ឆ្មាំសមុទ្រអឺរ៉ុបពួតដៃតាមដាននាវាចិន១គ្រឿងព្រោះសង្ស័យ ធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ

7News

 ឆ្មាំសមុទ្រអឺរ៉ុបពួតដៃតាមដាននាវាចិន១គ្រឿងព្រោះសង្ស័យ ធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ

ក្រោយ ពីសង្ស័យ រុស្ស៊ី នៅពេលនេះ ប្រទេស បស្ចិមលោក បាន ដាក់ក្តី សង្ស័យ លើ ចិន វិញម្តង។ ឆ្មាំសមុទ្រស៊ុយអ៊ែត ដាណឺម៉ាក និងហ្វាំងឡង់ រួមគ្នាតាមដាននាវាចិនមួយគ្រឿង ដែលគេសង្ស័យថាអាចមានពាក់ព័ន្ធ នឹងការធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ។ ទោះជាយ៉ាងក៏ដោយចុះ ឆ្នាំសមុទ្រ និងតម្រួត នគរបាល អឺរ៉ុប ពុំ អាច ចាប់ឃាត់ នាវា ចិន១គ្រឿង នោះ បានទេ នៅ ពេលនេះ ពី ព្រោះ វា ចត នៅ តំបន់ ដែន ទឹក សមុទ្រ អន្តរជាតិ 

ឆ្មាំសមុទ្រ ស៊ុយអែត បានប្រកាស បញ្ជាក់ នៅ ថ្ងៃ សៅរ៍ ថា បាន ចូលរួម ជាមួយ ដាណឺម៉ាក់ ដើម្បី តាម ដាន នាវា ចិន ១គ្រឿង ដែល បោះយុថ្កា នៅ សមុទ្រ បាល់ទិក ហើយ នៅ មិនឆ្ងាយ ប៉ុន្មាន ពីកន្លែង ដែល ជួប គ្រោះថ្នាក់ ដាច់ ប្រព័ន្ធខ្សែកាប បង្កប់ ក្រោម សមុទ្រ។ ការពួត ដៃ ឃ្លាំមើល នាវាចិន ពេលនេះ ធ្វើ ឡើង បន្ទាប់ពី តម្រួត នគរបាល ហ្វាំងឡង់ បាន ដាក់ ក្តីសង្ស័យ កាលពីថ្ងៃ សុក្រ ទៅលើ នាវា ចិន ១គ្រឿង ឈ្មោះ Yi Peng 3 របស់ ក្រុម ហ៊ុន ចិន Ningbo Yipeng Shipping Co. ដែលបោះយុថ្កានៅត្រង់ ច្រកសមុទ្រ Kattegat ចន្លោះ ដាណឺម៉ាក និង ស៊ុយអែត។

កាលពីថ្ងៃទី ១៧ និងទី ១៨វិច្ឆិកា កន្លងទៅនេះ ប្រទេស អឺរ៉ុប យ៉ាង ហោច ៤ មានជាអាទិ៍ ប្រទេសអាល្លឺម៉ង់ ហ្វាំងឡង់ ស៊ុយ អែត និង លីទុយអានី ត្រូវ រង ការវាយប្រហារ ផ្តាច់ ប្រព័ន្ធខ្សែកាប បង្កប់ ក្រោម សមុទ្រ បាល់ទិក ។ ពីដំបូង បណ្តា ថ្នាក់ដឹកនាំ ប្រទេស ទាំងនោះ ទាំង រដ្ឋមន្ត្រី ការពារជាតិ និង ប្រមុខ ការទូត បានធ្វើ សន្និសីទ កាសែត និង ដាក់ ក្តីសង្ស័យ ថា ជាស្នាដៃ របស់ រុស្ស៊ី ។ ក៏ប៉ុន្តែ ពេល ដំណាល គ្នា នោះ ថ្នាក់ដឹកនាំ រុស្ស៊ី បាន បដិសេធ រាល់ ការ ចោទប្រកាន់ ទាំងឡាយ មកលើខ្លួន ។

