កូរ៉េខាងត្បូង៖ បុរសម្នាក់ជាប់ទោសពីបទប្រឹងទទួលទានអាហារឲ្យឡើងទម្ងន់ដើម្បីគេចពីកាតព្វកិច្ចយោធា
នៅ កូរ៉េខាងត្បូង បុរស ជនជាតិ កូរ៉េខាងត្បូង ម្នាក់ ត្រូវ បាន កាត់ ទោស ឲ្យ ជាប់ ពន្ធធនាគារ រយៈពេល ១ឆ្នាំ ពី បទ មាន ចេតនា ប្រឹង ទទួល ទាន អាហារ ឲ្យ ឡើង ទម្ងន់ ដើម្បី គេច វេស ពី កាតព្វកិច្ចយោធា។ នេះ បើ យោងតាម តុលាការ ទីក្រុង សេអ៊ូល ថ្លែង ប្រាប់ ទីភ្នាក់ងារ ព័ត៌មាន បារាំង AFP។
មាន អាយុ ២៦ឆ្នាំ បុរស ជនជាតិ កូរ៉េខាងត្បូង ត្រូវ បាន តុលាការ កាត់ទោស ឲ្យ ជាប់ ពន្ធនាគារ រយៈពេល ១ឆ្នាំ ដោយត្រូវព្យួរទោស ពី បទ ល្មើស នឹង ច្បាប់កាតព្វកិច្ច យោធា។ ល្មើស នឹង ច្បាប់ កាតព្វកិច្ច យោធា ដោយសារ តែ បុរស រូប នោះ មាន ចេតនា ប្រឹង បរិភោគ អាហារ យ៉ាង ច្រើន ដើម្បី ឲ្យ ធាត់ លើស ទម្ងន់ ដែល មានចែង នៅក្នុង លក្ខខណ្ឌ ចូល បម្រើ កងទ័ព។ បុរស រូប នោះ បាន ចាប់ ផ្តើម ទទួល ទាហាន របបអាហារ ពិសេស ដែល មិត្តភ័ក្តិ ម្នាក់ បាន ណែនាំ ហើយ មិត្តភ័ក្តិ ម្នាក់ រូប នោះ ក៏ ត្រូវ បាន តុលាការ កាត់ទោស ឲ្យ ជាប់ ក្នុង ពន្ធនាគារ ដូច គ្នា តែ មាន រយៈពេល ត្រឹម ៦ខែ។ នៅ ចំពោះ មុខតុលាការ បុរស ជាប់ចោទ វ័យ ២៦ឆ្នាំ បាន សារភាព ថា ខ្លួន ពិត ជា បាន ធើ្វ តាម ការ ណែនាំ របស់ មិត្តភ័ក្តិ ដែល ប្រាប់ ថា បើ សន្ទស្សន៍ ម៉ាស រាងកាយ លើស ពី ៣៥ គឺ នឹង ទទួលបាន ការ លើកលែង ចូល បម្រើ កងទ័ព។
របបអាហារ ដើម្បី បង្កើន ទម្ងន់ គឺ បង្កើន ការទទួលទានអាហារ ទ្វេដង និង បរិភោគ ទឹក ច្រើន លើស លប់ មុន ពេល ទៅ ពិនិត្យ វាស់ រូបរាងកាយ។ ជាក់ស្តែង ក្នុង ឆ្នាំ ២០១៧ បុរស ម្នាក់ នោះ មាន កំពស់ ១ម៉ែត្រ៦៩ និង មានទំងន់ ៨៣គីឡូក្រាម។ បន្ទាប់មក ក្នុង ឆ្នាំ២០២២ គាត់ ឡើង ទំងន់ រហូត ដល់ ១០៥គីឡូក្រាម និង ស្រក មក នៅ សល់ ១០២គីឡូក្រាម នៅ ឆ្នាំ ២០២៣។ បើតាម តុលាការសេអ៊ូល ជន ជាប់ ចោទ បាន សារភាព កំហុស និង បាន បង្ហាញ ឆន្ទៈ ក្នុង ការ បំពេញ កាតព្វកិច្ច យោធា ដោយ ស្មោះ អស់ ពី ចិត្ត។ ដូច្នេះតុលាការ សម្រេច ព្យួរទោស ពោល គឺជនល្មើស មិន ត្រូវ ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំនោះទេ។ រដ្ឋបាល បុគ្គលិក យោធា បាន បង្ហាញ បញ្ជី ចំនួន ជនល្មើស រំលោភច្បាប់ កាតព្វកិច្ច យោធា ដោយ បិទ ឈ្មោះ អាយុ អាស័យដ្ឋាន និង ហេតុផល ដែល គេចវេះ។
ក្នុង ឆ្នាំ ២០២៣ មាន យុវជន យ៉ាង ហោច ណាស់ ៣៥៥នាក់ បាន គេច វេះ កាតព្វកិច្ច យោធា ដោយ ខុស ច្បាប់។ នេះ ជា ចំនួន ច្រើន ជាង គេ បើ រាប់ចាប់ តាំង ពី មាន ការ ធ្វើ បញ្ជី ជនលើ្មស កាតព្វកិច្ច យោធា ក្នុង ឆ្នាំ២០១៥។
កាល ពី ប៉ុន្មាន ឆ្នាំ មុន តារា កូរ៉េល្បីៗ ជា ច្រើន នាក់ បាន ព្យាយាម គេចវេះ មិនព្រម បំពេញ កាតព្វកិច្ចយោធា ដោយ បាន បន្លំ ឯកសារ ស្តីពី បញ្ហា សុខភាព។ ជា អាទិ៍ ក្នុង ឆ្នាំ ២០២៣ តារារេប K-Pop ម្នាក់ ឈ្មោះ Ravi ត្រូវ តុលាការ កាត់ទោស ពី បទ បន្លំ ឯកសារ ពេទ្យ ដោយ បញ្ជាក់ ថាមាន ជំងឺ ឆ្កួតជ្រូក។ តែ ក្រោយ មក តារា រូប នោះ បង្ហោះ សារ សុំទោស ជា សារធារណៈ នៅ លើ បណ្តាញសង្គម។
សូម រំលឹក ថា នៅ កូរ៉េខាងត្បូង យុវជន ដែល មាន អាយុ ក្រោម ៣០ឆ្នាំ ត្រូវបំពេញ កាតព្វកិច្ច យោធា រយៈពេល ២ឆ្នាំ។ ប៉ុន្តែ អ្នក ដែល មាន បញ្ហា សុខភាព អាច ត្រូវ បញ្ជូន ទៅ ឲ្យ ធ្វើ ការ ផ្នែក រដ្ឋបាល វិញ។ យុវជនកូរ៉េខាងត្បូង ត្រូវជាប់កាតព្វកិច្ច បម្រើទ័ព ក្នុង កាលៈទេសៈ ដែល កូរ៉េខាងត្បូង នៅ មិនទាន់ ចុះ កិច្ចព្រមព្រៀង សន្តិភាពបញ្ចប់សង្រ្គាមជាមួយ កូរ៉េខាងជើង ដែលបានអះអាង ជាមហាអំណាចនុយក្លេអ៊ែរគំរាមកំហែង កូរ៉េខាងត្បូង ជា ប្រចាំ៕
Nº.0106