ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទ​បញ្ចប់​ហើយ​កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានពន្យារចំនួនពីរលើក។

7News

 (ភ្នំពេញ)៖





 ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទ​បញ្ចប់​ហើយ​កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានពន្យារចំនួនពីរលើក។

យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រយៈពេលប្រមាណជា១០ខែមកនេះ គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេស​​កូរ៉េខាត្បូង បានទទួលពាក្យស្នើសុំ​ផ្តល់​លិខិតឆ្លងដែនសរុបចំនួន ៦,២៥២ច្បាប់ និងបាន​បើក​លិខិត​ឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករ​ខ្មែរបានសរុបចំនួន ៤,៩៧១នាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះថ្នាក់​ដឹក​នាំ​មន្ត្រី​នគរបាលជាតិ​ ​នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​​​ ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថាន​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រ​ចិត្តទាំង​អស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូន​ប្រជាពល​រដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងកូរ៉េខាងត្បូង នៅស្ថានឯក​អគ្គរាជ​ទូត​កម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រហូតឈានសម្រេចបានការបិទបញ្ចប់ដំណើរការនៃការផ្តល់​សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលការលំបាក និងកាត់​បន្ថយ​បន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករនៅប្រទេសកូរ៉េបានយ៉ាងច្រើន។

សម្តេចមហាបវរធិបតី ក៏បានសម្តែងក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅរបស់​ប្រជា​ពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ។

សូមរំលឹកថា កាលពីរដើមឆ្នាំ២០២៤ ក្រោយពេលឡើងកាន់ការងារជានាយករដ្ឋមន្ត្រីភ្លាម សម្តេច​មហាបវរ​ធិប​តី ហ៊ុន ម៉ាណែត បានណែនាំឱ្យ​មន្ត្រីទៅផ្តល់សេវាលិខិតឆ្លង​ដែនដោយផ្ទាល់នៅស្ថាន​ទូត​​កម្ពុជា​ប្រចាំ​ប្រទេសកូរ៉េខាងត្បូង ដើម្បីសម្រួលការលំបាក និងកាត់បន្ថយការចំណាយប្រាក់​របស់​ប្រជា​ពល​រដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវការធ្វើលិខិតឆ្លង​ដែនថ្មី ឬត្រូវ​ពន្យារ​លិខិតឆ្លងដែនដែលអស់សុពលភាពនោះ។

ការផ្តល់សេវានេះដើមឡើយគ្រោងបញ្ចប់នៅខែឧសភា តែដោយពិនិត្យឃើញមានការស្នើសុំសេវានៅមានច្រើននៅឡើយនោះ សម្តេចនាយករដ្ឋមន្ត្រីក៏បានពន្យារដល់ខែសីហា។ ដល់ខែសីហា ក៏ត្រូវពន្យារជាថ្មីម្តងទៀត ដល់ខែវិច្ឆិកានេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលនៅមានចំនួនច្រើន។

តាមរយៈវិធានការផ្តល់សេវាលិខិតឆ្លងដែនដោយផ្ទាល់នៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្ហាញឱ្យឃើញនូវការគិតគូរ និងការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះផលប្រយោជន៍ តម្រូវការ និងការលំបាករបស់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ ធ្វើការ សិក្សារៀនសូត្រក្នុងប្រទេសកូរ៉េខាងត្បូង។

ពលរដ្ឋដែលទទួលបានសេវានេះ បានសម្តែងក្តីរីករាយ និងពេញចិត្តចំពោះវិធានការនេះ ព្រោះបានជួយសម្រួលការលំបាក និងការចំណាយថវិកា ចំពោះការឡើងមកធ្វើលិខិតឆ្លងដែនក្នុងប្រទេសកម្ពុជា ពេលលិខិតឆ្លងដែនរបស់ពួកគេហួសសុពលភាពប្រើប្រាស់៕

N.0007

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top