ទឹកដីរុស្ស៊ី ដែល អ៊ុយក្រែន បានវាយដណ្តើម បាន កាលពី ខែសីហា គឺត្រូវបាន របូត ទៅវិញ អស់៤០%
កាលពីខែសីហា កងទ័ពអ៊ុយក្រែន បានបើកប្រតិបត្តិការ ផ្លេកបន្ទោរ រុលចូលទៅក្នុង ទឹកដី រុស្ស៊ី ត្រង់ តំបន់កួរស្ក៍ (Koursk) ជាច្រើនគីឡូម៉ែត្រការ៉េ។ ក៏ប៉ុន្តែ គិតត្រឹមពេលនេះ ផ្អែកតាមកងទ័ពអ៊ុយក្រែន គឺគេបានរបូតបាត់បង់ទឹកដីទាំងនេះទៅវិញ អស់ប្រមាណ៤០%ហើយ បន្ទាប់ពីកងទ័ពរុស្ស៊ីបានវាយបកវិញ។ តែយ៉ាងណា ក៏ដោយ អ៊ុយក្រែន អះអាងថា នៅតែបន្តគ្រប់គ្រងដែនដីរុស្ស៊ីមួយផ្នែក ដើម្បីប្រើប្រាស់វា ជាថ្នូរដោះដូរក្នុងពេលចរចា ដើម្បីរំដោះទឹកដីខ្លួនមកវិញ នៅតំបន់ដុនបាស។
ផ្អែកតាមប្រភពពីមន្ត្រីជាន់ខ្ពស់ នៃកងទ័ពអ៊ុយក្រែន ដែលបានប្រាប់ទីភ្នាក់ងារ ព័ត៌មាន Reuters ប្រតិបត្តិការវាយ សំរុក ចូល ក្នុងទឹកដី រុស្ស៊ី នៅតំបន់ Koursk កាលពីសីហា គឺបានអនុញ្ញាត ឲ្យ កងទ័ពអ៊ុយក្រែន ចូលទៅ គ្រប់គ្រងដែនដីរបស់ រុស្ស៊ី ប្រមាណ១៣៧៦ គីឡូម៉ែត្រក្រឡា។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ទឹកដីរុស្ស៊ី ដែលកងទ័ព អ៊ុយក្រែន បន្តគ្រប់គ្រង កាន់កាប់ គឺបាន ចុះថយ បន្តិចហើយ នៅសល់ត្រឹម ៨០០គីឡូម៉ែត្រក្រឡា ពោលគឺបានរបូតទៅវិញអស់ ប្រមាណ ៤០%។
ផ្អែកតាមប្រភពដដែលនេះ គឺរុស្ស៊ីបានប្រមូលកម្លាំងទាហាន ប្រមាណ៦ម៉ឺននាក់ មកផ្តុំត្រង់តំបន់ Koursk ក្នុងរវាង ៤ខែមកនេះ ដើម្បី ប្រយុទ្ធដេញឲ្យកងទ័ព អ៊ុយក្រែនដកថយវិញ ។ កងទ័ពរុស្ស៊ី បានប្រើប្រាស់យុទ្ធសាស្ត្រតាក់ទិក ដែលខ្លួនបានប្រើ នៅតំបន់ដុនបាស ដើម្បីយកឈ្នះលើកងទ័ពអ៊ុយក្រែននៅតំបន់ Koursk។
ដោយឡែក ប្រភពពីកងទ័ពអ៊ុយក្រែនដែរ បានឲ្យដឹងថា យ៉ាងហោចណាស់ មានទាហានកូរ៉េខាងជើង ចំនួន ១១០០០នាក់ ដែលត្រូវបាន រុស្ស៊ីបញ្ជូន មកតំបន់ Koursk ដើម្បីជួួយខាងរុស្ស៊ី។ ក៏ប៉ុន្តែគិតត្រឹមពេលនេះ គឺភាគច្រើនទាហានកូរ៉េខាងជើងកំពុងតែធ្វើការហ្វឹកហាត់ត្រៀម ប្រយុទ្ធ ។
យ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅមិនទាន់អាចផ្ទៀងផ្ទាត់ប្រភព ឯករាជ្យផ្សេងទៀតឡើយ ទាក់ទិននឹងស្ថានការណ៍ នៅតំបន់ របស់រុស្ស៊ី។ ចំណែក ក្រសួងការពារ ជាតិរុស្ស៊ី ក៏បានបដិសេធមិនឆ្លើយបញ្ជាក់អ្វីទាំងអស់។
សូមរំលឹកថា កាលពីខែសីហា កងទ័ពអ៊ុយក្រែនបានបើកការ ប្រយុទ្ធសំរុកចូលទៅក្នុងទឹកដីរុស្ស៊ី ជាលើកទី១ ត្រង់តំបន់ Koursk ស្ថិតនៅមិនឆ្ងាយ ប៉ុន្មានពីព្រំដែនអ៊ុយក្រែន ភាគខាងជើង ធ្វើឲ្យរុស្ស៊ីភ្ញាក់ផ្អើលបំផុត។ ការវាយដណ្តើមចូលទឹកដីរុស្ស៊ីវិញនេះ គឺជាយុទ្ធសាស្ត្រដើម្បីបំបែកកម្លាំងទ័ពរបស់រុស្ស៊ី ដែល ផ្តុំគ្នាខ្លាំងនៅតំបន់ដុនបាស ហើយដែលបានរុកចូលខាងអ៊ុយក្រែន កាន់តែជ្រៅទៅៗ។
ជាមួយគ្នានេះ យុទ្ធសាស្ត្ររបស់អ៊ុយក្រែននេះ គឺដើម្បីយកទឹកដីរុស្ស៊ីដែលខ្លួន គ្រប់គ្រង ធ្វើជាថ្នូរដោះដូរជាមួយរុស្ស៊ី ក្នុងពេលចរចាទៅថ្ងៃអនាគត ឈានទៅ រំដោះទឹកដីរបស់ខ្លួនមកវិញខ្លះនៅតំបន់ដុនបាស។ បើមិនអាច ដោះដូរទឹកដីបាន ក៏អ៊ុយក្រែនអាចប្រើទឹកដីតំបន់ Koursk របស់ រុស្ស៊ីនេះ យក ធ្វើ ជា តំបន់ស ពុះចែក ព្រំដែន រវាង កងទ័ពទាំង២ដែរ ។ តែយ៉ាងណា យុទ្ធសាស្ត្រនេះ អាច ហុចផលវិជ្ជមានសម្រាប់អ៊ុយក្រែន លុះណាតែអ៊ុយក្រែន អាច មានសមត្ថភាព ទប់រឹងមាំ កុំ ឲ្យរបូត ទឹកដី របស់ រុស្ស៊ីនេះ ទៅវិញ ច្រើនខ្លាំងពេក៕
Nº.0097