លោកដូណាល់ ត្រាំសន្យា ថា ប្រជាជន នឹង បង់ពន្ធតិច ហើយ អាមេរិក នឹង មាន កងទ័ព ខ្លាំងពូកែ

7News

 លោកដូណាល់ ត្រាំសន្យា ថា ប្រជាជន នឹង បង់ពន្ធតិច ហើយ អាមេរិក នឹង មាន កងទ័ព ខ្លាំងពូកែ

បន្ទាប់ពី ឈ្នះឆ្នោត វិលត្រលប់ទៅ ដឹកនាំ អាមេរិក សាជាថ្មី លោកដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃ មកនេះ បាន ប្រកាសតែងតាំង ក្រុមមហាសេដ្ឋី និង មនុស្ស ជំនិត ស្មោះស្ម័គ្រ នឹង លោក ឲ្យ កាន់តំណែង ធំៗ របស់ ប្រទេស ដែលមាន ចាប់តាំង តំណែង រដ្ឋមន្រ្តី ការបរទេស ឬ រដ្ឋមន្រ្តីការពារជាតិ ដែល ធ្លាក់ ទៅក្នុងដៃ របស់ ពិធីករ ទូរទស្សន៍ Fox News របស់ក្រុមអភិរក្ស ស្តាំនិយមជ្រុល។ នៅ ថ្ងៃអង្គារ ដើមសប្តាហ៍នេះ មហាសេដ្ឋី អចលនទ្រព្យ លោកដូណាល់ ត្រាំ បាន ប្រកាស តែងតាំង មហាសេដ្ឋី លោក អេឡុន ម៉ាសក៍ ម្ចាស់ ក្រុមហ៊ុន អវកាសSpace X ឲ្យដឹកនាំ ក្រសួងថ្មី ដែល មាន គោលដៅ ធំបំផុត គឺធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយ ការចំណាយ របស់ រដ្ឋសហព័ន្ធ។ នៅ ថ្ងៃ ព្រហស្បតិ៍ទី ១៤ វិច្ឆិកា នៅក្នុង ពិធីជប់លៀងដ៏ធំ នៅរីស៊ត Mar-a-Lago នៅ រដ្ឋ Florida លោក ដូណាល់ ត្រាំ បាន អួតសរសើរ អនាគត រដ្ឋមន្រ្តី ដែលលោក ទើបតែងតាំង និង សន្យាធ្វើ ឲ្យ កងទ័ពអាមេរិក ខ្លាំងពូកែឡើងវិញ ព្រមទាំង បិទបញ្ចប់ សង្រ្គាម នៅ អ៊ុយក្រែន នៅ ដើមបូព៌ា។


ជាង ១សប្តាហ៍ក្រោយ ឈ្នះឆ្នោត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រៀបចំ រាត្រី សមោលសរ យ៉ាងអធិកអធមកាលពី ថ្ងៃព្រហស្បតិ៍ទី ១៤ វិច្ឆិកា នៅ Palm Beach ក្នុង រដ្ឋFlorida ដែលនៅក្នុងនោះ លោកដូណាល់ ត្រាំនិយាយ អួតសរសើរ មិនដាច់ពីមាត់ បុគ្គល ដែលលោក ទើប តែងតាំង នៅ សប្តាហ៍នេះ សម្រាប់ ដឹកនាំ ក្រសួង សំខាន់ៗ ដូចជា ក្រសួង ការពារ ជាតិ ក្រសួង ការបរទេស ក្រសួង សុខាភិបាល ហើយចុងក្រោយគឺ ក្រសួងថ្មីស្រឡាង គឺ ក្រសួង ប្រសិទ្ធិភាព រដ្ឋាភិបាល ដែល លោក ដូណាល់ ត្រាំ បាន ប្រគល់ ទៅ ឲ្យ លោក អេឡុន ម៉ាសក៍ មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន SpaceX និង ក្រុមហ៊ុន Tesla។

