សមយុទ្ធយោធាចិន
វិបត្តិសមុទ្រចិនខាងត្បូង៖ ចិនធ្វើសមយុទ្ធយោធា ដោយប្រើនាវាចម្បាំងខ្នាតធំ
ប្រឈម មុខ នឹង ស្ថានការណ៍ វិបត្តិ សមុទ្រចិនខាងត្បូងកំពុង តែបន្ត តានតឹងខ្លាំង ប្រទេស ចិន បាន បញ្ជូននាវាផ្ទុកយន្តហោះចម្បាំងខ្នាតធំរបស់ខ្លួន ដើម្បី ធ្វើសមយុទ្ធយោធា នៅសមុទ្រចិនខាងត្បូង។ ថ្មីៗ នេះ ចិនក៏បានធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំ ជា ច្រើន លើក នៅជុំវិញកោះតៃវ៉ាន់។
ទូរទស្សន៍រដ្ឋចិន CCTV ចេញផ្សាយនៅថ្ងៃព្រហស្បត៍ ទី៣១ តុលា បានឲ្យដឹងថា ការធ្វើសមយុទ្ធយោធា នៅសមុទ្រចិនខាងត្បូង គឺដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធក្នុងការប្រើប្រាស់នាវាចម្បាំងរបស់ចិន Shandong និង Liaoning។ ទូរទស្សន៍រដ្ឋចិន CCTV ដដែលនេះបានបន្តទៀតថា សមយុទ្ធនេះ ធ្វើឡើងនៅសមុទ្រលឿង និងសមុទ្រចិនខាងកើតដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទឡើយ។ តែបានបញ្ជាក់ថា សមយុទ្ធយោធានេះប្រព្រឹត្តទៅចំពេលបុណ្យជាតិនៅចន្លោះចុងខែកញ្ញា និងដើមខែតុលា។
ដោយឡែក អ្នកជំនាញផ្នែកសន្តិសុខតាមផ្លូវសមុទ្រ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា សមយុទ្ធយោធាចិន បានបង្ហាញពីការបោះជំហានទៅមុខគួរឲ្យកត់សំគាល់ ចំពោះសមត្ថភាពក្នុងការប្រើប្រាស់នាវាផ្ទុកយន្តហោះចម្បាំង និងការបាញ់គ្រាប់ពិតរបស់ចិន។ នៅខែតុលានេះ ចិនក៏បានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង Liaoning ចូលរួមសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជុំវិញកោះតៃវ៉ាន់ ហើយនេះគ្រាន់តែជាការធ្វើសមយុទ្ធឡោមព័ទ្ធកោះស្វយ័តប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា នាវា Liaoning គឺជាប្រភេទនាវាផ្ទុកយន្តហោះចម្បាំងចាស់របស់ចិន ដែលដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១២។ រីឯ នាវាផ្ទុកយន្តហោះចម្បាំង Shandong គេដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០១៩។
ជាមួយគ្នានេះ នាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ចិន មានឈ្មោះថា Fujian។ នាវាផ្ទុកយន្តហោះចម្បាំងនេះ បំពាក់ដោយប្រព័ន្ធទំនើប គ្រប់គ្រងការហោះឡើងនិងចុះចតរបស់យន្តហោះចម្បាំង ហើយក៏អាចជួយសម្រួលដល់កងទ័ពជើងអាកាសចិន ក្នុងការដឹកយន្តហោះចម្បាំងប្រភេទធន់ធ្ងន់ ដែលមានសមត្ថភាពអាចដឹកប្រេងសាំងបានច្រើន។ នេះបើយោងតាមអ្នកជំនាញនៃវិទ្យាស្ថានយុទ្ធសាស្រ្តនិងការសិក្សាអន្តរជាតិ ហៅកាត់ថា CSIS។
របាយការណ៍របស់អ្នកស្រាវជ្រាវនៃសភាអាមរិក ដែលចុះផ្សាយកាលពីខែមករា កន្លងមកនេះ បានឲ្យដឹងថា កងទ័ពជើងទឹកចិន អាចមាននាវាចម្បាំងរហូតដល់ចំនួន ៤៣៥ គ្រឿង ពីពេលនេះរហូតដល់ឆ្នាំ២០៣០។
គួររំលឹកថា នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបង្កើនការដាក់ពង្រាយកងទ័ពជើងទឹក នៅតំបន់ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងការពង្រីកដែនឥទ្ធិពលរបស់អាមេរិកនៅតំបន់នោះ៕
N.0006