ឈ្វេងយល់ ប្រព័ន្ធបោះឆ្នោតជ្រើស រើស ប្រធានាធិបតី អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល

7News

ចុះផ្សាយ នៅ ថ្ងៃ៖ 06/11/2024 



ថ្ងៃអង្គារ ទី ៥វិច្ឆិកា ប្រជា ពលរដ្ឋអាមេរិក អញ្ជើញ ទៅបោះឆ្នោត ដើម្បី ជ្រើសរើសប្រធានាធិបតី អាណត្តិ ថ្មី ។ បេក្ខជន ២ នាក់ ដែល គេ ស្គាល់ ស្រាប់ គឺអតីត ប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណ បក្ស សាធារណរដ្ឋ និង អនុប្រធានាធិបតី ផុត អាណត្តិ លោកស្រី ខាម៉ាឡា ហារីស។ នេះជា ការ បោះឆ្នោត ដែល ពិភពលោក កំពុងតែ ទន្ទឹង រង់ចាំ តាម ដាន យ៉ាងប្រកៀក ប្រកិត ដ្បិត ថា នរណាម្នាក់ ដែល ឡើង ទៅកាន់ ក្តាប់ អំណាច សេតវិមាន អាមេរិក នឹង ជះឥទ្ធិពល ទៅដល់ ដំណើរការ របស់ ពិភពលោក នា អំលុង ៤ ឆ្នាំទៅមុខ ទៀត។  




ប្រព័ន្ធ បោះ ឆ្នោត ជ្រើសរើស ប្រធានាធិបតីអាមេរិក

ការ បោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក  មានភាព ស្មុកស្មាញខ្លាំង តែប្រសិន បើ សម្រាយ ឲ្យ ខ្លី ងាយ យល់ គេត្រូវចាំជាដំបូង សិន ថា ការ បោះឆ្នោត នៅអាមេរិក ថ្ងៃ អង្គារ ទី ៥វិច្ឆិកា ឆ្នាំ២០២៤នេះ ពុំ មែន ជាការ បោះឆ្នោត ជ្រើសរើស ប្រធានាធិបតី អាមេរិក ដោយ ផ្ទាល់ នោះទេ។ ពលរដ្ឋអាមេរិក ទៅបោះឆ្នោត ថ្ងៃនេះដើម្បី ជ្រើសរើសប្រតិភូ តំណាង ពោល គឺ អង្គបោះឆ្នោត ។ អង្គបោះឆ្នោតនេះ គឺ ជា បុគ្គល ៥៣៨រូប ដែល ជា អ្នក មាន ភារៈ ជ្រើសរើស ប្រធានាធិបតី និង អនុប្រធានាធិបតី ហើយ គឺ អង្គបោះឆ្នោត ទាំង នោះ ត្រូវ ជួប ប្រជុំគ្នាដើម្បីបោះឆ្នោត ជ្រើសរើស នៅថ្ងៃទី ១៧ ធ្នូ ២០២៤ ខាងមុខ ។

ចំណុច ពិសេស ដែលត្រូវ កត់ សម្គាល់ ខ្លាំងដែរ ប្រសិន បើ បេក្ខជន ប្រធានាធិបតីរូប ណា ម្នាក់ ទទួល សំឡេង បាន ត្រឹម ២៧០ សំឡេង ពី អង្គបោះឆ្នោត នោះ បាន សេចក្តី ថា ឈ្នះឆ្នោត គ្រប់ គ្រង សេតវិមាន ហើយ។ ត្រង់ចំណុច នេះ គេ ត្រូវរំឭកទៅដល់ ករណី ពិសេស កាលពីឆ្នាំ ២០១៦ រវាងលោក ដូណាល់ ត្រាំ និងអ្នកស្រី Hillary Clinton។ កាលណោះ អ្នកស្រី Hillary Clinton បានទទួលសំឡេងគាំទ្រច្រើនជាងលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជា ទូទៅ ទូទាំង ប្រទេស ក៏ពិត មែន ប៉ុន្តែ ថា លោក ដូណាល់ ត្រាំ បែរ ជា ទទួលបានជ័យជម្នះទៅវិញ ព្រោះរូប លោក បាន ទទួល សំឡេងគាំទ្រ ពីប្រតិភូតំណាង ចំនួន ច្រើនជាង អ្នកស្រី Hillary Clinton។ កាល ពីឆ្នាំ ២០០០ ក៏ដូច្នោះដែរ។ គ្រា នោះ លោក Al Gore ទទួល បាន សំឡេងឆ្នោត ពី ប្រជាពលរដ្ឋ អាមេរិក ចំនួន ច្រើន ជាង លោក Goerge W. Bush រហូតដល់ ទៅ ជាង ៥០ម៉ឺន សំឡេង ប្រសិន បើ គិតជា សន្លឹកឆ្នោត សរុប នៅ ទូទាំង ប្រទេស។   ផ្ទុយទៅវិញ បែរ ជា លោក Goerge W. Bush ឯណោះ ទេ ដែល ជា អ្នកឈ្នះ បាន ធ្វើ ជា ប្រធានាធិបតី អាមេរិក ។ នេះក៏ព្រោះតែ លោក Goerge W. Bush ទទួល បាន អង្គបោះឆ្នោត ច្រើន ជាងលោក Al Gore ។ ករណីពិសេសៗ បែបនេះ ធ្លាប់ កើត ឡើង ៤-៥ លើក រួចមកហើយ។ បញ្ហា នេះក៏ពី ព្រោះតែ ប្រព័ន្ធអង្គបោះឆ្នោត ផង និង ព្រោះតែ ប្រព័ន្ធ «Winner Takes All »ផង ។





