លោកពូទីនគំរាមវាយប្រហារប្រទេស ដែលអនុញ្ញាត ឲ្យអ៊ុយក្រែន បាញ់មីស៊ីលចូលដីរុស្ស៊ី
ស្ថានការណ៍ នៅក្នុង សង្រ្គាម អ៊ុយក្រែន កាន់តែ ធ្លាក់ ចុះអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេល ដែល ភាពតានតឹង រវាង រុស្ស៊ី និង លោក ខាងលិច កាន់តែ លេចត្រដែត គួរ ឲ្យព្រួយបារម្ភ។ នៅយប់ ថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ ប្រធានាធិបតី រុស្ស៊ី លោក ពូទីន បាន អះអាងថា រុស្ស៊ីបាន បាញ់មីស៊ីល អ៊ីពែសូនិក លឿនជាង សំឡេង ១០ដង ទៅលើ ទីក្រុង នីប្រូ Dniproរបស់ អ៊ុយក្រែន ដើម្បីឆ្លើយតប នឹង អ៊ុយក្រែន ដែល ប្រើ មីស៊ីល របស់អាមេរិក និងអង់គ្លេស ចូលទៅជ្រៅក្នុងទឹកដី រុស្ស៊ី។ អូតង់ វិញអះអាងថា មីស៊ីល បាលីស្ទិក របស់ រុស្ស៊ី នឹងមិនធ្វើ ឲ្យ អូតង់ ប្តូរ ជំហរ ក្នុងការជួយអ៊ុយក្រែន ដែល កំពុងត្រូវ រុស្ស៊ី ធ្វើ សង្រ្គាមឈ្លានពាននោះទេ។ អង្គការ សហប្រជាជាតិ និង ប្រទេស ចិន ជា ដើមបង្ហាញក្តីព្រួយបារម្ភខ្លាំង និងទាមទារ ឲ្យ ភាគីជម្លោះ អត់ធ្មត់ និង ដោះស្រាយ ភាពតានតឹង តាមរយៈ ការចរចា។
នៅប៉ុន្មានម៉ោង កងទ័ពអ៊ុយក្រែន ចោទប្រកាន់រុស្ស៊ី បាញ់ មីស៊ីល បាលីស្ទិកអន្តរទ្វីប ដែលមាន សមត្ថភាព នាំក្បាលគ្រាប់នុយក្លេអ៊ែរ លើទឹកដី អ៊ុយក្រែន កាលពី ថ្ងៃ ព្រហស្បតិ៍ទី ២១វិច្ឆិកា ម្ចាស់ វិមាន ក្រេមឡាំង លោក វ្លាឌីមៀរ ពូទីន បាន ចេញមក បញ្ជាក់ថា មីស៊ីល ដែល រុស្ស៊ី បាន បាញ់ទៅលើទីក្រុង Dnipro មិនមែនជា មីស៊ីល អន្តរទ្វីប ប៉ុន្តែ ជា មីស៊ីល បាលីស្ទិក អ៊ីពែរសូនិក ហើយមីស៊ីលនោះគ្មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។
នៅក្នុង សេចក្តីថ្លែងតាម កញ្ចក់ទូរទស្សន៍ ទៅកាន់ ប្រជាជាតិ រុស្ស៊ី នៅយប់ ថ្ងៃព្រហស្បតិ៍ ទី ២១ វិច្ឆិកា លោក ពូទីន បញ្ជាក់ថា រុស្ស៊ី បាញ់ មីស៊ីល បាលីស្ទិក អ៊ីពែសូនិក ចម្ងាយមធ្យម ឈ្មោះថា Orechnik ទៅលើ ទីក្រុង Dnipro របស់ អ៊ុយក្រែន ដើម្បី ឆ្លើយតប ទៅនឹង អ៊ុយក្រែន ដែលបាន បាញ់ចំនួន២លើក មីស៊ីល របស់អាមេរិក និងអង់គ្លេស ចូលទៅក្នុងទឹកដី រុស្ស៊ី។
ចំពោះមេដឹកនាំ រុស្ស៊ី សង្រ្គាម នៅអ៊ុយក្រែន បានប្តូរទម្រង់ មាន លក្ខណៈពិភពលោក ចាប់តាំង ពី ពេល ដែល លោក ខាងលិចអនុញ្ញាត ឲ្យ អ៊ុយក្រែន បាញ់ មីស៊ីល អាមេរិក និងអឺរ៉ុប ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ លោកពូទីន អះអាងដែរថា ប្រទេសរបស់លោក បាន ត្រៀមខ្លួន ចាំទទួល គ្រប់សេណារីយ៉ូ នៅក្នុង ជម្លោះ ជាមួយ អ៊ុយក្រែន ហើយនិង លោកខាងលិច សម្ព័ន្ធមិត្តរបស់ អ៊ុយក្រែន។
