កូរ៉េខាងត្បូងថាកំពុងពិចារណាលើ ជម្រើស បញ្ជូនគ្រឿងសព្វាវុធទៅជួយអ៊ុយក្រែនដោយផ្ទាល់

7News

កូរ៉េខាងត្បូងថាកំពុងពិចារណាលើ ជម្រើស បញ្ជូនគ្រឿងសព្វាវុធទៅជួយអ៊ុយក្រែនដោយផ្ទាល់

កូរ៉េខាងត្បូង អាចនឹងបញ្ជូនគ្រឿងសព្វាវុធទៅជួយ អ៊ុយក្រែន ដោយ ផ្ទាល់តែម្តង។ នេះ បើផ្អែក តាម ការបញ្ជាក់ពី លោកប្រធានាធីបតី យូន ស៊ុកយោល ដែលលើកឡើងថា លោក មិនបាន ផាត់ចោលជម្រើសនេះឡើយ។ ជាការ ផ្លាស់ប្តូរគោលជំហរយុទ្ធសាស្ត្រ ដែល លោក ប្រធានាធីបតីកូរ៉េខាងត្បូងអះអាងថា គឺដោយសារតែ កូរ៉េខាងជើង បានបញ្ជូនទាហាន រាប់ពាន់នាក់ ឲ្យទៅជួយ ប្រយុទ្ធ ខាងកងទ័ពរុស្ស៊ី ។

រដ្ឋាភិបាល កូរ៉េខាងត្បូង ដែលជា ប្រទេសនាំចេញគ្រឿងសព្វាវុធមួយដ៏សំខាន់ដែរ ធ្លាប់ បាន លើកឡើងថា គឺកំពុងពិចារណាសិក្សា លើ លទ្ធភាព ក្នុងការបញ្ជូន គ្រឿងសព្វាវុធ ទៅ ឲ្យ អ៊ុយក្រែនដោយ ផ្ទាល់តែម្តង ។ ក៏ប៉ុន្តែកន្លងមក កូរ៉េខាងត្បូង មិន សម្រេចយកជម្រើសនេះ ក៏ដោយសារតែ មានហេតុ ផល គោលនយោបាយ ជាតិជាយូរលង់មកហើយ ដែល ហាមឃាត់មិន ឲ្យ កូរ៉េខាងត្បូង បញ្ជូនអាវុធ ទៅកាន់ ប្រទេសមួយ ដែល កំពុងតែស្ថិតក្នុងជម្លោះ។

ក៏ប៉ុន្តែ នៅថ្ងៃ ទី ៧ វិច្ឆិកា លោក យូន ស៊ុកយោល ប្រធានាធិបតី កូរ៉េខាងត្បូង បានថ្លែងថា បន្ទាប់ពីបានសង្កេតឃើញអំពី ការចូលលូកដៃ យ៉ាងច្បាស់របស់កូរ៉េខាងជើង ទៅ ក្នុង សង្គ្រាមអ៊ុយក្រែន គឺកូរ៉េខាងត្បូងនឹង សើរើ បន្តិចម្តងៗ ជាដំណាក់កាល នូវគោលជំហរ យុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីរកវិធីជួយអ៊ុយក្រែន។ មានន័យថា កូរ៉េខាងត្បូង នឹងមិនផាត់ចោលឡើយ នូវ លទ្ធភាព បញ្ជូន គ្រឿងសព្វាវុធ ទៅជួយអ៊ុយក្រែន ដោយ ផ្ទាល់តែម្តង។ តែទន្ទឹមគ្នានេះ លោក យូន ស៊ុកយោល បានគូសបញ្ជាក់ថា បើកូរ៉េខាងត្បូងបញ្ជូនអាវុធទៅជួយអ៊ុយក្រែន គឺជាគ្រឿងសព្វាវុធ សម្រាប់ការពារខ្លួន មិន មែនសម្រាប់វាយ ប្រហារ ទេ ។ លោក ប្រធានាធិបតីកូរ៉េខាងត្បូង បាន បញ្ជាក់ទៀតថា លោក នឹងនិយាយ អំពីចំណុចនេះ ជាមួយ លោក ដូណាល់ ត្រាំ ដែលទើបតែជាប់ឆ្នោត ក្លាយជាប្រធានាធីបតី សហរដ្ឋអាមេរិក សាជាថ្មី ។

