ព្រះរាជវង្សអង់គ្លេសរងការរិះគន់ ថា គ្មានតម្លាភាព និងកេងប្រវញ្ចញើសឈាមប្រជាជន
គ្រួសាររាជវង្ស អង់គ្លេស កំពុង រងអង្រួនដោយ រឿងអាស្រូវ ហិរញ្ញវត្ថុ? យោងតាម ការចុះផ្សាយ របស់ កាសែតអង់គ្លេស Sunday Times ព្រះមហាក្សត្រ អង់គ្លេស ឆាល ទី៣ និង ព្រះរាជបុត្រ ស្នងរាជ្យ វីលៀម ទាំងពីរអង្គ បាន ទទួល ផលចំណេញ ពីការជួលដី ទីតាំង ទៅ ឲ្យ ស្ថាប័នរដ្ឋ ដូចជា មន្ទីរពេទ្យ ឬ ពន្ធនាគារ ជាដើម ដែលកំពុង ជួបវិបត្តិថវិកា។ ការចុះផ្សាយ របស់កាសែត អង់គ្លេសមិនត្រឹម បើកកកាយ ឲ្យគេឃើញ ទ្រព្យសម្បត្តិមហាសាល របស់ រាជវង្ស ប៉ុន្តែ នៅបាន សង្កត់ធ្ងន់ថា ស្ថាប័ន រកប្រាក់ចំណូល ឲ្យ គ្រួសារ រាជវង្ស អង់គ្លេស ទទួល អនុគ្រោះ លើកលែងពន្ធរដ្ឋ ក្នុងខណៈពេល ដែលអង់គ្លេសកំពុង មានសេដ្ឋកិច្ច ដើរអូសជើង។
ស្ថិតក្នុង ចំណោមគ្រួសាររាជវង្ស ចំនួន ៥ដែលមាន ជាងគេ បំផុត ក្នុង លោក គ្រួសាររាជវង្ស អង់គ្លេស ស្ថិតក្រោម ពន្លឺភ្លើង រិះគន់ សាជាថ្មី បន្ទាប់ពីកាសែត ក្នុង ស្រុកអង់គ្លេស ចុះផ្សាយ លាតត្រដាង ពី ប្រភពទ្រព្យសម្បត្តិ និង ការខ្វះតម្លាភាព នៃ ការគ្រប់គ្រង បេតិកភណ្ឌ និង ប្រាក់ ចំណូល របស់ គ្រួសារ រាជវង្សអង់គ្លេស។
អត្ថបទស៊ើបអង្កេត របស់ កាសែត Sunday Times ដែលទូរទស្សន៍អង់គ្លេស Channel 4 ដកស្រង់មក ចាក់ ផ្សាយ នៅសប្តាហ៍មុនបាន លាតត្រដាងឲ្យគេ ដឹងថា ព្រះមហាក្សត្រអង់គ្លេស ឆាល ទី ៣ និង រាជបុត្រ ស្នងរាជ្យ វីលៀម បានទទួល ចំណូល រាប់លាន ផោនពី ការជួលដី ទីតាំងទៅ ឲ្យ ក្រសួងរដ្ឋ តាមរយៈ ស្ថាប័នគ្រប់គ្រង អចលនទ្រព្យ របស់ រាជវាំង ចំនួន ពីរគឺ Duchy of Lancaster ដែលជា កម្មសិទ្ធិ របស់ ព្រះមហាក្សត្រ ឆាលទី ៣ និង Duchy of Cornwall របស់ ព្រះរាជបុត្រ ស្នងរាជ្យ វីលៀម។
