តៃវ៉ាន់ថា ចិនបានបង្ហោះបាឡុងរំលោភចូលតំបន់ការពារដែនអាកាសរបស់ខ្លួន

7News

 តៃវ៉ាន់ថា ចិនបានបង្ហោះបាឡុងរំលោភចូលតំបន់ការពារដែនអាកាសរបស់ខ្លួន

នៅយប់ថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា បាឡុងចិនបានហោះរំលោភចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅភាគពាយ័ព្យដែលជាបាឡុងទី១ បើរាប់ចាប់តាំងពីខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់។ គួរជម្រាបថាជារឿយៗ ចិនតែងបានបញ្ជូនយន្តហោះចម្បាំង ដ្រូនវាយប្រហារ និងនាវាផ្ទុកយន្តហោះចម្បាំង ព្រមទាំងបាឡុងទៅឡោមព័ទ្ធកោះតៃវ៉ាន់ដើម្បីបន្តដាក់សម្ពាធលើកោះមួយនេះដែលចិនចាត់ទុកជាដែនដីខេត្តរបស់ខ្លួន។

នៅម៉ោង ៦ និង២១នាទីយប់ថ្ងៃអាទិត្យទី២៤ វិច្ឆិកា បាឡុងចិនមួយបានហោះរំលោភចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅភាគពាយ័ព្យក្នុងចម្ងាយប្រមាណ ១១១គីឡូម៉ែត្រ និងស្ថិតនៅរយៈកំពស់ប្រមាណ ១ម៉ឺនម៉ែត្រ។ តែបាឡុងនេះបានហោះចេញទៅវិញនៅម៉ោង៨ និង១៥នាទីយប់ក្នុងថ្ងៃដដែល។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ដែលចេញផ្សាយពីទិន្នន័យស្តីពីវត្តមានយោធាចិននៅជុំវិញកោះតែវ៉ាន់។ ក្រៅពីបាល់ឡុងចិន ប្រព័ន្ធរ៉ាដារបស់កងទ័ពតៃវ៉ាន់ក៏ចាប់បានវត្តមានរបស់យន្តហោះចម្បាំងចំនួន ១២គ្រឿង និងនាវាផ្ទុកយន្តហោះចម្បាំងចំនួន ៧គ្រឿងរបស់ចិននៅជុំវិញកោះតៃវ៉ាន់ចន្លោះម៉ោង៦ព្រឹកថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា និងម៉ោង៦ព្រឹកថ្ងៃចន្ទ ទី២៥ វិច្ឆិកា។

គួររម្លឹកថា នៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់កាលពីខែមករា ឆ្នាំ២០២៤ ចិនក៏បង្ហោះបាឡុងជាច្រើនក្នុងរយៈពេល ៧យប់ ៧ថ្ងៃឆ្លងកាត់ច្រកសមុទ្រចិន និងតៃវ៉ាន់ ក្នុងនោះ មានបាឡុងចិនមួយចំនួនបានហោះកាត់ពីលើកោះតៃវ៉ាន់តែម្តង។ ទោះយ៉ាងណា បាឡុងដែលចិនបានបង្ហោះនាយប់ថ្ងៃអាទិត្យ ទី២៤ វិច្ឆិកានេះជាបាឡុងទី១ បើរាប់ចាប់ពីខែមេសា ឆ្នាំ២០២៤។ រដ្ឋាភិបាលតៃវ៉ាន់ចាត់ទុកទង្វើរបស់ចិនជាការយាយី បៀតបៀនលើតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ តែមិនបានលើកឡើងពីការធ្វើសង្រ្គាមដោយចំហរបស់ចិនទេ។

ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតទាក់ទងនឹងវត្តមានបាឡុងចិននៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ពេលនេះត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីងបញ្ជាក់តបយ៉ាងខ្លីថា តៃវ៉ាន់ពុំមានក្រសួងការពារជាតិ ហើយរឿងរ៉ាវមួយនេះគ្មានទាក់ទងនឹងការទូតទេ។ សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ សំណុំរឿងបាឡុងចិនបានក្លាយជាប្រធានបទនយោបាយមួយ។ អាមេរិកធ្លាប់បានបាញ់ទម្លាក់បាឡុងចិនដែលរំលោភចូលដែនអាកាសអាមេរិកដោយមន្ទីរបញ្ចកោណចាត់ទុកជាបាឡុងយកការណ៍សម្ងាត់របស់ចិន។ តែភាគីចិនបានអះអាងបកវិញថា បាឡុងរបស់ខ្លួនជាបាឡុងស៊ីវិលដែលមានគោលដៅសិក្សាពីអាកាសធាតុ និងបានហោះចូលដែនអាកាសអាមេរិកដោយអចេតនា៕


Nº.0102

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top