នៅចំពោះមុខអ្នកគោរព ស្មោះស្ម័គ្រ និងជា ពិសេស លោក Pete Hegseth ពិធីករទូរទស្សន៍ Fox News ទូរទស្សន៍ របស់ ក្រុមស្តាំនិយមជ្រុល ដែលលោកដូណាល់ ត្រាំ បាន តែងតាំង ឲ្យ កាន់កាប់ ក្រសួងការពារជាតិ លោក ដូណាល់ ត្រាំ បាន សន្យាថា នឹង ធ្វើ ឲ្យ អាមេរិក ក្លាយជា ប្រទេស ដែលមាន ពន្ធទាប និង កងទ័ព ខ្លាំងពូកែ។ លោកដូណាល់ ត្រាំ អះអាងថា រដ្ឋបាល របស់ លោកនឹង យកចិត្តទុកដាក់ លើ កងទ័ព អាមេរិក ប៉ុន្តែ លោក មិន បាន លម្អិតបន្ថែម ច្រើនជាងនេះនោះទេ។

ផ្ទុយទៅវិញ លោក បាន រិះគន់ សាជាថ្មី ការចំណាយ ដ៏ខ្ជះខ្ជាយ របស់ អាមេរិក នៅក្នុង សង្រ្គាម អាហ្វហ្កានីស្ថាន ព្រោះថា ក្នុង រយៈពេល ២០ឆ្នាំ នៃ សង្រ្គាម នៅអាហ្វហ្កានីស្ថានពី ឆ្នាំ ២០០១ ដល់ ឆ្នាំ ២០២១ អាមេរិក បាន ចំណាយ ថវិកា អស់ ១ទ្រីលាន ដុល្លារ។ ខ្ទង់ចំណាយ ត្រូវ បាន លោក ចូ បៃដិន បង្ហាញ ឲ្យ គេ ដឹង នៅពេល លោក សម្រេចចិត្ត ដកទ័ព អាមេរិក ដោយ ប្រថុចញ៉ុច បំផុត ពី អាហ្វហ្កានីស្ថាន នៅឆ្នាំ ២០២១។

លោក ដូណាល់ ត្រាំមិន បាន បង្ហាញផែនការ លម្អិត ស្តីពីការជំរុញធ្វើឲ្យ កងទ័ព ខ្លាំងពូកែអស្ចារ្យ លើលោក ប៉ុន្តែ អ្នកជំនាញ វាយតម្លៃថា នៅក្នុង អាណត្តិ របស់ លោកដូណាល់ ត្រាំ វិស័យ កងទ័ព នឹង អាចប្រឈម នឹង នយោបាយ រឹតត្បិត ថវិកា ជាងមុន។

គេ ហ៊ាន អះអាងដូច្នេះ ព្រោះថា លោក ដូណាល់ ត្រាំ ទើបបាន តែងតាំង មហាសេដ្ឋី អេឡុន ម៉ាសក៍ ប្រធាន ក្រុមហ៊ុន Space X និង ក្រុមហ៊ុន Tesla ឲ្យ ដឹកនាំ ក្រសួង ប្រសិទ្ធិភាពរដ្ឋាភិបាល (Doge)។ ក្រសួង មួយនេះ ដែលមានមុខងារ ដូច អាជ្ញាធរ សវនកម្ម មាន បេសកកម្ម ធំបំផុត គឺ កាត់តម្រឹម បន្ថយ ការចំណាយ របស់ រដ្ឋសហព័ន្ធ ឲ្យ បាន ២ទ្រីលាន ដែលលោកដូណាល់ ត្រាំ ចាត់ទុកថា ជា ការចាយខ្ជះខ្ជាយ អនុវត្ត ដោយ រដ្ឋបាល អាមេរិកកន្លងមក (ក្នុង ចំណោម ថវិការដ្ឋ សរុប ៦,៥ទ្រីលាន ដុល្លារ)។