សូមបញ្ជាក់ថា អស់ជាច្រើនខែមកហើយ ដែល កូរ៉េខាងត្បូង បានអះអាងដោយ ផ្អែកលើភស្តុតាងជាច្រើន ថា របបផ្តាច់ការ កូរ៉េខាងជើង បាន បញ្ជូន ទៅជួយរុស្ស៊ី មានដូចជាគ្រាប់កាំភ្លើងធំ និង គ្រាប់មីស៊ីល ដែលរុស្ស៊ីយកទៅធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ជាងនេះ ទៀត ថ្មីៗនេះ យោងតាមប្រភពពីកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក គឺកូរ៉េខាងជើងបានបញ្ជូនកម្លាំងទាហាន ច្រើនពាន់នាក់ ដើម្បីទៅជួយប្រយុទ្ធកងទ័ពរុស្ស៊ីថែមទៀត។ ផ្អែក តាមលោក ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី គឺបច្ចុប្បន្ននេះ មានទាហានកូរ៉េខាងជើង យ៉ាងហោច១១០០០នាក់ ដែល ត្រូវបាន រុស្ស៊ីដាក់ពង្រាយ នៅតំបន់ Koursk មិនឆ្ងាយ ប៉ុន្មានពីព្រំដែនអ៊ុយក្រែន ។

គួរកត់សំគាល់ថា កូរ៉េខាងជើង និងរុស្ស៊ី បានខិតចូលកៀកសហការគ្នា កាន់តែខ្លាំង ប្រមាណ ២-៣ឆ្នាំចុងក្រោយ នេះ ។ កាលពីថ្ងៃពុធ សភាជាន់ខ្ពស់រុស្ស៊ីបានបោះឆ្នោតអនុម័ត សន្ធិសញ្ញាសហប្រតិបត្តិការយុទ្ធសាស្ត្ររួម រវាង រុស្ស៊ីនិងកូរ៉េខាងជើង ដែល មានខ្លឹមសារ កំណត់ការជួយ គ្នាទៅវិញទៅមក។ ការបញ្ជូន កម្លាំងទាហាន របស់កូរ៉េខាងជើង ទៅកាន់សមរភូមិអ៊ុយក្រែន នឹង កាន់តែ បន្ថែមទុក្ខលំបាក មួយ កម្រិតទៀត ទៅលើអ៊ុយក្រែនដែលបច្ចុប្បន្ន កំពុងតែ បាក់ កម្លាំង ប្រយុទ្ធធ្លាក់ដៃ ដោយសារតែខ្វះទាហាននិងគ្រឿងសព្វាវុធ ។

គួរបញ្ជាក់ដែរថា ការវិលត្រលប់ មកកាន់សេតវិមាន វិញ របស់ លោកដូណាល់ ត្រាំ កំពុងត្រូវបាន គេ សំឡឹងឃើញថា អាចនឹងធ្វើ ឲ្យ ប្រែប្រួលយ៉ាងខ្លាំង ដល់សំណុំរឿងសង្គ្រាម អ៊ុយក្រែន និង សំណុំរឿងកូរ៉េខាងជើង។ ផ្អែកតាម ការវិភាគរបស់អ្នកជំនាញ លោកដូណាល់ ត្រាំ អាចនឹងបង្ខំឲ្យ អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងទំលាក់អាវុធ ដោយ ទុក ឲ្យ រុស្ស៊ីមានប្រៀបកាត់យកទឹកដីអ៊ុយក្រែន ដែល រុស្ស៊ីបានវាយយកបានទាំងអម្បាលមាណ។ ទាក់ទិននឹង សំណុំរឿងកូរ៉េខាងជើងវិញ ផ្អែក តាមការវិភាគរបស់ លោក Hong Min អ្នកជំនាញ នៅ វិទ្យាស្ថាន កូរ៉េដើម្បី ការបង្រួបបង្រួម ជាតិ គឺវាអាច នឹង មាន ជំនួបចរចាមួយភ្លាមៗ រវាងលោកដូណាល់ ត្រាំ និងគីម ជុងអ៊ុន ស្តីអំពីកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង៕


N.0029

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top