អូស្ត្រាលី គ្រោងធ្វើច្បាប់ហាមឃាត់ អនីតិជនអាយុក្រោម ១៦ ឆ្នាំ មិន ឲ្យ ប្រើ បណ្តាញ សង្គម

7News

អូស្ត្រាលី គ្រោងធ្វើច្បាប់ហាមឃាត់ អនីតិជនអាយុក្រោម ១៦ ឆ្នាំ មិន ឲ្យ ប្រើ បណ្តាញ សង្គម

លោក នាយករដ្ឋមន្ត្រីអូស្ត្រាលី អង់តូនី អាល់បាណេស បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី ៧វិច្ឆិកា ថារដ្ឋាភិបាល លោក នឹង ស្នើអត្ថបទច្បាប់មួយ ដើម្បីហាមឃាត់ អនីតិជន អាយុក្រោម ១៦ឆ្នាំ មិន ឲ្យ ប្រើប្រាស់ បណ្តាញ សង្គម ។ លោក អះអាងថា វិធានការនេះ នឹង ដាក់ពិន័យ ផងដែរ ទៅលើ ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម ដែល មិនបានចាត់វិធានការ គ្រប់គ្រាន់ ក្នុងការ ការពារអ្នកប្រើប្រាស់ ដែលងាយ រងគ្រោះ ។

កាលពីថ្ងៃទី ៧វិច្ឆិកា លោកអង់តូនី អាល់បាណេស បាន ប្រាប់អ្នកកាសែតថា រដ្ឋាភិបាល លោក នឹងស្នើច្បាប់ថ្មីមួយ ដើម្បី ហាមឃាត់ ក្មេងៗ អាយុ ក្រោម ១៦ឆ្នាំ មិន ឲ្យ ប្រើប្រាស់ បណ្តាញសង្គម ។ លោក អះអាងថា ច្បាប់នេះជាច្បាប់ ដែល ផ្តល់អត្ថប្រយោជន៍ ខ្លាំងណាស់ ទៅដល់ឪពុកម្តាយ អាណាព្យាបាល ព្រោះថា បណ្តាញសង្គម បានជះឥទ្ធិពលអាក្រក់ ខ្លាំងណាស់ ទៅលើក្មេងៗយុវជនទាំងអស់ ។ អត្ថបទច្បាប់ថ្មីនេះ នឹងត្រូវបញ្ជូនទៅ កាន់អភិបាលរដ្ឋនីមួយៗដើម្បីពិនិត្យ ខ្លឹមសារ នៅក្នុងសប្តាហ៍នេះ មុននឹងបញ្ជូនទៅ កាន់ សភាអូស្ត្រាលីបោះឆ្នោតអនុម័ត នៅចុងខែវិច្ឆិកា ។

លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី បាន លើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យា Algorithme ដែលបណ្តាញ សង្គម ប្រើប្រាស់ បានបង្ហោះ ចេញ ដោយស្វ័ យប្រវត្តិ នូវមតិកាមួយចំនួន នៅក្នុងទូរស័ព្ទដែល លោក មិនចង់ឃើញ ឬមិនគួរឃើញ។ ចុះយើងចោទសួរទៅមើល បើក្មេងអាយុ ១៣-១៤ឆ្នាំ ដែលជាវ័យងាយ រងឥទ្ធិពល ងាយរងគ្រោះ បានឃើញនូវមាតិកា មិនគួរឃើញទាំងនេះ ?

ផ្អែកតាមការលើកឡើងរបស់ លោក អង់តូនី អាល់បាណេស តាមរយៈច្បាប់ថ្មីនេះ គឺ ក្រុមហ៊ុន គ្រប់គ្រងបណ្តាញសង្គម ទាំងអស់ នឹងត្រូវមានកាតព្វកិច្ច ធានាបញ្ជាក់ថា អ្នកប្រើប្រាស់នីមួយៗ គឺពិតជា មានអាយុគ្រប់ ទៅតាមការកំណត់របស់ច្បាប់ ពុំនោះទេ នឹងរងការពិន័យ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អះអាងថា មិនមែនឪពុកម្តាយ អាណាព្យាបាលទេ ដែលត្រូវមានកាតព្វកិច្ចហាមឃាត់ កូនខ្លួន ។ ហើយ ក្មេងៗអនីតិជន ក៏មិនរងនូវ ការពិន័យអ្វីដែរ។ ក្រុមហ៊ុនបណ្តាញសង្គម នឹងមានពេលវេលា ១ឆ្នាំ ដើម្បីត្រៀមរៀបចំយន្តការដើម្បីគោរពច្បាប់នេះ ។

ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Intagram បានបញ្ជាក់ ឲ្យដឹងថា គេនឹងអនុវត្តទៅតាមខ្លឹមសារនៃច្បាប់ថ្មីរបស់អូស្ត្រាលី នេះគ្រប់ពាក្យទាំងអស់ ។ តែទន្ទឹមគ្នានេះ លោក Antigone Davis ប្រធាន ផ្នែក សន្តិសុខ រួមរបស់ Mata បាន លើកឡើងថា អូស្ត្រាលី ត្រូវតែ ពិចារណា ឲ្យ បានច្បាស់ ក្នុងការ ជ្រើសរើស មធ្យោបាយណាមួយ ដែល ឈានទៅ ហាមឃាត់ ការប្រើប្រាស់ បណ្តាញសង្គម សម្រាប់អនីតិជន ក្រោមអាយុ ។

យ៉ាងណាក៏ដោយ ផ្អែកតាម អ្នកជំនាញ គឺគេមានការលំបាក ណាស់ នៅក្នុងការដាក់រនាំង ហាមឃាត់ក្មេង មិនទាន់គ្រប់អាយុ មិន ឲ្យ ប្រើបណ្តាញសង្គម ។ លោក Tony Murray អ្នកស្រាវជ្រាវនៅ សកលវិទ្យាល័យ Melbourne បាន លើកឡើងថា តាមរយៈបទពិសោធន៍ កន្លងមក គឺ មធ្យោបាយ ផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់ បណ្តាញសង្គម វាគឺជារឿងងាយ ស្រួលគេចវៀងណាស់។

គួរកត់សំគាល់ថា ប្រឈមនឹងបញ្ហា កាន់តែធ្ងន់ឡើងៗ បណ្តាល មកពីឥទ្ធិពលអាក្រក់ របស់ បណ្តាញ សង្គម ទៅលើក្មេងៗ អាជ្ញាធរដ្ឋជាច្រើនបាន ចាប់ផ្តើមដាក់វិធានការហាមឃាត់។ ជាក់ស្តែងនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ច្បាប់ថ្មីមួយនឹងចូលជានៅខែមករាដើមឆ្នាំក្រោយ ហាមឃាត់មិន ឲ្យ ក្មេងអាយុក្រោម១៤ឆ្នាំ បើក គណនីបណ្តាញសង្គម ។ នៅអេស្ប៉ាញវិញ គេបានកំណត់អាយុ ចាប់ពី ១៦ឆ្នាំឡើង។ តែ ករណីទាំង ២នេះ គឺអាជ្ញាធររដ្ឋនៅមិនទាន់កំណត់ថានឹង ប្រើប្រាស់វិធីបែបណា ដើម្បី ផ្ទៀងផ្ទាត់អាយុពិតប្រាកដរបស់ ម្ចាស់គណនីទេ ។

ចំណែកនៅបារាំងកាលពីឆ្នាំ ២០២៣ គេបានធ្វើច្បាប់ កំណត់អាយុ ចាប់ពី ១៥ឆ្នាំឡើង ទើប អាចប្រើបណ្តាញសង្គមបាន។ តែច្បាប់នេះមិនទាន់ចូលជាធរមានទេ ដោយត្រូវរងចាំ ការពិនិត្យ ពី គណៈកម្មការអឺរ៉ុប។ លោក ម៉ាក្រុង បានថែមតាំង អះអាងថា លោកចង់ហាមឃាត់មិន ឲ្យ ក្មេងអាយុ ក្រោម ១១ឆ្នាំ មានទូរស័ព្ទដៃប្រើប្រាស់ទៀតផង ។ នៅចិនវិញ គេបានចេញច្បាប់ហាមឃាត់អនីតិជន មិន ឲ្យ ប្រើប្រាស់បណ្តាញសង្គម តាំងតែពីឆ្នាំ ២០២១។ ដើម្បីបើកគណនី បណ្តាញសង្គមបាន គឺគេ ត្រូវតែ បង្ហាញអត្តសញ្ញាណបណ្ណសំគាល់ខ្លួន។ នៅចិន ក្មេងអាយុ ក្រោម ១៤ឆ្នាំ អាចប្រើ បណ្តាញសង្គម Douyin ឬ Tik Tok បាន តែមិន ឲ្យ លើស ៤០នាទីទេ ក្នុង មួយថ្ងៃ៕


N.0031

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top