ឥណ្ឌាបានបង្រ្កាប និងរឹបអូសថ្នាំញៀនជាង ៥តោន មកពីភូមា

7News

 ឥណ្ឌាបានបង្រ្កាប និងរឹបអូសថ្នាំញៀនជាង ៥តោន មកពីភូមា

កងឆ្មាំសមុទ្រឥណ្ឌា បានប្រកាសក្នុងថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ពីការបង្ក្រាបនិងរឹបអូសថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (Méthamphétamine) សរុបប្រមាណជាង ៥តោន នៅលើទូកនេសាទមួយ មកពីប្រទេសភូមា។ កងឆ្មាំសមុទ្រឥណ្ឌា បានចេញល្បាតនិងប្រទះឃើញទូកនេសាទនេះ ពីលើឧទ្ធម្ភាគចក្រ នៅសមុទ្រអង់ដាម៉ង់ (Andaman) ដែលនៅស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងភូមា។

កងឆ្មាំសមុទ្រឥណ្ឌាបានបញ្ជាក់លំអិតនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការស្ទាក់ចាប់ទូកនេសាទមកពីប្រទេសភូមា ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា ដោយរឹបអូសបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួនសរុប  ៥ពាន់៥រយ គីឡូក្រាម ដែលមានតម្លៃរាប់លានអឺរ៉ូ។ ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងនៅក្នុងដែនសមុទ្រឥណ្ឌា និងបានឃាត់ខ្លួនជនជាតិភូមា ចំនួន ៦នាក់ ដែលជិះនៅលើទូកនេសាទនោះ ។ តាមសេចក្តីប្រកាសព័ត៌មានរបស់កងឆ្មាំសមុទ្រឥណ្ឌាដដែល ទូកនេសាទដែលចាប់បាននោះ ត្រូវបានគេអូសទៅទុកនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកឥណ្ឌា។ កងឆ្មាំសមុទ្រឥណ្ឌាបានបញ្ជាក់ថា នេះជាការបង្រ្កាបនិងរឹបអូសគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមកទេ។

គួរបញ្ជាក់ថា តំបន់ ត្រីកោណមាស ដែលជាចំនុចប្រសព្វនៃប្រទេសចំនួនបី រួមមាន ភូមា ឡាវ និងថៃ គឺជាទីតាំងកណ្តាលខាងផលិតគ្រឿងញៀន តាំងពីច្រើនទស្សវត្សរ៍មកហើយ។ ក្រៅពីនេះ តំបន់ត្រីកោណមាសនោះ ក៏ជាតំបន់ត្រូវ គេ ស្គាល់ជាតំបន់បទល្មើសឧក្រិដ្ឋកម្មសព្វបែបយ៉ាង និងជាកន្លែងផលិតនិងរត់ពន្ធគ្រឿង ញៀន ពិសេសប្រភេទមេតំហ្វេតាមីន និងអាភៀន។ គួររម្លឹកថា ចាប់តាំងពីរបបសឹកបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីលោកស្រីម្ចាស់ពានរង្វាន់ណូប៊ែល អ៊ុនសាន ស៊ូជី កាលពីថ្ងៃចន្ទ ទី១ កុម្ភះ ឆ្នាំ២០២១ កន្លងមក ការបង្រ្កាបនិងរឹបអូសថ្នាំញៀនប្រភេទ មេតំហ្វេតាមីននៅតំបន់ត្រីកោណមាស មានការថមថយ។


យោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ដែលផលិតនៅប្រទេសភូមា ត្រូវអ្នករត់ពន្ធគ្រឿងញៀនដឹកជញ្ជូនតាមផ្លូវសមុទ្រ ដើម្បីគេចពីការឃ្លាំមើលរបស់អាជ្ញាធរមានសមត្ថកិច្ច នៅព្រំដែនចិននិងថៃ។ អង្គការដដែលនេះ បានឲ្យដឹងទៀតថា តម្លៃលក់ដុំរបស់ថ្នាំញៀនប្រភេទមេតំហ្វេតាមីននៅកន្លែងផលិត មានតម្លៃប្រមាណ ៣៨០អឺរ៉ូ ក្នុងមួយគីឡូក្រាម។


Nº.0104


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top