កាសែតចិន៖ ទេសចរចិនមកទស្សនាឧទ្យានអង្គរកើនឡើង៤០.៥%

7News

 កាសែតចិន៖ ទេសចរចិនមកទស្សនាឧទ្យានអង្គរកើនឡើង៤០.៥%

មានទេសចរចិនចំនួនជាង៦ម៉ឺននាក់បានទៅទស្សនាឧទ្យានអង្គរ ក្នុងខេត្តសៀមរាប នៅក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែល ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ៊ួបានដកស្រង់មកចុះផ្សាយ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ តួលេខនៃភ្ញៀវទេសចរចិនកើនឡើង៤០.៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ អាជ្ញាធរជាតិអប្សរាវិញអះអាងថា នៅតំបន់ឧទ្យានអង្គរ ក្រៅពីទេសចរចិន  ទេសចរពីតំបន់អឺរ៉ុបក៏មានចំនួនកើនឡើងដែរ។

របាយការណ៍របស់គ្រឹះស្ថានអង្គរបានបង្ហាញថា ចំនួនទេសចរចិនបានហក់កើនឡើង ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៤នេះ ជាមួយទេសចរចំនួន ៦៣៥៤៥ នាក់ ដែលបានទៅទស្សនានៅឧទ្យានអង្គរ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២៣ មានទេសចរចិនតែ ៤៥២១៤ នាក់ប៉ុណ្ណោះ។

នៅក្នុងចំណោមទេសចរអន្ដរជាតិសរុបដែលបានទៅឧទ្យានអង្គរ ចំនួន ៧៧៤២០៣នាក់ ទេសចរចិន តំណាងឲ្យចំនួន៨.២%។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ៊ួ ចិន ជាប្រភពទេសចរធំទី៥ នៃទេសចរអន្ដរជាតិ ដែលបានទៅទស្សនាបរិវេណអង្គរ បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន បានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍ផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន កម្ពុជារំពឹងថា នឹងអាចស្រូបទាក់ទាញទេសចរចិនមកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

ចំពោះលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាដែលបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១០ វិច្ឆិកានេះ ក្នុងរយៈពេល១០ខែមកនេះ នៅឧទ្យានអង្គរមិនមែនកើនឡើងអ្នកទេសចរចិនទេ សូម្បីទេសចរបរទេសមកពីតំបន់អឺរ៉ុបក៏កើនឡើងដែរ។ បើតាមលោកឡុងកុសល រយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចរក្នុងខេត្តសៀមរាប ក៏កើនឡើងដូចគ្នា។

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញទេសចរឱ្យទៅទស្សនាឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមសហការគ្នា រៀបចំព្រឹត្តិការណ៍នានានៅតំបន់អង្គរ។ លោកចាត់ទុកថា តួលេខកើនឡើងបែបនេះ ជាលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍កន្លងមក។

លោក ឡុង កុលស មិនភ្លេចបញ្ជាក់ដែរថា ការបើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងព្រឹត្តិការណ៍ផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ក៏ជាកត្តារួមចំណែកដល់ការកើនឡើងនៃទេសចរចិនមកឧទ្យានអង្គរ៕



N.0050

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top