បើតាមអត្ថបទស៊ើបអង្កេត របស់ កាសែត អង់គ្លេស ដែលមានចំណងជើងថា “ព្រះរាជា រាជបុត្រ និង អាថ៌កំបាំងរាប់លាន របស់ទ្រង់” ព្រះមហាក្សត្រ អង់គ្លេស ឆាលទី ៣ មាន ទ្រព្យសម្បត្តិផ្ទាល់ ខ្លួន ប្រមាណ ៦១០ពាន់លាន ផោន ស្មើនឹង ៧៣៤លាន អឺរ៉ូ ច្រើនជាង ព្រះមហាក្សត្រីយ៍អេលីហ្សាប៊ែតទី២ ដែលជា មាតា។ ជាមួយ កេរមរតកពីមាតា ព្រះមហាក្សត្រ ឆាល ស្ថិតនៅក្នុង បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេ នៅ អង់គ្លេស។ បើតាម ការចុះផ្សាយ របស់ កាសែត ក្នុងស្រុកអង់គ្លេស ស្ថាប័ន Duchy of Lancaster ដែលជា កម្មសិទ្ធិ របស់ ព្រះមហាក្សត្រ ឆាលទី ៣ និង Duchy of Cornwall មាន ដីធ្លី អគារ សម្រាប់ជួលសរុប ចំនួន ៥៤០០នៅក្នុងរាជាណាចក្រ អង់គ្លេស ដែលអាច ផ្តល់ប្រាក់ចំណូលប្រមាណ ៥០លាន ផោន ក្នុង មួយឆ្នាំៗ។ការទទួលប្រាក់ ចំណូល ពី ស្ថាប័ន គ្រប់គ្រង អចលទ្រព្យរបស់រាជវាំង Duchy of Lancaster ជារឿងត្រឹមត្រូវ តាមច្បាប់។ ប៉ុន្តែ អ្វីដែល ប្រជាជនអង់គ្លេស មិនបាន ដឹង ឬ ដឹងតិចតួចនៅត្រង់ថា ព្រះមហាក្សត្រ ឆាលទី ៣ នៅតែបានទទួលប្រាក់ចំណូល ពីការជួលដី ទីតាំង ទៅ ឲ្យស្ថាប័នរដ្ឋ នោះបើទោះបីជា ស្ថាប័នរដ្ឋ កំពុងជួប ការលំបាកផ្នែកហិរញ្ញវត្ថុ ដូចជា មន្ទីរពេទ្យរដ្ឋ ក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេស បានលើកយកករណី ទីតាំង មួយ ក្នុង មន្ទីរពេទ្យអង់គ្លេស ដែល ក្រសួងសុខាភិបាលអង់គ្លេស បានជួល ពី Duchy of Lancaster របស់ ព្រះអង្គឆាលក្នុង តម្លៃ ជាង១១លាន ផោន ដើម្បី ចតរថយន្ត សង្រ្គោះបន្ទាន់។ ចំណែក ពន្ធនាគារ Dartmoorនៅភាគខាងត្បូង ទីក្រុង ឡុងដ៍ ជាទីតាំង ដែល ក្រសួងយុត្តិធម៌ អង់គ្លេស បានជួលពី Duchy of Cornwall របស់ ព្រះរាជបុត្រ ស្នងរាជ្យ វីលៀមបានទំហំ ទឹកប្រាក់ ៣៧លានផោន សម្រាប់រយៈពេល ២៥ឆ្នាំ។
នេះមិនមែនជាលើកទី១ទេ ដែល ក្រុមគ្រួសាររាជវង្ស រងការរិះគន់ ថាបានទទួល ឯកសិទ្ធិផ្តាច់មុខ ខណៈប្រជាជន អង់គ្លេស កំពុង មានជីវភាព លំបាក។ នៅឆ្នាំ២០១៣ គណៈកម្មការសភា បាន ចោទសួរពីការលើកលែងពន្ធ លើ ប្រាក់ចំណូល បានមកពីការជួលទីតាំង អចលនទ្រព្យ របស់ គ្រួសាររាជវង្ស។ ប៉ុន្តែ បន្ទាប់ពី គ្រួសាររាជវង្ស ចេញមកបដិសេធថា មិនបាន ប្រព្រឹត្តកំហុស រឿងអាស្រូវ បាន ចុះ ស្ងាត់ ទៅវិញ។
N.0051