ចិន៖ ការប្រើប្រាស់ធ្យូងថ្ម អាចកើនឡើងខ្លាំងដល់ចំណុចកំពូល នៅឆ្នាំ២០២៥
ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេក្នុងពិភពលោក។ ការប្រើប្រាស់ធ្យូងថ្មនៅចិន ទំនងជានឹងកើនឡើងខ្លាំងដល់ចំណុចកំពូលនៅឆ្នាំ២០២៥ ហើយអាចធ្លាក់ចុះមកវិញ នៅពេលដែលរដ្ឋាភិបាលចិន ប្រឹងប្រែងផលិតថាមពលកកើតឡើងវិញបានគ្រប់គ្រាន់ នាពេលខាងមុខ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវស្តីពីថាមពល ចេញផ្សាយនៅថ្ងៃពុធ ទី២៧ វិច្ឆិកា។
មជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងបរិយាកាសស្អាត ហៅកាត់ថា CREA និងវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សានៃការផ្លាស់ប្តូរថាមពល ហៅកាត់ថា ISETS បានធ្វើការអង្កេតស្រាវជ្រាវស្តីអំពីការប្រើប្រាស់ធ្យូងថ្មនៅចិន។ នៅក្នុងចំណោមអ្នកជំនាញទាំងអស់ ដែលគេបានសាកសួរដើម្បីធ្វើការអង្កេតនេះ គឺ៥២% បានអះអាងថា ការប្រើប្រាស់ធ្យូងថ្មរបស់ចិន នឹងកើនឡើងដល់កម្រិតកំពូល នៅឆ្នាំ២០២៥។
លោក សុនប៉េង ស្ស៊ី Xunpeng Shi ប្រធានវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សានៃការផ្លាស់ប្តូរថាមពលបានលើកឡើងថា កម្មវត្ថុចង់ឲ្យមានអព្យាក្រិតភាពកាបូននៅចិន មិនមែនជារឿងងាយស្រួលឡើយ ខណៈពេលដែលសេដ្ឋកិច្ចចិនកំពុងកើនឡើងខ្លាំងលើសការរំពឹងទុក។ តែយ៉ាងណា ការប្រឹងប្រែងរបស់ចិនក្នុងការកាត់បន្ថយឧស្ម័កាបូនិក បានចាប់ផ្តើមឃើញផ្លែផ្កាហើយ។
យោងតាមរបាយការណ៍ខាងលើ ការអនុញ្ញាតសាងសង់រោងចក្រថាមពលធ្យូងថ្មនៅចិន បានធ្លាក់ចុះ ៨៣% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ហើយក៏មិនមានគម្រោងផលិតដែកដោយប្រើប្រាស់ធ្យូងថ្មថ្មីណាមួយ ត្រូវបានអនុម័តក្នុងពេលនេះដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនាញមានសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងអំពីសមត្ថភាពរបស់ចិន ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយរដ្ឋាភិបាលចិន បានសម្រេចគោលដៅផលិតថាមពលដើរដោយកង្ហារខ្យល់ និងពន្លឺព្រះអាទិត្យ រយៈពេល៦ឆ្នាំ មុនការគ្រោងទុក។
ដោយឡែក លោក Lauri Myllyvirta អ្នកវិភាគជាន់ខ្ពស់នៃមជ្ឈមណ្ឌល CREA បានលើកឡើងថា បើទោះបីជាចិនបានព្យាយាមអស់ពីសមត្ថភាព ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅចិន អាចនឹងកើនឡើង ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ហើយអាចថយចុះមកវិញបន្តិចបន្តួចក្រោយឆ្នាំ២០៣០។ លោក Myllyvirta បានបន្តទៀតថា ចិនត្រូវតែពន្លឿនការដាក់ពង្រាយថាមពលកកើតឡើងវិញ ឬក៏តម្រង់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ច ដោយប្រើប្រាស់ថាមពលតិចជាងមុន"។
គួរបញ្ជាក់ថា ការផលិតថាមពលអគ្គិសនីដោយប្រើធ្យូងថ្មនៅស្រុកចិន ត្រូវគេរំពឹងថានឹងកើនឡើងសាជាថ្មី នៅក្នុងឆ្នាំនេះ ទោះបីជាក្នុងអត្រាទាបបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ក៏ដោយ។ ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងស្តីពីអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ចិនបានដាក់ផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ដើម្បីឈានទៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅទូទាំងប្រទេស។ ក្នុងន័យនេះ ចិនបានសន្យា ថានឹងឈានទៅសម្រេចបាននូវអព្យាក្រឹតភាពកាបូនទាំងស្រុង នៅឆ្នាំ ២០៦០៕
Nº.0108