សភាអាមេរិក ទាញសញ្ញាអាសន្នថា ហុងកុងកំពុងតែក្លាយជាតំបន់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ
ពីទីក្រុងវ៉ាស៊ីនតោន បណ្តាសមាជិកសភាអាមេរិក បានស្នើយោបល់ឲ្យរដ្ឋាភិបាលរបស់ខ្លួន គិតពិចារណាឡើងវិញ ពីទំនាក់ទំនងវិស័យហិរញ្ញវត្ថុជាមួយនឹងរដ្ឋបាលទីក្រុង ហុងកុង ជាពិសេសផ្នែកធនាគារ។ នេះក៏ព្រោះតែសមាជិកសភាអាមេរិក ចោទប្រកាន់ថា ហុងកុង កំពុងតែក្លាយជាកន្លែងលាងលុយកខ្វក់ និងជាជំរំឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលជួយជ្រោមជ្រែងប្រទេសផ្សេងៗដែលជាសត្រូវរបស់អាមេរិក ឲ្យរួចគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ច។
ហុងកុង ជាទីក្រុងហិរញ្ញវត្ថុ ដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ី។ ពេលនេះ ហុងកុង ក៏កំពុងតែធ្វើតួនាទីដ៏ចម្បង ក្នុងបទល្មើសលាងសម្អាតលុយកខ្វក់ និងជួយរកស៊ីដោះដូរពាណិជ្ជកម្ម ឲ្យគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ហើយនិងផ្ទេរបច្ចេកវិទ្យាហាមឃាត់ ទៅឲ្យរុស្ស៊ី។ នេះយោងតាមគណៈកម្មាធិការសភាអាមេរិក ដែលផ្តុំដោយបណ្តាសមាជិកសភា ទាំង បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។
បណ្តាសមាជិកសភាទាំង២គណបក្ស បានចោទប្រកាន់ ដោយកត់សម្គាល់ថា ចាប់តាំងពីរដ្ឋបាលទីក្រុងហុងកុង អនុម័តច្បាប់សន្តិសុខជាតិ ក្រោមខ្សែញាក់របស់ទីក្រុងប៉េកាំង នៅឆ្នាំ២០២០មក, ហុងកុង ដែលធ្លាប់មានកេរ្តិ៍ឈ្មោះជាទីក្រុងហិរញ្ញវត្ថុដ៏គួរឲ្យទុកចិត្ត ប្រែក្លាយទៅជា ទីក្រុងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក្រោមការបង្គាប់បញ្ជារបស់ចិន ក្នុងការរកស៊ីជួយដូរខុសច្បាប់ ជាមួយគូសត្រូវអាមេរិក គឺ អ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ី។ អំពើខុសច្បាប់ទាំងនោះ ដូចជាសម្របសម្រួលផ្ទេរបន្តបច្ចេកវិទ្យាហាមឃាត់ទៅឲ្យក្រុងមូស្កូ, ជួញដូរមាសរបស់រុស្ស៊ី, បង្កើតក្រុមហ៊ុនដើម្បីទិញនិងលក់ប្រេងរបស់ក្រុងមូស្កូនិងក្រុងតេហេរ៉ង់, ជួយគ្រប់គ្រងចាត់ចែងនាវាដឹកទំនិញហាមឃាត់របស់ទីក្រុងព្យុងយ៉ាង។ បើតាមគណៈកម្មាធិការសភាអាមេរិកដដែល ក្នុងឆ្នាំ២០២៣ ហុងកុងបានជួយបញ្ជូនទំនិញពាណិជ្ជកម្មខុសច្បាប់ តាមផ្លូវសមុទ្រ ប្រមាណ៤០% ចេញពីកំពង់ផែកូរ៉េខាងជើង ទៅរុស្ស៊ី។
អាស្រ័យហេតុដូច្នេះហើយ ទើប គណៈកម្មាធិការសភាអាមេរិក បានផ្ញើលិខិតផ្លូវការមួយ ទៅកាន់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី ចានែត យេលែន ឲ្យគិតពិចារណាឡើងវិញ ចំពោះចំណងទាក់ទងពិសេសរវាងទីក្រុងវ៉ាស៊ីនតោន និង ក្រុងហុកកុង ជាពិសេសក្នុងផ្នែកធនាគារ។
Nº.0103