គួរ បញ្ជាក់ថា អង្គបោះឆ្នោត ឬ ប្រតិភូតំណាង នៅ អាមេរិក ត្រូវ បែងចែក ទៅតាម បណ្តា រដ្ឋ និង រដ្ឋធានីវ៉ាស៊ីងតោន។ បណ្តា រដ្ឋនីមួយៗ ត្រូវ មាន សមាជិក ក្នុង អង្គបោះឆ្នោត ស្មើ នឹង ចំនួន តំណាង របស់ ខ្លួនក្នុង សភា សហព័ន្ធ (សភាជាន់ទាប Congress និងសភា ជាន់ ខ្ពស់ រួម បញ្ចូលគ្នា)។ ពោលគឺ សមាជិកព្រឹទ្ធសភា ដែល រដ្ឋនីមួយៗ មាន ២រូបស្មើៗគ្នា បូកជាមួយនឹង សមាជិករដ្ឋសភា។ ចំនួន សមាជិក រដ្ឋសភាព ទី នេះ វា អាស្រ័យ នឹងចំនួន កំណត់ ទៅតាម ចំនួន ប្រជាជន ក្នុងរដ្ឋ នីមួយៗ។ ចំណែកចំពោះ វ៉ាស៊ីនតោន   ជា រដ្ឋធានី មិនមែន ជា រដ្ឋ និងគ្មាន តំណាង ក្នុង សភា សហព័ន្ធ ក៏ទេ ដែរ តែត្រូវគេ បាន សម្រេច ឲ្យ មាន អង្គបោះឆ្នោត ចំនួន ៣ នាក់ ។

ការ រាប់សន្លឹកឆ្នោត

ដើម្បីរាប់ សន្លឹក ឆ្នោត បាន ទាល់តែ រង់ចាំ បិទទ្វារការិយាល័យ បោះឆ្នោត សិន។  សហរដ្ឋ អាមេរិក មាន ផ្ទៃដីលាតសន្ធឹង ធំទូលាយ ពេលវេលាម៉ោង ពេល ដើរខុសគ្នា ហើយ រដ្ឋខ្លះ ត្រូវ បិទកាល័យ នៅ ម៉ោង ១១យប់ ឯរដ្ឋខ្លះ ត្រូវបិទ នៅ ម៉ោងជិត ភ្លឺ ស្អែកឡើង ក៏មាន។

ម្យ៉ាងទៀត ត្រូវ ចាំថា គេ អាច បោះឆ្នោត ពីចម្ងាយ តាមប្រអប់ ប្រៃសណីយ៍ បាន ដែរ ។ ក៏ប៉ុន្តែ ចំពោះ ពលរដ្ឋអាមេរិក រស់ នៅក្រៅបរទេស ពុំ អាច ទៅបោះឆ្នោត នៅស្ថានទូត របស់ខ្លួន បាន (ដូច ករណី ប្រទេស បារាំង បានទេ) គឺ ចាំបាច់ ត្រូវ ផ្ញើ សន្លឹកឆ្នោត របស់ខ្លួន តាមរយៈ ប្រៃសណីយ៍ ផ្ញើ ទៅ មណ្ឌល បោះឆ្នោត របស់ខ្លួន នៅ សហរដ្ឋអាមេរិក ។ តាំងពីមុន ថ្ងៃបោះឆ្នោត មកម្ល៉េះ ដែល ពលរដ្ឋ អាមេរិក ប្រមាណ ជា ៨០ លាន នាក់ បាន បោះឆ្នោត រួច ទៅហើយ តាមរយៈ ការបោះឆ្នោត ពីចម្ងាយយ៉ាង ដូច្នេះ។

