សភា វៀតណាម បើកភ្លើងខៀវ ឲ្យ សាងសង់ ខ្សែផ្លូវ រថភ្លើង ល្បឿនលឿន តម្លៃ ៦៧ពាន់លាន ដុល្លារ

7News

 សភា វៀតណាម បើកភ្លើងខៀវ ឲ្យ សាងសង់ ខ្សែផ្លូវ រថភ្លើង ល្បឿនលឿន តម្លៃ ៦៧ពាន់លាន ដុល្លារ

វៀតណាម នឹង សាងសង់ ផ្លូវរថភ្លើង ល្បឿនលឿន ដើម្បីតភ្ជាប់ពីក្រុងរដ្ឋបាល ហាណូយ ទៅកាន់ ហូជីមិញ ក្រុងសេដ្ឋកិច្ច នៅភាគខាងត្បូងប្រទេស។ នេះបើតាម ការសម្រេច របស់ សភាវៀតណាម នៅថ្ងៃ សៅរ៍ទី ៣០ វិច្ឆិកា។ វៀតណាមសង្ឃឹមថា គម្រោងផ្លូវដែក តម្លៃ ៦៧ពាន់លាន ដុល្លារ ដែល មាន ឈ្មោះថា ខ្សែបន្ទាត់ ជើងត្បូង នឹង ទាក់ទាញ អ្នកវិនិយោគ ដើម្បី ជំរុញ កំណើន សេដ្ឋកិច្ច វៀតណាម ឲ្យកាន់តែ បោះពួយលឿនទៅមុខបន្ថែមទៀត។

បន្ទាប់ពីរារែកអស់ជាច្រើនឆ្នាំ សភាវៀតណាម នៅថ្ងៃ សៅរ៍ទី ៣០ វិច្ឆិកា បាន អនុម័ត យល់ព្រម ឲ្យ សាងសង់ ខ្សែផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ ពី ជើងទៅត្បូង ពីក្រុងរដ្ឋបាល ហាណូយ ទៅកាន់ ក្រុងសេដ្ឋកិច្ចហូជីមិញ ដែល មាន ប្រវែង ប្រមាណ ១៥០០គីឡូម៉ែត្រ។ យោងតាម សេចក្តីប្រកាស ចុះផ្សាយ នៅលើ វិបសៃតិ៍ របស់ សភាវៀតណាម ផ្លូវរថភ្លើង ល្បឿនលឿន នឹង កាត់បន្ថយ ពេលវេលា ធ្វើដំណើរ ពីភាគខាងជើង ទៅកាន់ភាគខាងត្បូងវៀតណាម ពី ៣០ម៉ោង មកនៅ ត្រឹម ៥ម៉ោង។ ខ្សែរថភ្លើងល្បឿនលឿន របស់វៀតណាម នឹង ឈប់ នៅ តាម ស្ថានីយ៍ ចំនួន ២៣ កន្លែង ក្នុង ខេត្ត ក្រុង ចំនួន ២០ ពី ជើងទៅត្បូង របស់ វៀតណាម។

អនុរដ្ឋមន្រ្តីវៀតណាមទទួលបន្ទុក ផែនការ និង ការវិនិយោគ លោក ចិន គួកហ្វឿង Tran Quoc Phuong ចាត់ទុក ខ្សែផ្លូវរថភ្លើង ល្បឿនលឿន តម្លៃ ៦៧ពាន់លាន ដុល្លារ នេះថា ជាការបោះជំហាន មួយយ៉ាងធំ ផ្នែក ហេដ្ឋារចនាសម្ព័ន្ធវៀតណាម។ លោក សង្ឃឹម ថា ផ្លូវ រថភ្លើង ល្បឿនលឿននឹងអាច ជួយ ឲ្យ GDP ផលិតផល ក្នុងស្រុក សរុប របស់វៀតណាម កើនឡើង ជាមធ្យម ០,៩៧% ក្នុងមួយ ឆ្នាំ។

