តៃវ៉ាន់ធ្វើសមយុទ្ធផ្លូវអាកាស និងផ្លូវទឹក ខណៈដែលខ្លួនកំពុងទទួលគំនាបខ្លាំងពីចិនដីគោក

7News

តៃវ៉ាន់ធ្វើសមយុទ្ធផ្លូវអាកាស និងផ្លូវទឹក ខណៈដែលខ្លួនកំពុងទទួលគំនាបខ្លាំងពីចិនដីគោក

កងទ័ពតៃវ៉ាន់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះពីការដាក់ពង្រាយយន្តហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីលដើម្បីធ្វើសមយុទ្ធ។ ចំណែកក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថាបានប្រទះឃើញប៉ាឡុងស៊ើបការណ៍សម្ងាត់ចិនថ្មីចំនួនពីរដែលហោះនៅក្បែរកោះតៃវ៉ាន់។ មួយវិញទៀត សមយុទ្ធនេះធ្វើឡើង ប៉ុន្មានថ្ងៃមុនប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈិនទឿត្រៀមចេញទៅបំពេញទស្សនកិច្ចលើកដំបូងនៅបរទេស។ 

សមយុទ្ធផ្លូវអាកាស និងផ្លូវទឹកធ្វើឡើងនៅចន្លោះម៉ោង៥ និងម៉ោង៧ ព្រឹកក្នុងថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះ។ មេបញ្ជាការកងទ័ពអាកាសតៃវ៉ាន់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះធ្វើឡើងក្នុងគោលដៅសាកល្បងនឹងនីតិវិធីឆ្លើយតប និងការចូលរួមពីអង្គភាពការពារដែនអាកាស។ គួរបញ្ជាក់ថា សមយុទ្ធផ្លូវអាកាសចុងក្រោយបានធ្វើឡើងកាលពីខែមិថុនា ពោលមួយខែក្រោយលោកឡៃ ឈិនទឿ ចូលកាន់តំណែងប្រធានាធិបតី។ ក្នុងថ្ងៃដែលតៃវ៉ាន់ធ្វើសមយុទ្ធ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថាបានប្រទះឃើញប៉ាឡុងចិនចំនួនពីរដែលបានហោះក្បែរកោះតៃវ៉ាន់ក្នុងចម្ងាយប្រមាណ ១១០គីឡូម៉ែត្រនៅភាគពាយ័ព្យ។

ក្រៅពីបាល់ឡុងចិន ប្រព័ន្ធរ៉ាដារបស់កងទ័ពតៃវ៉ាន់ក៏ចាប់បានវត្តមានយន្តហោះចម្បាំងចំនួន ១៣គ្រឿង និងនាវាផ្ទុកយន្តហោះចម្បាំងចំនួន ៧គ្រឿងរបស់ចិននៅជុំវិញកោះតៃវ៉ាន់ក្នុងចន្លោះម៉ោង៦ព្រឹកថ្ងៃពុធ ទី២៧ វិច្ឆិកា និងម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ វិច្ឆិកានេះ។ ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈិនទឿដែលចិនបានចាត់ទុកជាបុគ្គលចង់ប្រកាសឯករាជ្យបានប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ប្រឆាំងនឹងការគំរាមកំហែងរបស់ចិន។ ប្រធានាធិបតីតៃវ៉ាន់រូបនេះនឹងត្រូវចាកចេញពីតៃវ៉ាន់នៅថ្ងៃសៅរ៍ ទី ៣០ ខែវិច្ឆិកាដើម្បីធ្វើទស្សនកិច្ចនៅរដ្ឋតូចៗនៅប៉ាស៊ីហ្វិកចំនួន ៣ រួមមានកោះ Marshall កោះ Palau និងកោះ Tuvalu។ ដំណើរទស្សនកិច្ចនេះក៏ប្រហែលជាត្រូវឆ្លងកាត់ចុះសំចតក្នុងទឹកដីអាមេរិកដែរ។

នេះជាទសស្សនកិច្ចលើកទី១ របស់លោក ឡៃ ឈិនទឿទៅបរទេសតាំងពីលោកបានឡើងកាន់តំណែងប្រធានាធិបតីតៃវ៉ាន់។ រដ្ឋាភិបាលចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ៅនីងបានថ្កោលទោសលើទស្សនកិច្ចនៅបរទេសលើកដំបូងរបស់ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈិនទឿ។ គួររម្លឹកថា ចិនតែងតែបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំង ព្រមទាំងប៉ាឡុងស៊ើបការណ៍នៅជុំវិញកោះតៃវ៉ាន់។ ចំណែករដ្ឋាភិបាលតៃវ៉ាន់តែងចាត់ទុកទង្វើរបស់ចិនថាជាការយាយី បៀតបៀនលើតំបន់ការពារដែនអាកាសរបស់ខ្លួន។ ដើម្បីប្រឈមទប់នឹងគំនាបរបស់ចិនដីគោក តៃវ៉ាន់បានបង្កើនថវិកាយោធានាប៉ុន្មានឆ្នាំនេះដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ អាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធឲ្យតៃវ៉ាន់ធំជាងគេ៕


Nº.0109


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top