គួរឲ្យ កត់សម្គាល់ ចំពោះការរាប់សន្លឹកឆ្នោត ក្នុង បណ្តាញ រដ្ឋភាគច្រើន មា ន២ដំណាក់ កាល។ លើកទី១ គេរាប់ តាម ប្រព័ន្ធ បច្ចេកវិទ្យា ដោយ មា នស្កែន កូដ Code ដើម្បី ដឹង លទ្ធផល បឋម សិន ហើយ គេ នឹង រាប់ ផ្ទៀង ផ្ទាត់ ម្តងទៀត ដោយ ដៃ ផ្តល់ ដើម្បីបញ្ជាក់ ឲ្យដឹងកាន់តែច្បាស់។ រួច ហើយ លទ្ធផល នោះ ត្រូវ បញ្ជាក់ ទទួល ស្គាល់ ពី អ្នក ទទួល ខុសត្រូវ ការិយាល័យ មុន នឹង បញ្ជូន ទៅអាជ្ញាធរ រៀប ចំ ការបោះឆ្នោត, បញ្ជូន ទៅ រដ្ឋ ហើយ និង អ្នក តំណាង គណ បក្ស នយោបាយ នៅមូលដ្ឋាន។

លទ្ធផល បោះឆ្នោត  អាច ដឹង ភ្លាមៗ ដែរ ឬទេ ?

រាល់ ការ បោះឆ្នោត ប្រធានាធិបតី អាមេរិក ម្តងៗ លទ្ធផល ត្រូវគេ ដឹង ច្បាស់ នៅពេលផ្សេងៗ ស្ទើរតែរាល់លើក។ ប្រសិន បើ គិត ត្រឹមតែ ជាង ២ទសវត្សរ៍ ចុងក្រោយ នេះ  គេឃើញថា លទ្ធផល បោះឆ្នោត ពី១ អាណត្តិ ទៅ១ អាណត្តិ គេ អាច ដឹង នៅ ថ្ងៃ ផ្សេងៗ ខុសៗគ្នា។

ជាក់ស្តែង កាលពី ជំនាន់ ឆ្នាំ ២០២០ ពេល ដែល លោក ចូ បៃដិន ឈ្នះ លោកដូណាល់ ត្រាំ ប្រព័ន្ធ ឃោសនា អាមេរិក ផ្សាយ លទ្ធផល នៅ ពេល ៤ ថ្ងៃ បន្ទាប់ពីការបោះឆ្នោត រួច។ ជំនាន់ ជ័យ ជម្នះ របស់ លោក ដូណាល់ ត្រាំ ដែល ឈ្នះ លើ អ្នកស្រី Hillary Clinton កាលពីឆ្នាំ២០១៦ លទ្ធផល គេ អាច ដឹង នៅ មួយ ថ្ងៃបន្ទាប់ពី បោះឆ្នោតរួច។ ចំណែក លក្ខណៈ ពិសេស បន្តិច ចំពោះ ជ័យ ជម្នះ របស់ លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ ២០០៨ គេ អាច ប្រារព្ធពិធី អបអរ ជ័យ ជម្នះ នៅ យប់ ថ្ងៃ បោះឆ្នោត តែម្តង។ ផ្ទុយទៅវិញ កាលពីជំនាន់ លោក Goerge W. Bush គេត្រូវ រង់ចាំ លទ្ធផល ជាច្រើន សប្តាហ៍ រហូត ដល់ ថ្ងៃទី ១២ ខែធ្នូ ឯណោះ។ បានសេចក្តីថាប្រមាណជា ៥ សប្តាហ៍ ក្រោយ ពីថ្ងៃ បោះឆ្នោត ។ ដ្បិត ថា ដំណើរ ការ រាប់ សន្លឹកឆ្នោត យូរ ហើយ និងមាន ការ ប្តឹងផ្តល់ នៅរដ្ឋ ហ្វ័រីដា រហូត ដល់ តុលាការ កំពូល អាមេរិក ទៀត ផង ៕


N.0020

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top