ស្ថិតក្នុងចំណោមប្រទេស ដែល កំពុង មាន កំណើន សេដ្ឋកិច្ច ជាប់ជានិច្ច វៀតណាម បានដាក់ គោលនយោបាយ ទាក់ទាញ អ្នកវិនិយោគ បរទេស ជាពិសេស ក្រុមហ៊ុនដែល ចង់ ងាកចេញពី ប្រទេស ចិន មក ដាក់ ទុន និយោគ បង្កើត រោងចក្រ នៅ ប្រទេសអាស៊ី ផ្សេងទៀត ដូចជា វៀតណាមជាដើម។ ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធខ្សត់ខ្សោយ គ្មានគុណភាព ខ្វះផ្លូវថ្នល់ និងការវិនិយោគ តិចតួច លើ វិស័យ ផ្លូវដែក ជាឧបសគ្គ មិន ឲ្យ វៀតណាមអាច ទាក់ទាញ អ្នកវិនិយោគ ក្នុងស្រុក និងបរទេស។

សភាវៀតណាម ផ្ទាល់ បាន បោះឆ្នោត ប្រឆាំង កាលពី ឆ្នាំ ២០១០ ដោយ ខ្លាច ថា វៀតណាម ត្រូវចំណាយ អស់ លុយច្រើន ទៅលើ គម្រោង សាងសង់ រថភ្លើងល្បឿនលឿន ដែលគេ វាយតម្លៃ កាលណោះថា នឹង ត្រូវ ចាយអស់ ប្រាក់ ៥៦ពាន់លានដុល្លារ។

ប៉ុន្តែ បើតាម អ្នកជំនាញ សេដ្ឋកិច្ច ដូចជា លោក Dan Martin មកពី ក្រុមហ៊ុនប្រឹក្សា ពាណិជ្ជកម្មអន្តរជាតិ Dezan Shira& Associates សភាវៀតណាម បាន ផ្លាស់ប្តូរ ជំហរ មកវិញ នៅ ១៤ឆ្នាំ ក្រោយ ដោយមកពីមើលឃើញ ខ្សែផ្លូវដែក កំពុង វិវត្ត បោះជំហានយ៉ាងលឿន នៅតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ឡាវ និង ឥណ្ឌូណេស៊ី បានបិទបញ្ចប់ ការសាងសង់ ខ្សែផ្លូវ រថភ្លើង ល្បឿនលឿន ក្រោមជំនួយ និង ប្រាក់ កម្ចី របស់ចិន។ អ្នកជំនាញ ខាងលើ វាយតម្លៃថា ផ្លូវរថភ្លើង ល្បឿនលឿន នឹង ធ្វើ ឲ្យ វៀតណាម ដើរតួនាទី កាន់តែ សំខាន់ នៅក្នុងតំបន់។ សេដ្ឋកិច្ចវៀតណាម នឹង បោះជំហាន លឿនស្លេវ ទៅមុខ ព្រោះថា ខ្សែផ្លូវរថភ្លើង នឹង ជំរុញ ការផលិត កាត់បន្ថយ ពេលវេលា និង ពង្រឹង តួនាទី របស់វៀតណាម នៅក្នុង នាមជាអ្នកផ្គត់ផ្គង់ ផលិតផល ប្រកបដោយ ប្រសិទ្ធិភាព។

វៀតណាម នឹង ទទួលបាន អត្ថប្រយោជន៍ ពី ខ្សែផ្លូវរថភ្លើង ល្បឿនលឿន ចាប់ពី ឆ្នាំ ២០៣៥ ប្រសិន បើ ការសាងសង់ ដែលមាន រយៈពេល ៨ឆ្នាំ អាច ប្រព្រឹត្ត ទៅតាម ការគ្រោងទុក នៅ ឆ្នាំ ២០២៧។ គួរជា្របថា វៀតណាម មាន ប្រវត្តិខាង អនុវត្តយឺតយ៉ាវ គម្រោង សាងសង់ ផ្លូវដែក នាពេល កន្លងមក។ ជាក់ស្តែង ខ្សែមេត្រូទី ២ របស់ ក្រុង ហាណូយ ទើបបើកផ្លូវការ បន្ទាប់ពី ពន្យារពេលអស់ ១០ឆ្នាំ ខណៈដែល រថភ្លើង និងមេត្រូវ នៅទីក្រុង ហូជីមិញ ដែលត្រូវ បើក ដំណើរការ នៅ ឆ្នាំ ២០១៨ នៅបន្ត ជាប់គាំង រហូតមកដល់ សព្វថ្ងៃ។




Nº.0200

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top