នៅពេល នេះ ពួក ប្រទេស អឺរ៉ុប បែរ ជា មាន តម្រុយ មុខ សញ្ញាថ្មី ដាក់ ក្តី សង្ស័យ ទៅលើ ចិន វិញម្តង។ បើតាម ប៉ូលិស ដាណឺម៉ាក់ នាវាចិន១ គ្រឿង នេះ បាន បោះយុថ្កា នៅ សមុទ្រ បាល់ទិក តាំងតែពី ថ្ងៃ អង្គារ មកម្ល៉េះ។ ពោល គឺ ១ថ្ងៃបន្ទាប់ពីហេតុការ ណ៍ គ្រោះថ្នាក់ ដាច់ ខ្សែកាប ក្រោម សមុទ្រ ២ កន្លែង ផ្ទួនៗ គ្នា។ នាវា យាមល្បាត របស់ ឆ្មាំ សមុទ្រ ដាណឺម៉ាក់ បាន តាម ដាន នាវា ចិន តាំងពី ថ្ងៃ ពុធ រហូត ដល់ ថ្ងៃសៅរ៍ ហើយ ប្រទេស អឺរ៉ុប ផ្សេងៗទៀត ក៏ បាន បញ្ចូន ក្រុម ឆ្មាំសមុទ្រ ប្រទេស រៀងៗខ្លួន ជាបន្តបន្ទាប់ ឲ្យ ឃ្លាំមើល មុខ សញ្ញាថ្មី នេះដែរ ហើយនិង ប្រកាស ថា ឲ្យ តែ នាវាចិន Yi Peng 3 លើកយុថ្កា ទៅណា ទៀត នាវាពួក អឺរ៉ុប ទាំង នោះ នឹង បន្ត តាមមើល ឲ្យ កៀក ប្រកិត បំផុត ។

បើតាម វិបសាយ VesselFinder ដែល តាម ដាន ដំណើរនាវាចរណ៍, នាវាចិន Yi Peng 3 បាន ចេញ ដំណើរពីកំពង់ផែរុស្ស៊ី Oust Louga ខាងលិច Saint-Pétersbourg កាលពីថ្ងៃទី ១៥វិច្ឆិកា។

ជុំវិញ បញ្ហា នេះ រដ្ឋបាល ទីក្រុង ប៉េកាំង តា មរយៈ លោក Lin Jian អ្នកនាំពាក្យក្រសួង ការ បរទេស ចិន បា ន ច្រាន ចោល ការ ទទួល ខុសត្រូវ ចំពោះ ហេតុការ ណ៍ ផ្តាច់ ខ្សែកាប ក្រោម សមុទ្របាល់ទិក ។ តែ ថ្នាក់ដឹកនាំ ចិន អះអាងថា បន្ត សហការជាមួយ ប្រទេសភាគី ពាក់ព័ន្ធ ព្រមទាំង ជាមួយ ដាណឺម៉ាក ដែរ ដើម្បី បន្ត ធ្វើការ ជាមួយ គ្នា នៅលើផ្លូវការទូត។

គួរ រំឭក ថា ខ្សែកាបកប់ ក្រោម សមុទ្រ ដាច់ ខូច ខាត ២ កន្លែង។ ខ្សែកាប ១ បាន ប្រវែង ចម្ងាយ ១ ១៧២ គីឡូម៉ែត្រ តភ្ជាប់ ពី ទីក្រុង ហែលស៊ីនគី នៃ ប្រទេស ហ្វាំងឡង់ ទៅកាន់ ទី ក្រុង រូស្តុក (Rostock) របស់ អាល្លឺម៉ង់ ។ កន្លែង ដាច់ ខូច ខាត ឋិត នៅ ក្បែរនឹង កោះ ១ របស់ ស៊ុយអែត ហើយ មាន ចម្ងាយ ប្រមាណ ៧០០ គីឡូម៉ែត្រ ពី ក្រុង ហែល ស៊ីនគី។ ខ្សែកាប ១ទៀត ភ្ជាប់ពី ប្រទេស ស៊ុយអែត ទៅ ប្រទេស លីទុយអានី ក៏ ដាច់ ដែរ។

តម្រួត នគរបាល ហ្វាំងឡង់ បាន បញ្ជាក់ពីថ្ងៃអង្គារ ថា ប្រព័ន្ធ ខ្សែកាប បង្កប់ ក្រោម សមុទ្រ ជ្រៅ ប្រសិន បើ គ្មា នអំពើ ចេតនា បង្កការ បំផ្លិច បំផ្លាញ ពីខាងក្រៅទេ នោះ វា មិនអាច ដាច់ ដោយងាយៗទៅរួច ឡើយ ។ ស្រដៀងគ្នាដែរ រដ្ឋមន្ត្រី ការពារជាតិ អាល្លឺម៉ង់ Boris Pistorius បាន លើកឡើង ពី ចេតនា បំផ្លិត បំផ្លាញសុទ្ធសាធ ហើយ ក៏គ្មាន នរណា ម្នាក់ ជឿសោះឡើង ថា ខ្សែកាប ក្រោម សមុទ្រ បាល់ទិក អាច ដាច់ ដោយ ឯងៗ ក៏ទេដែរ៕


N.0095


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top