រដ្ឋមន្រ្តីការពារជាតិចិនដែលទើបឡើងកាន់តំណែងទំនងជាប់សង្ស័យរឿងពុករលួយ?
តាមការចុះផ្សាយរបស់កាសែត The Financial Times នៅថ្ងៃពុធ ទី២៧ វិច្ឆិកាបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចិនកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយដូចករណីអតីតរដ្ឋមន្រ្តីការពារជាតិមុនៗ។ តែចិន តាមរយៈអ្នកនាំពាក្យក្រសួងបរទេសបានច្រានចោលលើព័ត៌មានមួយនេះ។
កាសែត The Financial Times ដែលបានដកស្រង់សម្តីអ្នកទទួលខុសត្រូវអាមេរិកជាច្រើនរូបបានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិចិនដែលទើបចូលកាន់តំណែងថ្មីថ្មោង លោក តុង ជុនកំពុងស្ថិតក្រោមការស៊ើបអង្កេតក្នុងរឿងអំពើពុករលួយ។ ប្រសិនរឿងនេះជាការពិតមែន លោក តុង ជុន គឺជារដ្ឋមន្រ្តីការពារជាតិចិនទី៣ ដែលត្រូវជាប់ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។ តែព័ត៌មានចុះផ្សាយដោយកាសែត The Financial Times មួយនេះត្រូវបានចិន តាមរយៈអ្នកនាំពាក្យក្រសួងបរទេសលោកស្រីម៉ៅ នីងច្រានចោល។ ទន្ទឹមគ្នានេះ លោកស្រីក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធនឹងរឿងនេះឡើយ។
គួរបញ្ជាក់ថា លោក តុង ជុនដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកចិនត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែធ្នូ ឆ្នាំ ២០២៣ ជំនួសលោក លី ស្ហាំងហ្វូ ដែលត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗបន្ទាប់ពីលោកចូលកាន់តំណែងបាន ៧ខែ។ បន្ទាប់មក និងបើតាមទូរទស្សន៍រដ្ឋចិន CCTV លោកលី ស្ហាំងហ្វូក៏ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តចិនដោយជាប់សង្ស័យក្នុងសំណុំរឿងពុករលួយ និងបានជាប់ចោទពីបទបានទទួលសំណូកជាលុយកាក់យ៉ាងច្រើនសម្បើម។ ចំណែកលោក វ៉េ ហ្វឹងហ្គឺដែលបានឡើងកន្លែងមុនលោកលី ស្ហាំងហ្វូក៏បានជាប់ចោទក្នុងរឿងអាស្រូវពុករលួយ និងត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តដូចគ្នា។
គួររំលឹកថា ចាប់តាំងពីឡើងកាន់អំណាចប្រធានាធិបតីកាលពីជាងដប់ឆ្នាំមុនមក លោក ស៊ី ជិនពីងបានដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយទ្រង់ទ្រាយធំក្នុងជួរមន្ត្រីរដ្ឋការ និងពង្រីកដល់ជួរកងទ័ព។ តែក្រុមអ្នកប្រឆាំងនឹងលោក ស៊ី ជីនពីងយល់ថា យុទ្ធនាការបោសសម្អាតអំពើពុករលួយរបស់លោកស៊ី ជីនពីងជាការលុបបំបាត់គូប្រជែងនយោបាយរបស់គាត់។ កាលពីដើមខែវិច្ឆិកា លោកស៊ី ជីនពីងបានបញ្ជាឱ្យកងទ័ពបើកការស៊ើបអង្កេតពីបញ្ហាពុករលួយ និងពីទំនោរមិនល្អនៅក្នុងចំណោមមន្ត្រី និងទាហាន។ យោងតាមអ្នកទទួលខុសត្រូវអាមេរិកដែលដកស្រង់ដោយកាសែត Bloomberg ការពង្រឹងយុទ្ធនាការប្រឆាំងអំពើពុករលួយនេះត្រូវបានជំរុញមួយផ្នែកដោយការភ័យខ្លាចថា វានឹងប៉ះពាល់ដល់សមត្ថភាពរបស់កងទ័ពក្នុងការធ្វើសង្គ្រាម៕
Nº.0108