សមុទ្រចិនខាងត្បូង៖ ចិនបញ្ជូនកងកម្លាំងទ័ពទៅកាន់តំបន់ជម្លោះដែនទឹកជាមួយហ្វីលីពីន
កងទ័ពចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះពីការបញ្ជូនកម្លាំងទ័ពទៅល្បាតក្បែរតំបន់ដែនទឹកជម្លោះ ស្កាបូរ៉ូត នៅសមុទ្រចិនខាងត្បូងដែលចិន និងហ្វីលីពីនបានប្រឈមមុខ និងប៉ះទង្គិចគ្នាជាច្រើនលើក ដោយបានទាមទារជាតំបន់កម្មសិទ្ធិផ្តាច់មុខរៀងៗខ្លួន។ ក្រុងប៉េកាំងបានអះអាងថា ការចេញល្បាតនេះគឺដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកា កងទ័ពចិនបានប្រាប់ពីដាក់ពង្រាយកងទ័ពជើងអាកាស និងជើងទឹកនៅជុំវិញតំបន់ប្រជុំកូនកោះថ្មប៉ប្រះទឹក ស្កាបូរ៉ូត (ជាភាសាហ្វីលីពីន ឬហួងយ៉ាន ជាភាសាចិន) ដើម្បីចេញល្បាតត្រៀមប្រយុទ្ធតាមផ្លូវអាកាស និងផ្លូវទឹក។ សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតតថា ការចេញល្បាតរបៀបនេះត្រូវបានពង្រឹងតាំងពីដើមខែវិច្ឆិកាដើម្បីពង្រឹងការគ្រប់គ្រងតំបន់ និងការពារដាច់ខាតនូវបូរណភាពទឹកដី និងសន្តិសុខជាតិ។ គួរបញ្ជាក់ថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពតានតឹងរវាងចិន និងហ្វីលីពីនក្នុងសំណុំរឿងមួយនេះបានឡើងដល់កម្រិតកំពូល។
ភាពប្រទូស្រ្តាយមួយនេះបានបង្កឲ្យមានក្តីបារម្ភពីការផ្ទុះសង្រ្គាមជាយថាហេតុរវាងចិន និងហ្វីលីពីន ហើយវានឹងអាចឲ្យអាមេរិកចូលខ្លួនអន្តរាគមន៍ជួយហ្វីលីពីន។ ការដែលអាមេរិកត្រូវជួយហ្វីលីពីនក៏ដោយសារក្រុងម៉ានីល និងក្រុងវ៉ាស៊ីនតោនមានសន្ធិសញ្ញាការពារជាតិរវាងគ្នាដែលបានចុះហត្ថលេខាតាំងពីឆ្នាំ ១៩៥១។ នៅក្នុងន័យនេះ ចិនបានចោទអាមេរិកពីបទបានគាំទ្របណ្តារដ្ឋដែលជាគូប្រជែងចិនដើម្បីប្រឆាំងនឹងកំណើនឥទ្ធិពលរបស់ចិន។ ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃនាថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោកវូ ជាំងបានលើកឡើងពីកំណើនភាពតានតឹងផ្លូវសមុទ្ររវាថចិន និងហ្វីលីពីន។
តាមលោកវូ ជាំង ដើមចមនៃភាពតានតឹង គឺហ្វីលីពីនជាអ្នកឧស្សហ៍បង្កឡើងនៅក្នុងសមុទ្រដែលធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីរបស់ចិន និងថា អ្វីដែលហ្វីលីពីនបានធ្វើគឺមានគោលដៅទទួលបានការគាំទ្រពីកម្លាំងបរទេស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅចុងបញ្ចប់ អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះដដែលបានព្រមានថា ចិននឹងបន្តចាត់វិធានការចាំបាច់ ដើម្បីប្រឆាំងនឹងគ្រប់ការបង្ករឿងទាំងអស់។ គួររម្លឹកថា ចិនតែងតែពង្រាយនាវាចម្បាំង និងទ័ពជើងទឹក រួមទាំងកងឆ្មាំសមុទ្រ ដើម្បីប្រឆាំងនឹងវត្តមានកម្លាំងឆ្នាំសមុទ្រហ្វីលីពីន នៅក្បែរទីប្រជុំកោះមួយចំនួននៅក្នុងសមុទ្រចិនខាងត្បូង៕
Nº.0117