លោក ដូណាល់ ត្រាំ ប្រជុំ គណៈ រដ្ឋមន្ត្រីត្រៀមសម្រាប់ ដឹកនាំអាណត្តិ ថ្មី
១ថ្ងៃក្រោយ ជ័យ ជម្នះ, លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិកជាប់ ឆ្នោត ថ្មី ប្រញាប់រួសរាន់ ជួបប្រជុំ បុគ្គល សំខាន់ៗ ដើម្បី រៀបចំ សមាសភាព រដ្ឋបាល ដឹកនាំ អាណត្តិ ថ្មី ។ សមាជិក គណៈ រដ្ឋមន្ត្រី ថ្មី អាច នឹង មាន ឥស្សរជន ជា អ្នកនយោបាយ ជើង ចាស់ ដែល គេ ស្គាល់ ឈ្មោះស្រាប់ នៅក្នុងអាណត្តិ ដឹកនាំ របស់ លោក ត្រាំ កាល ពីមុន តែក៏មាន អ្នកថ្មី ស្រឡាងដែរ ។ អ្វីដែល គួរ ឲ្យ ភ្ញាក់ផ្អើលខ្លាំង គឺ មហាសេដ្ឋី Elon Musk អាច នឹង ចូលរួម ក្នុង ក្រុម អ្នក ដឹកនាំ ហើយ តួនាទី នាយកខុទ្ទកាល័យ ប្រធានាធិបតី អាច នឹងត្រូវ ដឹកនាំ ដោយ មនុស្សស្រី។
ប្រធានាធិបតីអាមេរិកជាប់ ឆ្នោត ថ្មី លោក ដូណាល់ ត្រាំ ធ្វើ អធិបតី កិច្ចប្រជុំ រៀបចំ រដ្ឋបាល ដឹកនាំថ្មី ពីថ្ងៃព្រហស្បតិ៍ បាន សម្រេច តែងតាំង លោកស្រី Susie Wiles ឲ្យធ្វើជា នាយិកា ខុទ្ទកាល័យប្រធានាធិបតី សម្រាប់ អាណត្តិ ថ្មី។ នេះជាមុខ តំណែង យុទ្ធសាស្ត្រ ខ្លាំងសម្បើម ណាស់ នៅ សេតវិមាន អាមេរិក ហើយ លោកស្រី ជា មនុស្ស ស្រី ទី១ ដំបូង គេ ដែល កាន់ តួនាទី ដ៏ សំខាន់ ដូច្នេះ ។ នេះបើតាម ការ បញ្ជាក់ របស់ លោក ត្រាំ ដោយ បានថ្លែង កោត សរសើរទៀតថា លោកស្រី Susie Wiles ជា មនុស្ស មា នវិន័យ តឹងតែង ឆ្លាត ឈ្លាស វៃ មាន គំនិត ច្នៃប្រឌិត ខ្ពស់ ហើយ ទទួល ការ គោរព កោតសរសើរ ពីគ្រប់ មជ្ឈដ្ឋានទូទៅ។ លោក ស្រី ឈ្មោះ ដើម ថា Susan Summerall Wiles ជាបុគ្គល សំខាន់ម្នាក់ ដែល ជ្រោម ជ្រែង ដំណើរ ការ យុទ្ធនាការ បោះឆ្នោត ឲ្យ លោក ត្រាំ និងជួយ លោក ត្រាំ ឲ្យឈ្នះ ឆ្នោត ទាំង អាណត្តិ មុន និង អាណត្តិ នេះ ទៀត។
បុគ្គល់ សំខាន់ ម្នាក់ទៀត ដែល ធ្វើ ឲ្យ ភ្ញាក់ ផ្អើល គឺ មហាសេដ្ឋី Elon Musk ជា ម្ចាស់ ក្រុមហ៊ុនអាវកាស SpaceX, ក្រុមហ៊ុន ឡាន Tesla និង ក្រុមហ៊ុន បណ្តាញសង្គម X។ មហាសេដ្ឋីប្រាក់ ពាន់ លាន រូបនេះ បានវិនិយោគទុន សម្បើម ណាស់ ក្នុង យុទ្ធនាការ បោះឆ្នោត របស់លោក ត្រាំ ដោយ បាន ឧបត្ថម្ភលុយជាង ១០០ លាន ដុល្លារ ព្រមទាំង បាន ជះលុយ ចាប់ រង្វាន់ ១លាន ដុល្លារ រៀលថ្ងៃ ដល់ អ្នក គាំទ្រ លោក ត្រាំ នៅប៉ុន្មាន សប្តាហ៍ មុន ថ្ងៃ បោះ ឆ្នោត ។ លោក Elon Musk ដែល ត្រូវ លោក ត្រាំ ចាត់ទុក ថា ជាបុគ្គល មាន បញ្ញាឈ្លាសវៃខ្លាំង ក៏ នឹងត្រូវ ចូលរួម ក្នុងរដ្ឋបាល ដឹកនាំ អាណត្តិ ថ្មីដែរ។ លោក សេដ្ឋី គឺអាច នឹង ត្រូវ កាន់កាប់ អាជ្ញាធរ សវនកម្ម។ នេះ ជា ស្ថាប័ន ថ្មី កម្រិត ថ្នាក់ សហព័ន្ធ ដែល អាច នឹងមាន តួនាទី ត្រួត ពិនិត្យ ចុះធ្វើអធិការ កិច្ច ប្រសិទ្ធិភាព រដ្ឋាភិបាល និង រៀបចំ កែទម្រង់ ។
