តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ចេញ ដីកា ចាប់ខ្លួន លោក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ

7News

 តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ចេញ ដីកា ចាប់ខ្លួន លោក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ

តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានចេញដីកា តាមចាប់ខ្លួន លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ និងលោក អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល យ៉ោវ ហ្កាឡន់ត៍ ដោយ ចោទ ពី បទ ឧក្រិដកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ រដ្ឋាភិបាល អ៊ីស្រាអែល បានច្រានចោលភ្លាម នូវដីកានេះ ដោយចាត់ទុកថាតុលាការព្រហ្មទណ្ឌអន្តរជាតិ លែងមាន ន័យអ្វីទៀតហើយ ។ នៅក្នុងដីកាមួយដាច់ដោយឡែក តុលាការ ក្រុងឡាអេ ក៏បានប្រកាសតាមចាប់ខ្លួន មេក្លោធំម្នាក់ របស់ក្រុមហាម៉ាស ឈ្មោះ ម៉ូហាម៉េដ ឌីហ្វ ពីបទឧក្រិដ្ឋ ដូចគ្នា ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២១វិច្ឆិកា តុលាការ ព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បាន ចេញសេចក្តី ប្រកាស បញ្ជាក់ថាតុលាការបាន ចេញដីកា តាមចាប់ខ្លួន លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ និ ងលោក អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល យ៉ោវ ហ្កាឡន់ត៍ ។ អ្នកទាំងពី រ ត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិ ចោទពី បទ “ឧក្រិដ្ឋកម្មសង្គ្រាម” និង “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ” ប្រព្រឹត្តនៅរវាងពី ថ្ងៃទី ៨តុលា២០២៣ យ៉ាងហោច រហូតដល់ ថ្ងៃទី ២០ ឧសភា២០២៤ ថ្ងៃដែល ពាក្យបណ្តឹងបានទៅដល់ ដៃតុលាការ។

នៅក្នុង ដីកាមួយទៀតដាច់ដោយឡែក តុលាការព្រហ្មទណ្ឌអន្តរជាតិ បាន ប្រកាសចាប់ខ្លួន មេក្លោងធំម្នាក់ របស់ក្រុមហាម៉ាស ឈ្មោះ ម៉ូហាម៉េដ ឌី វ ពីបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” និង “ឧក្រិដ្ឋកម្មសង្គ្រាម ” ដែល បានប្រព្រឹត្តធ្វើទៅនៅលើទឹកដីអ៊ីស្រាអែល និង ប៉ាឡេស្ទីន ចាប់ពីថ្ងៃទី ៧តុលា ២០២៣។

លិខិត ប្រកាសរបស់ តុលាការ ក្រុងឡាអាបាន ឲ្យ ដឹងផងដែរថាតាមពិត ដីកា តាមចាប់ខ្លួនទាំង ២នេះ គឺជាដីកាសម្ងាត់ ។ ក៏ប៉ុន្តែដើម្បីគោរព ទៅដល់អត្ថប្រយោជន៍ របស់ជនរងគ្រោះ និង ក្រុមគ្រួសារទាំងអស់ តុលាការបានសម្រេចចិត្ត ប្រកាសដំណឹងនេះ ឲ្យ មហាជនបានដឹងឮ។

គួរបញ្ជាក់ថា កាលពី ខែ ឧសភា លោកការីម ខាន់ អគ្គរដ្ឋអាជ្ញាតុលាព្រហ្មទណ្ឌអន្តរជាតិបានស្នើសុំឲ្យតុលាការចេញដីកាតាមចាប់មេក្លោងធំរបស់ ក្រុមហាម៉ាសជាច្រើននាក់ ក្នុងនោះមាន ម៉ូហាម៉េដ ឌី វ  អ៊ីស្មាយ អានីយេហ និង យ៉ាហយ៉ា ស៊ីនូអារ។ ក៏ប៉ុន្តែ បន្ទាប់ពី ក្រុមហាម៉ាសបានអះអាងថា អ៊ីស្មាយ អានីយេហ និង យ៉ាហយ៉ា ស៊ីនូអារត្រូវបានកងទ័ពអ៊ីស្រាអែលសម្លាប់ តុលាការក្រុងឡាអេ ក៏បោះបង់ដីកាចាប់ខ្លួនវិញ ទុកតែដីកាចាប់ ម៉ូហាម៉េដ ឌី វ តែម្នាក់ ប៉ុណ្ណោះ ។ ដោយ ឡែក កងទ័ពអ៊ីស្រាអែល បានអះអាងថា ម៉ូហាម៉េដ ឌី វ បានស្លាប់ ហើយ ក្នុងការវាយប្រហារមួយនៅថ្ងៃទី ១៣កក្កដា តែរហូតមកទល់ពេលនេះ ក្រុមហាម៉ាសនៅ តែមិនទាន់ ប្រកាស បញ្ជាក់ទេ ។