នៅត្រង់ចំណុចនេះ ប្រធានាធិបតី រុស្ស៊ី លោកពូទីន គំរាមថា រុស្ស៊ីមានសិទ្ធិ ប្រើអាវុធ របស់ខ្លួន ដើម្បី វាយប្រហារ ទៅលើ ទីតាំង យោធា របស់ ប្រទេស ដែល អនុញ្ញាត ឲ្យ អ៊ុយក្រែន ប្រើមីស៊ីល បាញ់ ចូលដីរុស្ស៊ី។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតែ អាមេរិក និងអង់គ្លេស ប៉ុណ្ណោះ ដែល អនុញ្ញាត ឲ្យ អ៊ុយក្រែន បាញ់ មីស៊ីល របស់ខ្លួន ចូលទៅក្នុងដីរុស្ស៊ី។ ចំពោះលោក ពូទីន គេ មិនអាច សង្ស័យ ពីជំហរ វាយប្រហារ របស់ រុស្ស៊ីបានឡើយ ព្រោះថា រុស្ស៊ី នឹង វាយបកវិញ ក្នុងករណី មាន ការវាយប្រហារ ខ្លាំងក្លា មកលើ ទឹកដី រុស្ស៊ី។
ប្រធានាធិបតី រុស្ស៊ី លោកពូទីន នៅបាន អួតសរសើរ មីស៊ីលបាលីស្ទិក អ៊ីពែរសូនិក ដែល រុស្ស៊ី បានបាញ់ទៅលើ ទីក្រុង Dniproរបស់ អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។ មីស៊ីល បាលីស្ទិក អ៊ីពែរសូនិកលរបស់រុស្ស៊ី ហោះក្នុងល្បឿន លឿនជាង សំឡេង ១០ដង ពោល គឺ ៣គីឡូម៉ែត្រ ក្នុងមួយវិនាទី ដែលស្តែង ឲ្យឃើញ ពីបច្ចេកវិទ្យាយោធាទំនើបចុងក្រោយ របស់ រុស្ស៊ី។ បើតាមលោកពូទីនដដែល រហូតមកដល់ពេលនេះ នៅក្នុងពិភពលោក នៅមិនទាន់ មាន ប្រព័ន្ធ ប្រឆាំង មីស៊ីល មិនថា ប្រព័ន្ធខែ របស់ អាមេរិក នៅទឹកដីអឺរ៉ុបដែលអាច មាន សមត្ថភាព ចាប់ស្ទាក់ មីស៊ីល អ៊ីពែរសូនិក របស់ រុស្ស៊ី។
មេដឹកនាំ រុស្ស៊ី បាន ចោទប្រកាន់សាជាថ្មី ក្រុមប្រទេស លោកខាងលិច ថា ជា អ្នកញុះញង់ ធ្វើឲ្យ សង្រ្គាម អ៊ុយក្រែន កាន់តែ ឆេះរាលដាល តាមរយៈ ការផ្គត់ផ្គង់អាវុធ និងអនុញ្ញាត ឲ្យអ៊ុយក្រែនប្រើ មីស៊ីលលោកខាងលិច ទៅលើទឹកដី រុស្ស៊ី ដែលខ្សែបន្ទាត់ក្រហម របស់ រុស្ស៊ី។ចំពោះលោកខាងលិច នាំមុខ ដោយ អាមេរិក និង អង្គការអូតង់ គឺ រុស្ស៊ីទេ ដែលជាអ្នកដុតសង្រ្គាមអ៊ុយក្រែនឲ្យកាន់តែឆេះធំៗទៅគ្មាន ថ្ងៃបញ្ចប់ តាមរយៈ ការដឹកជញ្ជូនទ័ពកូរ៉េខាងជើងជាង ១ម៉ឺននាក់ ទៅជួយច្បាំងកងទ័ពរុស្ស៊ីក្នុងសង្រ្គាមអ៊ុយក្រែន។ អ្នកនាំពាក្យ របស់ អង្គការ អូតង់ នៅថ្ងៃសុក្រ ទី ២២ វិច្ឆិកា បាន បញ្ជាក់ថា ទោះ ជា រុស្ស៊ី ប្រើ មីស៊ីលដ៏អស្ចារ្យ ម្តេចក្តី អូតង់ នៅតែ មិនផ្លាស់ប្តូរជំហរជួយអ៊ុយក្រែន ដែលជាអ្នករងគ្រោះដោយសារ សង្រ្គាមឈ្លានពាន របស់រុស្ស៊ី។ តាម អ្នកនាំពាក្យរបស់អូតង់ ថ្នាក់ ដឹកនាំរបស់អ៊ុយក្រែន និង អង្គការ អូតង់នឹង ជួបពិភាក្សា គ្នានៅសប្តាហ៍ក្រោយទីក្រុង ព្រុចសែល នៅក្រោយពី រុស្ស៊ី បាញ់មីស៊ីលបាលីស្ទិក អ៊ីពែរសូនិក ទៅលើ ទីក្រុង Dnipro របស់អ៊ុយក្រែន។
ប្រធានាធិបតី អ៊ុយក្រែន លោក ហ្សេឡេនស្គី បានចាត់ទុក ការបាញ់ មីស៊ីល របស់ រុស្ស៊ី ថា ជា ទង្វើ របស់ អ្នកជិតខាង ដ៏ឆ្កួតម្នាក់ ដែល យកដី របស់អ៊ុយក្រែន ជា កន្លែងសាកល្បង អាវុធ។ នៅថ្ងៃ សុក្រនេះ បន្ទាប់ពីឃើញ លោក ពូទីន ចេញមុខ អះអាងថា បាន ប្រើមីស៊ីល បាលីស្ទិក អ៊ីពែរសូនិក លើទីក្រុង Dnipro លោកហ្សេឡេនស្គី បានអំពាវនាវឲ្យពិភពលោក ចាត់វិធានការប្រឆាំង នឹង រុស្ស៊ី ព្រោះថា សព្វថ្ងៃនេះ គេមិនបានធ្វើអ្វីប្រឆាំង នឹង រុស្ស៊ី ដែលកាន់តែប្រើកម្លាំង យោធា វាយដណ្តើមយកទឹកដី អ៊ុយក្រែន កាន់តែច្រើនឡើងៗ៕
N.0088