កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង បានមីស៊ីល ការពារផ្លូវអាកាសពីរុស្ស៊ី ជាថ្នូរនឹងការបញ្ជូនទ័ព ទៅជួយ

7News

 កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង បានមីស៊ីល ការពារផ្លូវអាកាសពីរុស្ស៊ី ជាថ្នូរនឹងការបញ្ជូនទ័ព ទៅជួយ

ជាថ្នូរនឹង ការបញ្ជូនកម្លាំងទ័ពទៅជួយរុស្ស៊ី កូរ៉េខាងជើង បានទទួលពីរុស្ស៊ីវិញ នូវ មីស៊ីលការពារផ្លូវអាកាសជាច្រើនគ្រាប់ ។ នេះបើផ្អែកតាមការអះអាង របស់ លោករដ្ឋមន្ត្រីក្រសួងសន្តិសុខ ជាតិ កូរ៉េខាងត្បូង កាលពីថ្ងៃទី ២២វិច្ឆិកា ។ ជាងនេះទៀត បើផ្អែកតាមការផ្សាយរបស់ បណ្តាញព័ត៌មាន BBC គឺគិតចាប់ពីខែមីនាមក រុស្ស៊ីបានផ្គត់ ផ្គង់ ប្រេងទៅឲ្យកូរ៉េខាងជើង ចំនួនជាង ១លានធុងបារីល ដោយ បំពាននឹង ទណ្ឌកម្មអន្តរជាតិ ។

ជាច្រើនសប្តាហ៍ មកហើយ ដែល ប្រភពពី កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានអះអាងថា កូរ៉េខាងជើងបានបញ្ជូន កម្លាំងទ័ពចំនួន យ៉ាងហោច ១ម៉ឺននាក់ ទៅជួយរុស្ស៊ី នៅឯសមរភូមិអ៊ុយក្រែន ។ អ្នកវិភាគមួយចំនួន ទៀត បាន លើកឡើងថា ជាថ្នូរនឹង ការបញ្ជូនទ័ពទៅជួយនេះ គឺ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង ចង់ ឲ្យ កងទ័ពខ្លួន មានបទពិសោធន៍ប្រយុទ្ធជាក់ស្តែង នៅសមរភូមិ ក្រែងថ្ងៃណាមួយ ផ្ទុះសង្គ្រាមជាមួយខាងត្បូង ។ បន្ថែមពីនេះ គឺកូរ៉េខាងជើងចង់បានពីរុស្ស៊ី នូវ បច្ចេកវិទ្យា ទំនើបនៅក្នុងវិស័យ សព្វាវុធ ដោយរាប់ទាំង ប្រព័ន្ធរ៉ាដា ផ្កាយ រណប នាវាមុជទឹកបាតសមុទ្រ ជាដើម ដើម្បីទុកការពារខ្លួន ។

មិនខុសពីការសង្ស័យ កាលពី ថ្ងៃទី ២២វិច្ឆិកា លោក Shin Won-sik រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិកូរ៉េខាងត្បូង បាន អះអាងតាមកញ្ចក់ទូរទស្សន៍SBS ថា គេមាន ភស្តុតាងបញ្ជាក់ថា រុស្ស៊ីបានបញ្ជូន មីស៊ីល ការពារផ្លូវអាកាសជាច្រើនគ្រាប់ ទៅ ឲ្យ កូរ៉េខាងជើង ។ ផ្អែកតាម លោក រដ្ឋមន្ត្រី កូរ៉េខាងត្បូងរូបនេះ គឺប្រព័ន្ធការពារផ្លូវអាកាសរបស់កូរ៉េខាងជើង ទន់ខ្សោយណាស់ ម្លោះហើយ ព្យុងយ៉ាងកំពុងតែរកវិធីការពារខ្លួន ព្រោះព្យុងយ៉ាងជឿក្នុងចិត្តថាថ្ងៃណាមួយ នឹងផ្ទុះសង្គ្រាមជាមួយកូរ៉េខាងត្បូង ។

គួររំលឹកថា រុស្ស៊ីនិងកូរ៉េខាងជើង បានវេញចំណងចងផ្ជាប់គ្នា តាមរយៈសន្ធិសញ្ញា សហប្រតិបត្តិការយុទ្ធសាស្ត្រ ដែលតម្រូវ ឲ្យ សម្ព័ន្ធមិត្តទាំង ២ជួយគ្នាទៅវិញទៅមក ។ កាលពីខែតុលា នៅពេលអ្នកកាសែតចោទសួរអំពីវត្តមានរបស់កងទ័ពកូរ៉េខាងជើងនៅសមរភូមិអ៊ុយក្រែន លោក ពូទីន មិន បានបដិសេធច្រានចោលទេ ដោយ គ្រាន់តែបានបង្វែរ សំណួរដើម្បីឆ្លើយ រិះគន់ ក្រុមប្រទេសលោកខាងលិច ថាបានជួយ ផ្តល់អាវុធទៅ ឲ្យអ៊ុយក្រែន ។ ដូចគ្នាដែរ ពីខាងកូរ៉េខាងជើងវិញ ក៏មិនបានបដិសេធដែរ ដោយ គ្រាន់តែអះអាងថា ការបញ្ជូនទ័ព ទៅជួយរុស្ស៊ីគឺជារឿងស្របនឹងច្បាប់អន្តរជាតិ ។

ផ្អែកតាម ការវិភាគរបស់អ្នកជំនាញ តាមរយៈការសហការជួយរុស្ស៊ី ក្នុងពេលនេះ គឺកូរ៉េខាងជើង មិនត្រឹមតែ ចង់ បាន ចំណេញ ផ្នែក បច្ចេកវិទ្យាសព្វាវុធប៉ុណ្ណោះទេ តែកូរ៉េខាងជើងសង្ឃឹមថាខ្លួន នឹងមានមុខដើរតួធំដុំនឹងគេ ក្នុង នយោបាយ ការបរទេសអន្តរជាតិ ។ ទន្ទឹមគ្នានេះ កូរ៉េខាងជើង ចង់រកច្រកផ្លូវសេដ្ឋកិច្ច ថ្មីមួយទៀត ឈប់ពឹងផ្អែកតែទៅលើចិនតែម្នាក់ តាមរយៈការចូលរួម នៅក្នុងខ្សែបណ្តាញសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី ។

យ៉ាងណាមិញ ផ្អែកតាមការផ្សាយ របស់បណ្តាញ ព័ត៌មាន BBC ដោយ ស្រង់ប្រភពពីអង្គការ Open Source Centre គឺ កូរ៉េខាងជើងបានទទួល ប្រេង ពីរុស្ស៊ី ចំនួន ជាង ១លានធុងបារីលរួចហើយ បើគិតចាប់ពីខែមីនាមក ។ រូបភាពផ្កាយរណបបានបង្ហាញថា ក្នុងរវាង ៨ខែមកនេះ នាវាដឹកប្រេងរបស់ កូរ៉េខាងជើង ចំនួន ១២គ្រឿង បានចូលទៅកំពង់ផែចុងបូព៌ារបស់ រុស្ស៊ី ចំនួន យ៉ាងហោច ៤៣លើក ដើម្បីដឹកប្រេងយកទៅ កូរ៉េខាងជើង ។ លោក David Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានអះអាងថា ប្រេងទាំងនេះ គឺជាថ្លៃឈ្នួល ដែល កូរ៉េខាងជើងបានបញ្ជូនកម្លាំងទាហាន ឲ្យទៅជួយច្បាំងរុស្ស៊ីនៅសមរភូមិអ៊ុយក្រែន ៕

N.0090

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top