ប៉ូលិសថៃតាមចាប់ខ្លួនអ្នកជំនួញថៃម្នាក់ជាប់សង្ស័យពីបទឆបោកប្រាក់រាប់រយលានអឺរ៉ូ
ប៉ូលិសថៃកំពុងស្វែងរកចាប់ខ្លួនអ្នកជំនួញថៃមួយរូបដែលជាអតីតប្រធានក្រុមហ៊ុនមន្ទីរពេទ្យដ៏សំខាន់មួយនៅប្រទេសថៃ ដែលជាប់សង្ស័យពីបទឆបោកប្រាក់ប្រមាណ ២០០លានអឺរ៉ូ មុនពេលរត់គេចខ្លួនទៅក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសថៃ នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកា។
លោក ប៊ូន វ៉ាណាស៊ីន Boon Vanasin អតីតប្រធានក្រុមហ៊ុនថែរក្សាសុខភាព Thonburi Healthcare Group ប្រហែលជាបានរត់គេចខ្លួនទៅបរទេស កាលពីខែកញ្ញា ឆ្នាំ២០២៤។ នេះ ជា ការ ថ្លែង របស់ ស្នងការរង ក្រុង បាងកក លោក Nopasin Poolsawat ទៅកាន់ អ្នកសារព័ត៌មាន របស់ ប៉ុស្តិ៍ ទូរទស្សន៍ រដុ្ឋ ថៃ ឈ្មោះ ThaiPBS។ បើតាម ស្នងការរង ក្រុង បាងកក រូប នេះ ដដែល ប៉ូលិសថៃកំពុងដុតដៃដុតជើងសហការជាមួយប៉ូលិសអាំងទែរប៉ូលដើម្បីឈាន ទៅដល់ការចាប់ខ្លួនជនសង្ស័យ លោក ប៊ូន វ៉ាណាស៊ីន Boon Vanasin នៅ ទឹកដីបរទេស។
យោងតាម ប៉ូលិសថៃ ចាប់តាំងពី ឆ្នាំ២០២៣ មក មាន ជន រងគ្រោះ ប្រមាណ ២៥០នាក់ បានដាក់ពាក្យប្តឹងលោក ប៊ូន វ៉ាណាស៊ីន និងក្រុមហ៊ុនរបស់លោក ដែលបានឆបោកប្រាក់ សរុបចំនួន ៧៦០០ លានបាត ឬស្មើនឹង ២០៩លានអឺរ៉ូ។
លោក ប៊ូន ដែល មានអាយុ ៨៦ឆ្នាំ បានបោកប្រាស់អ្នកវិនិយោគទុនជាច្រើនដោយសន្យាបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្រ្តនៅប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ តែ តាមពិត ទៅ នោះ គម្រោងនេះជាគម្រោងវិនិយោគខ្យល់។ ប៉ូលិសថៃបានថ្លៃងប្រាប់សារព័ត៌មានថៃ ថាអ្នកជំនួញថៃរូបនេះ ទំនងជារត់គេចខ្លួនទៅប្រទេសចិន។ ប៉ូលិស ថៃនៅបាន ប្រកាសពីការចាប់ខ្លួនអតីតប្រពន្ធ និងកូនស្រីលោកប៊ូន ដែលមានតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុនថែរក្សាសុខភាព Thonburi Healthcare Group និងជនសង្ស័យ៦នាក់ផ្សេងទៀត ពីបទឆបោក និងលាងលុយកខ្វក់។
គួរបញ្ជាក់ថា ក្រុមហ៊ុន Thonburi Healthcare Group ដែលមានចុះបញ្ជីក្នុងផ្សារភាគហ៊ុនទីក្រុងបាងកកបានគ្រប់គ្រងមន្ទីរពេទ្យចំនួន ១០កន្លែងក្នុង ប្រទេស ថៃ និង ១កន្លែង នៅ ក្នុង ប្រទេសភូមា។ ក្រុមហ៊ុន មួយ នេះ គឺ ជា ក្រុមហ៊ុន មន្ទីរពេទ្យ ឯកជនដ៏សំខាន់មួយនៅក្នុងប្រទេសថៃ។ កាលពីឆ្នាំ២០២២ និយ័តករទីផ្សារភាគហ៊ុនបាងកក បានផាកពិន័យលោក ប៊ូន វ៉ាណាស៊ីន ជាប្រាក់ ២លាន៣សែនបាត ស្មើនឹង ៦ម៉ឺន៣ពាន់អឺរ៉ូ ក្នុង បទចោទប្រកាន់ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយស្តីអំពីការចុះកិច្ចសន្យាទិញវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ រវាងក្រុមហ៊ុន Thonburi Healthcare Group និងក្រុមហ៊ុនផលិត វ៉ាក់សាំង Pfizer ។
សូមរម្លឹកថា កាលពីខែតុលាកន្លងមក ប៉ូលិសថៃបានចាប់ខ្លួនមនុស្សចំនួន ១៨នាក់ ក្នុង នោះ មាន តារា ថៃ ល្បីៗ មួយ ចំនួន ផង ក្រោយ ពី បាន រក ឃើញ បទឆបោក ជា ប្រព័ន្ធ ក្នុង ទឹកប្រាក់ រាប់លាន អឺរ៉ូ ដែល មាន ជាប់ ពាក់ព័ន្ធ នឹង អ្នកវិនិយោគ ជាង ១០០០នាក់។ សំណុំរឿងបោកប្រាស់ក្នុងទ្រង់ទ្រាយធំបែបនេះតែងត្រូវបានលេចចេញជាព័ត៌មាននៅ ក្នុង ប្រទេស ថៃ៕
Nº.0099