបញ្ជាក់ថា ការចាប់ខ្លួនភ្នាក់ងារជួញដូរមនុស្សនេះ ធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
យោងតាមការស៊ើបអង្កេតដោយការិយាល័យសន្តិសុខអ៊ីនធ័រនែតឥណ្ឌា ភ្នាក់ងារជួញដូរមនុស្ស ទាំងបួននាក់ដែលប៉ូសិសបានចាប់ខ្លួននេះ បានល្បួងជនរងគ្រោះ ដោយសន្យាផ្ដល់ការងារផ្នែកព័ត៌មានវិទ្យា នៅប្រទេសកម្ពុជា។ ពួកគេបានប្រមូលលុយចំនួន១៤ម៉ឺន រ៉ូពី ឬស្មើប្រមាណជាង១៦០០ ដុល្លារ សម្រាប់ថ្លៃរត់ការឯកសារ ចុះឈ្មោះ និងថ្លៃទិដ្ឋាការ។
ប៉ូលីសឥណ្ឌាបានបញ្ជាក់ប្រាប់សារព័ត៌មាន The Hindu ថា នៅពេលជនរងគ្រោះទៅដល់ប្រទេសកម្ពុជា ជនរងគ្រោះត្រូវបានគេបង្ខំឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែត ដោយឱ្យធ្វើការ ពី១៦ទៅ១៧ ម៉ោងក្នុងមួយថ្ងៃ ចំណែកលិខិតឆ្លងដែនរបស់ជនរងគ្រោះត្រូវភ្នាក់ងាររឹបអូសទុក។
នាយកការិយាល័យសន្តិសុខអ៊ីនធ័រនែតឥណ្ឌាបានពន្យល់ថា នៅពេលមកដល់កម្ពុជា ជនរងគ្រោះត្រូវបានគេប្រគល់ឱ្យអ្នកគ្រប់គ្រងជនជាតិចិន និងត្រូវគេបណ្តុះបណ្តាលឲ្យចេះបោកប្រាស់ ជាចម្បង គឺបោកប្រាស់ជនជាតិឥណ្ឌាខ្លួនឯង តាមរយៈគម្រោងការក្លែងបន្លំផ្សេងៗ។ លោកបន្ដថា បើជនរងគ្រោះណាមួយប្រឆាំង នឹងត្រូវទទួលរងអំពើហិង្សារាងកាយ និងការឃុំឃាំង។
តាមការចុះផ្សាយរបស់សារព័ត៌មានThe Hindu ជនរងគ្រោះដែលត្រូវបានគេជួយរំដោះ និងត្រឡប់ទៅប្រទេសឥណ្ឌាវិញ មានជនជាតិឥណ្ឌាពី៥០០ ទៅ៦០០នាក់ ត្រូវបានគេបង្ខំឱ្យប្រព្រឹត្តបទល្មើសតាមអ៊ីនធឺរនែតនៅក្នុងក្រុមហ៊ុនតែមួយក្នុងប្រទេសកម្ពុជា។
ដោយសារករណីបោកប្រាស់ខាងលើ ការិយាល័យសន្តិសុខអ៊ីនធ័រនែតឥណ្ឌា បានណែនាំពលរដ្ឋខ្លួនឲ្យពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន ឬស្ថានទូតអំពីប្រទេសគោលដៅជាមុនសិន មុននឹងរៀបចំធ្វើដំណើរទៅរកការងារធ្វើ នៅក្រៅប្រទេស។
គួរជ្រាបដែរថា ឥណ្ឌាបានដាក់បដា ប្រព័ន្ធឌីជីថល នៅតាមអាកាសយានដ្ឋានធំៗរបស់ខ្លួន ដោយព្រមានដល់អ្នកដំណើរ អំពីហានិភ័យដែលទាក់ទងនឹងការផ្តល់ការងារធ្វើ នៅកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា កាលពីដើមខែវិច្ឆិកាធ្លាប់បានព្រមានទៅកាន់ពលរដ្ឋឥណ្ឌាដែរថា ការប្រើប្រាស់ទិដ្ឋាការទេសចរណ៍ ដើម្បីមករកការងារធ្វើនៅកម្ពុជា ជារឿងខុសច្បាប់ ហើយពួកគេអាចធ្លាក់ក្នុងអន្ទាក់នៃការជួញដូរមនុស្ស។
ចំណាត់ការរបស់ភាគីឥណ្ឌាទាំងនេះ ត្រូវបានអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃកម្ពុជា លោកស្រី ជូ ប៊ុនអេង ចាត់ទុកថា ជាការរួមចំណែកក្នុងទប់ស្កាត់អំពើឧក្រិដ្ឋកម្ម។ តែលោកស្រីមិនភ្លេចបញ្ជាក់ថា ការចុះផ្សាយរបស់កាសែតឥណ្ឌា នឹងនាំឲ្យមានភាពអវិជ្ជមានខ្លះៗដល់ប្រទេសកម្ពុជា ព្រោះតែការចុះផ្សាយនោះផ្ដោតសំខាន់លើឧក្រិដ្ឋកម្មក្នុងប្រទេសកម្ពុជា។
តាមលោកស្រី ជូ ប៊ុនអេង ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រទេសណាមួយ ប្រទេសដែលមានជនជាតិខ្លួនត្រូវគេបោកបញ្ឆោតមកកម្ពុជា ត្រូវតែលម្អិតប្រាប់ពលរដ្ឋរបស់ខ្លួនពីអត្តសញ្ញាណរបស់ភ្នាក់ងារដែលនាំមកធ្វើការនោះ៕
N.0040