លោកពូទីន សន្យាគាំទ្រទាំងស្រុងបណ្តាប្រទេសអាហ្វ្រិក
ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យទី ១០ វិច្ឆិកា បានថ្លែងសន្យា ផ្តល់ ”ការគាំទ្រពេញទី” របស់ក្រុងម៉ូស្គូ ដល់បណ្តាប្រទេសអាហ្វ្រិក ។ ពាក្យសន្យានេះ បន្លឺឡើង ក្នុងឱកាស សន្និសីទថ្នាក់ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី-អាហ្វ្រិក ដែលប្រព្រឹត្តទៅនៅបុរីSotchi ប៉ែកនិរតី ប្រទេសរុស្ស៊ី។
ប្រទេសរុស្ស៊ីយើង នឹងបន្តផ្តល់ការគាំទ្រពេញទី ដល់បណ្តាមិត្តអាហ្វ្រិករបស់យើង ក្នុងវិស័យប្លែកៗ - សេចក្តីនេះ ថ្លែងថ្ងៃអាទិត្យទី ១០ វិច្ឆិកា ដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន តាមរយៈសាររបស់គាត់ ដែលអានដោយប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ ទៅកាន់ បណ្តាប្រតិភូ ចូលរួមក្នុងសន្និសីទរុស្ស៊ី-អាហ្វ្រិក នៅទីក្រុង Sotchi មាត់សមុទ្រខ្មៅ ប៉ែកនិរតីប្រទេសរុស្ស៊ី។
ស្របនឹងសារនេះ សាច់រឿងនៃការគាំទ្រ គឺ ការអភិវឌ្ឍយូរអង្វែង ការប្រយុទ្ធទល់នឹង ភេរវនិយម និង ជ្រុលនិយម ទល់នឹងជំងឺឆ្លងរាលដាល ការដោះស្រាយបញ្ហាស្បៀងអាហារ និង ផលប៉ះពាល់បណ្តាល មកពីមហន្តរាយគ្រោះធម្មជាតិ។
សន្និសីទនេះ ចាត់ចែងឡើងដោយ អ្នកមុខអ្នកការជាន់ខ្ពស់នៃបណ្តាប្រទេសអាហ្វ្រិក ហើយប្រព្រឹត្តទៅថ្ងៃ សៅរ៍និងថ្ងៃអាទិត្យ នៅបុរី សូចឈី មាត់សមុទ្រខ្មៅ បន្ទាប់ពីជំនួបកំពូល រុស្ស៊ី-អាហ្វ្រិក ២ លើក ទៅហើយ គឺនៅក្រុង សូចឈី ក្នុងឆ្នាំ ២០១៩ និង នៅក្រុង Saint-Petersbourg ក្នុងឆ្នាំ ២០២៣។
តាមលោកឡាវ្រ៉ូវ ដោយសារចង្វាក់ផ្តល់ដោយជំនួបកំពូល ២ លើកនោះ ទំនាក់ទំនងរុស្ស៊ី-អាហ្វ្រិកបន្ត រីកផុសផុល ហើយ កាន់តែមាំទៅៗ។ តាមប្រសាសន៍គាត់ ៖ យើងឃើញសហប្រតិបត្តិការរុស្ស៊ី-អាហ្វ្រិក ចេះតែរីកចម្រើនទៅនៅតាមគ្រប់មុខព្រួញ។
ផ្អែកលើ សន្និសីទនេះ វិមានក្រេមឡាំង សង្ឃឹមប្រែពណ៏ពិភពលោកឲ្យទៅជា ពហុប៉ូល សម្រាប់ ប្រឈមនឹង បស្ចិមលោក។
សន្និសីទនេះ ប្រព្រឹត្តទៅ គឺក្រោយពី ជំនួបកំពូល ក្រុមប្រទេស BRICS នៅក្រុងរុស្ស៊ី Kazan ជាទីដែល លោកពូទីន មានបំណងបង្ហាញឲ្យឃើញ បរាជ័យនៃនយោបាយបង្ខាំងរុស្ស៊ី ឲ្យនៅឯកោលើ ពិភពលោក បរាជ័យនៃទណ្ឌកម្មពីខាងបស្ចិមលោកប្រឆាំងរុស្ស៊ី បន្ទាប់ពី រុស្ស៊ីបានវាយលុកចូលអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២។
រុស្ស៊ីដែលជំនាន់សហភាពសូវៀត ធ្លាប់បានដើរតួសែនសំខាន់ នៅទ្វីបអាហ្វ្រិក បច្ចុប្បន្ន ជាច្រើនឆ្នាំជាប់ មកហើយ ខំរុញកូនអុករបស់ខ្លួន នៅតាមបណ្តាប្រទេសអាហ្វ្រិក ជាទីដែលរុស្ស៊ីតែងដៀមដាម នយោបាយដាក់ លោកខាងលិចថា ជាអាណានិគមនិយមបែបថ្មី។ ចំណែករុស្ស៊ីវិញ ទាមទារបង្កើត សណ្តាប់ធ្នាប់ថ្មី ដែល យុត្តិធម៌ជាង នៅក្នុងលោក ។ វោហាសាស្ត្ររុស្ស៊ីនេះ រមែង ស្វាគមដោយអ្នកមុខអ្នកការជាច្រើននៃទ្វីបអាហ្វ្រិក ៕
N.0049