លោក ពូទីន និង លោក ត្រាំ គ្រោងតភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ
ថ្ងៃព្រហស្បតិ៍ ទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង ប្រធាធិបតីអាមេរិកអាណត្តិថ្មី លោក ដូណាល់ ត្រាំ បានបញ្ចេញសញ្ញាឲ្យឃើញព្រមៗគ្នាថា មេដឹកនាំទាំងពីរ ចង់តភ្ជាប់ទំនាក់ទំនង រវាងគ្នាឡើងវិញ ក្រោយជ័យជំនះរបស់លោក ត្រាំ ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ។
លោក ពូទីន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្ងើចសរសើរ ចំពោះអាកប្បកិរិយា ក្លាហាន មិនតក់ស្លុតរបស់ លោក ត្រាំ ក្រោយទង្វើប៉ុនប៉ងធ្វើឃាតមកលើរូបលោក ក្នុងសម័យឃោសនាបោះឆ្នោត ក្នុងខែកក្កដា កន្លងទៅ។ ប្រធានាធិបតី រុស្ស៊ី បន្ថែមថា ឥរិយាបថខាងលើនេះ សឲ្យឃើញថា លោក ត្រាំ សមជាបរុសពិតប្រាកដ។
មួយវិញទៀត ចំពោះលោក ពូទីន មនុស្សគ្រប់គ្នា គួរស្តាប់ និង ពិចារណា លើសំដីរបស់លោកត្រាំ ដែលបានថ្លែង អំពីបញ្ហាសង្គ្រាមនៅ អ៊ុយក្រែន និង ការចង់ផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយប្រទេសរុស្ស៊ី។ ជុំវិញសំណុំរឿងនេះ លោក ត្រាំ បានអះអាងថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រឹមរយៈពេល ២៤ ម៉ោង ប្រសិនបើលោកឈ្នះឆ្នោត។ តែយ៉ាងណា ប្រធានាធិបតីអាមេរិកអាណត្តិថ្មីរូបនេះ ពុំបានលម្អិតថា តើលោកនឹងអាចសម្រេចកម្មវត្ថុខាងលើ តាមវិធីណាឡើយ។
សូមរំឭកឡើងវិញថា មុនការបោះឆ្នោតអាមេរិក លោកពូទីន ធ្លាប់បានប្រកាសជាសាធារណៈថា លោកចង់ឃើញ លោក ចូ បៃដិន ហើយក្រោយមកទៀត លោកស្រី ខាម៉ាឡា ហារីស ឡើងកាន់តំណែងនៅសេតវិមាន ព្រោះលោក យល់ថាប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ មានគោលជំហរនឹងនរ ពោលគឺមិនផ្លាស់ប្តូរចិត្តភ្លាមៗ ដូចលោក ត្រាំ មកពីបក្សសាធារណរដ្ឋ ដែលអាចធ្វើឲ្យម៉ូស្គូស្ទង់ចិត្តមិនត្រូវ។
N.0035