ក្រៅពី មនុស្ស សំខាន់ ២នេះ បណ្តា សារព័ត៌មាន អាមេរិក បាន ចុចឈ្មោះ អ្នកនយោបាយ ជើងចាស់ និងមហា សេដ្ឋីផ្សេងៗទៀត ដែល អាច នឹង ត្រូវ កាន់ ក្រសួង សំខាន់ៗ ។ ជាក់ស្តែង រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ តួនាទី ដ៏ រស៊ើប ខ្លាំង ព្រោះ លោក ដូណាល់ ត្រាំ ជាប់ វ៉ាក់វិន នឹង សំណុំ រឿង បទល្មើស ព្រហ្មទណ្ឌ យ៉ាង ៤ ឯណោះ។ កាសែត អាមេរិក The Washington Post លើកឡើង ថា កៅអី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ អាច នឹង ធ្លាក់ទៅលើ សមាជិក ព្រឹទ្ធសភាមកពី រដ្ឋ Utah លោក Mike Lee ឬលោក Eric Schmitt មកពី រដ្ឋ មីស្សូរី។
ដោយឡែក តួនាទី រដ្ឋមន្ត្រី ក្រសួង ការបរទេស ជា តំណែង សំខាន់ ក្នុង បរិបទ សង្គ្រាម ពិភពលោក សព្វថ្ងៃ នេះ ។ លោក Richard Grenell ត្រូវ គេ រំពឹង ជាច្រើន ខែមកហើយ ថា អាច កាន់ប្រមុខការទូត ថ្មី។ ដ្បិតថាលោក មាន បទ ពិសោធ ចាស់ឆ្នាំ ធ្លាប់ ធ្វើជារដ្ឋទូត នៅអាល្លឺម៉ង់ និង បេសជនពិសេស ក្នុង ជម្លោះ កូសូវូនិងស៊ែរប៊ី។ បើមិនធ្វើជាប្រមុខ ការទូត ក៏ បុគ្គលនេះ អាច នឹងជា ទីប្រឹក្សា សន្តិសុខ ជាតិ ។ នេះបើតាម ទូរទស្សន៍ CNN ដោយ លើកឡើង អ្នកប្រកួត ប្រជែង ម្នាក់ទៀត គឺ ព្រឹទ្ធសភា Florida លោក Marco Rubio។
តួនាទី រដ្ឋមន្ត្រីការពារជាតិ ទំនង ជា អាច បានទៅលើលោក Mike Pompeo ដែល គេស្គាល់ ស្រាប់ ថា ជា អតីត រដ្ឋមន្ត្រី ការបរទេស របស់ លោក ត្រាំ អាណត្តិ មុន និងជា អតីតប្រធាន ទីភ្នាក់ងារ ស៊ើប ការ ណ៍ សម្ងាត់ CIA ។ ចំណែក កៅអី ប្រធាន CIA ទំនង ជា អាច បានទៅលើ លោក John Ratchliffe ជា អតី ត សមាជិក សភា ដ៏ អភិរក្សនិយម ខ្លាំង។
ក្រសួងហិរញ្ញវត្ថុ មាន មហាសេដ្ឋី ប្រាក់ ពាន់លាន ២ នាក់ កំពុង ប្រកួត ប្រជែងគ្នា។ នេះបើតាម ប្រព័ន្ធ ផ្សព្វ ផ្សាយ CNBC ដោយលើកឡើង ថា លោក Scott Bessent ជា ទីប្រឹក្សា សេដ្ឋកិច្ច របស់ លោក ត្រាំ ហើយ ជាមនុស្ស ដែល គាំទ្រ យ៉ាង ពេញទំហឹង នយោបាយ បញ្ចុះពន្ធ ចំពោះ សេដ្ឋីៗ អ្នក មាន ហើយ និងគាំទ្រ ឲ្យ ដាក់ ពន្ធ ធ្ងន់ ចំពោះ ទំនិញ បរទេស។ ម្នាក់ទៀត គឺលោកសេដ្ឋី John Paulson ម្ចាស់ ក្រុមហ៊ុន វិនិយោគទុន Paulson & Co.,។
អ្នក នយោបាយ ចាស់ វស្សា លោក Robert F. Kennedy J. ជាមនុស្ស ប្រឆាំង នឹង ការ ចាក់វ៉ាក់សាំង បង្ការជំងឺ អាច មាន ឱកាស ធ្វើ ជា រដ្ឋមន្ត្រី ក្រសួង សុខាភិបាល។ លោក ជា ក្មួយ របស់ អតីត ប្រធានាធិបតី John F. Kennedy ដែលត្រូ វ គេ ធ្វើឃាត ដែល បាន ចងសម្ព័ន្ធ ចុះ ចូល នឹង លោក ត្រាំ។ នេះតាម ទូរទស្សរន៍ CNBC។
បើតាម ទីប្រឹក្សា ប្រធានាធិបតី ជាប់ ឆ្នោត ថ្មី លោក Jason Miler, បញ្ជី ឈ្មោះ សមាភាព ជាក់ច្បាស់ ផ្លូវការ និង លម្អិត អាច នឹង ត្រូវ បង្ហាញផ្សព្វផ្សាយ ឲ្យដឹង នៅ ប៉ុន្មាន សប្តាហ៍ ខាងមុខ ៕
N.0034