ចុះផ្សាយ នៅ ថ្ងៃ៖ 06/11/2024
អ៊ីស្រាអែល-តួកគី
អ៊ីស្រាអែលចោទតួកគីពីបទបង្ករឿង ដោយបានរួមជាមួយនឹង ៥០ប្រទេស ឲ្យបញ្ឈប់លក់អាវុធឲ្យអ៊ីស្រាអែល
អ៊ីស្រាអែលបានចោទតួកគី ថាជាអ្នកបង្ករឿង ដែលបានផ្តួចផ្តើមគំនិតផ្ញើសំបុត្ររួមគ្នាជាមួយ ប្រមាណជា ៥០ប្រទេសផ្សេងទៀត ទៅអង្គការសហប្រជាជាតិ។ នៅក្នុងលិខិត តួកគីបានទាមទារ ឲ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល។ នេះបើយោងតាមការលើកឡើងរបស់ឯកអគ្គរាជទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី០៤ វិច្ឆិកា។
លោក Danny Danon ឯកអគ្គរាជទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថាទង្វើរបស់ទួរគី និងប្រមាណ៥០ប្រទេសផ្សេងទៀត ដែលជាសមាជិកអង្គការសហប្រជាជាតិ គឺមានបំណងចង់បង្កជម្លោះ។ ការលើកឡើងរបស់លោក Danny Danon គឺចង់សំដៅទៅលើប្រទេសអារ៉ាប់ ដែលបានគាំទ្រការផ្តួតផ្តើមគំនិតរបស់តួកគី ចំពោះការទាមទារឲ្យប្រទេសសមាជិកអង្គការសហប្រជាជាតិ បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល។ តាមឯកអគ្គរាជទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិដដែលរូបនេះ ទង្វើរបស់ក្រុមប្រទេសសភាវៈអាក្រក់ទាំងនោះ ប្រឆាំងនឹងអ៊ីស្រាអែលនៅលើឆាកអន្តរជាតិ គឺជាសកម្មភាពគួរឲ្យអស់សំណើច ហើយមិនមែនជាប្រទេសសេរី ដែលឲ្យតម្លៃលើយុត្តិធម៌និងសីលធម៌។
លោក Danny Danon ក៏បានលើកឡើង ថាអ៊ីស្រាអែលនឹងបន្តប្រយុទ្ធ ដើម្បីប្រយោជន៍របស់រដ្ឋអ៊ីស្រាអែល ដោយប្រឈមមុខទាំងការវាយប្រហារផ្នែកនយោបាយ និងយោធា។ ដោយឡែក លោករដ្ឋមន្ត្រីការបរទេសតួកគី Hakan Fidan បានប្រកាសកាលពីថ្ងៃអាទិត្យ ទី០៣ វិច្ឆិកា ថាតួកគីបានផ្ញើសំបុត្រមួយទៅអង្គការសហប្រាជាប្រជាជាតិ ដោយមាន ៥២ប្រទេស បានចុះហត្ថលេខារួមគ្នា ទាមទាមឲ្យបឈ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល។ ប្រទេសសមាជិកអង្គការសហប្រជាជាតិ ទាំង៥២ ប្រទេស រួមមាន ប្រេស៊ីល អាល់ហ្សេរី ចិន អ៊ីរ៉ង់ និងរុស្ស៊ី ព្រមទាំងអង្គការ ចំនួន២ ផ្សេងទៀត ជាអាទិ៍ សម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម។
រីឯ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឲ្យដឹង ថានៅក្នុងសំបុត្រនោះ ពិតជាមានហត្ថលេខារួមគ្នា ដោយអំពាវនាវឲ្យបញ្ឈប់ការបញ្ជូន និងផ្គត់ផ្គង់គ្រឿងសព្វាអាវុធទាំងអស់ដល់អ៊ីស្រាអែល ពីព្រោះគេសង្ស័យថា អ៊ីស្រាអែលយកអាវុធទាំងនោះទៅប្រើប្រាស់ក្នុងការវាយប្រហារនៅដែនដីប៉ាឡេស្ទីន។ ទោះជាសំបុត្រនោះបានផ្ញើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមហាសន្និបាទអង្គការសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្តិសុខក៏ដោយ ក៏ខ្លឹមសារក្នុងសំបុត្រនោះ បានបញ្ជាក់ពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ។ ដោយឡែក អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានឆ្លើយ ថាលោកមិនបានឃើញសំបុត្រនោះឡើយ និងថា បើសំបុត្រនោះ បានអំពាវទៅកាន់ប្រទេសសមាជិកអង្គការសហប្រជាជាតិ គឺប្រទេសសមាជិក ជាអ្នកឆ្លើយតប។
N.0021