ប្រតិកម្មទៅនឹងដីកានេះ រដ្ឋាភិបាល អ៊ីស្រាអែល បាន ចេញសេចក្តីប្រកាស ច្រានចោលទាំងស្រុងនូវដីការចាប់ខ្លួន លោកនេតាន់យ៉ាហ៊ូ និងលោក យ៉ោវ ហ្កាឡន់ត៍ ដោយ បានចាត់ទុកថា តុលាការព្រហ្មទណ្ឌអន្តរជាតិបានបាត់បង់ទាំងស្រុងនូវភាពស្របច្បាប់ ហើយ ជាមួយ នឹងដីកាដែលគ្មានន័យខ្លឹមសារនេះ ។ លោក នាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូវិញ បានប្រតិកម្ម ប្រៀបប្រដូចដីកានេះ ទៅ នឹងសំណុំរឿង Dreyfus និងចាត់ទុកតុលាការព្រហ្មទណ្ឌអន្តរជាតិថាមានចរិកលក្ខណៈស្អប់ខ្ពើមរើសអើងមកលើជនជាតិជ្វីហ្វ ។
គួរកត់សំគាល់ថា ទោះតុលាការក្រុងឡាអេគ្មានកម្លាំងសមត្ថកិច្ចឯណា ទៅតាមចាប់ខ្លួនជនជាប់ចោទ មែន តែ ដីកា ចាប់ខ្លួន នេះ នឹង រំខានយ៉ាងខ្លាំង ទៅ ដល់ ការធ្វើដំណើរចុះឡើងរបស់នេតាន់យ៉ាហ៊ូ។ មានន័យ ថា ប្រទេសសមាជិករបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ទាំង ១២៤ប្រទេស អាចសម្រេចចាប់ខ្លួនរូបលោក បញ្ជូន ទៅកាន់ក្រុងឡាអេ បាន ។ យ៉ាង ណាមិញ លោក ប្រមុខការទូតអឺរ៉ុប Josep Borell បានថ្លែងពីទីក្រុងអាំម៉ាន់ មក ថា ដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺគេត្រូវតែគោរព ។ ដោយឡែក ពីសហរដ្ឋ អាមេរិក វិញ អ្នកនាំពាក្យសេតវិមាន បានប្រតិកម្ម ច្រានចោលដីកានេះ ដោយចាត់ទុកវាថាជាការភ័ន្តច្រឡំធំ ហើយថាតុលាការព្រហ្មទណ្ឌអន្តរជាតិ ពុំមានអំណាចយុត្តាធិការ កាច់សេចក្តីសំណុំរឿងនេះ ទេ។ ចំណែក រដ្ឋាភិបាលអាហ្សង់ទីនវិញ បានរិះគន់ថាតុលាការ ព្រហ្មទណ្ឌអន្តរជាតិ ភ្លេចគិត ហើយ ថាអ៊ីស្រាអែល មានសិទ្ធិការពារខ្លួន ព្រោះអ៊ីស្រាអែល បានរងនូវ ការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ របស់ពួកហាម៉ាសនៅថ្ងៃទី ៧តុលា ។
សូមបញ្ជាក់ថា សង្គ្រាម នៅហ្កាហ្សាដែលបានផ្ទុះឡើងក្រោយថ្ងៃទី ៧តុលា២០២៣ បាន ផ្តាច់ជីវិត មនុស្សចំនួន ប្រមាណ ៤៤០៥៦នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាជនស៊ីវីលប៉ាឡេស្ទីន។ ក្រៅពីមនុស្សស្លាប់ នៅមាន មនុស្សរបួស យ៉ាងហោច ១០៤២៦៨នាក់ទៀតនៅហ្កាហ្សា៕

N.0083

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top