ដោយសារ តែ នយោបាយ កាត់បន្ថយ ការចំណាយ របស់រដ្ឋ សហព័ន្ធ គេជឿថា តំណែង មុខងារ ជាច្រើន នៅក្នុង ក្រសួងការពារជាតិ មន្ទីរបញ្ចកោណ នឹង ត្រូវ គេ លុបចោល នៅក្នុងអាណត្តិ របស់ លោកដូណាល់ ត្រាំ។ ឆ្លើយ នឹង សំណួរ របស់ អ្នកកាសែត ទាក់ទង នឹង ការប្រឈម ខាងលើនេះ អ្នកនាំពាក្យ រង របស់ ក្រសួងការពារ ជាតិ អាមេរិក សព្វថ្ងៃ បញ្ជាក់ ថា រឿងនេះ អាច ទៅរួច ព្រោះថា ចាប់តាំង ពី ឆ្នាំ ២០២៣ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សាធារណរដ្ឋ របស់ លោកដូណាល់ ត្រាំ បាន រាំងខ្ទប់ មិន ឲ្យ គេអាច តែងតាំង អ្នកទទួលខុសត្រូវយោធា ប្រមាណ ៤២៥នាក់។ កន្លែង ការងារ របស់ ឧត្តមសេនីយ៍ និង មន្រ្តី យោធាជាន់ខ្ពស់ ជាច្រើន ត្រូវបាន គេទុក ឲ្យ ទំនេរចោល។ ដោយសារ តែ គ្មានអ្នកទទួលខុសត្រូវ ធ្វើការ មនុស្សជាច្រើន នាក់ ត្រូវ ទទួលបន្ទុក កាន់ការងារតែ ម្នាក់ឯង ពី២ ទៅ ៣ ដែលជាហេតុធ្វើ ឲ្យ ការចាត់ចែង មិនសូវមាន ប្រសិទ្ធិភាព ប៉ះពាល់ ដល់ ប្រតិបត្តិការកងទ័ព ប៉ះពាល់ ដល់ទឹកចិត្ត របស់ កងទ័ព និង ក្រសួងការពារជាតិផ្ទាល់តែម្តង។ នេះបើតាមលោកស្រី Sabrina Singh អ្នកនាំពាក្យ រង របស់ មន្ទីរបញ្ចកោណ។

គេ មិន ដឹងថា តើ យុទ្ធនាការ កាត់បន្ថយ ចំណាយ មិន ចាំបាច់ ដែល លោកអេឡុន ម៉ាសក៍ បាន ទទួលឯកសិទ្ធិ ពី លោកដូណាល់ ត្រាំ នឹង អាច ទៅប៉ះពាល់ ដល់ ដំណើការងារ គ្រប់គ្រង របស់ អនាគត រដ្ឋមន្រ្តី របស់ ក្រសួងការពារ ថ្មីដែរឬទេ។ នៅ សប្តាហ៍នេះ លោក ដូណាល់ ត្រាំ បាន តែងតាំង លោក Pete Hegseth  ឲ្យ ដឹកនាំ ក្រសួងការពារជាតិ។ បើសិនជា បាន ការបញ្ជាក់ បោះឆ្នោត ពីព្រឹទ្ធសភា នៅ ដើមឆ្នាំក្រោយ នោះ ពិធីករ ទូរទស្សន៍ របស់ ក្រុមស្តាំនិយមជ្រុល Fox News ដែលគាំទ្រ លោកដូណាល់ ត្រាំតាំងពីដើមទី លោក Pete Hegseth អាយុ ៤៤ឆ្នាំ នឹង ដឹកនាំបញ្ជាកងទ័ពអាមេរិក ប្រមាណ ៣លាន ៤សែននាក់ និង ជាអ្នកសម្រេច កញ្ចប់ថវិកាការពារ ជាតិ ប្រចាំឆ្នាំ ដែលមានប្រមាណ ៨៥០លានដុល្លារ៕


N.0064

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top