ជម្លោះសាសនា នៅ ប៉ាគីស្ថាន ស្លាប់ ម នុស្ស យ៉ាងហោច ៤០នាក់
នៅ ប៉ាគីស្ថាន ខាង តំបន់ជាប់ ព្រំដែន អាហ្វហ្កានីស្ថាន មា នមនុស្ស ស្លាប់ យ៉ាងតិច ប្រមាណ ជា ៤០ នាក់ ។ នេះក៏ព្រោះតែ ការ វាយប្រហារ ប្រដាប់អាវុធ រវាង ក្រុម អ៊ីស្លាម និកាយ ស៊ីអ៊ីត និង ស៊ូនីត។ ហេតុការណ៍ ប៉ះទង្គិច បង្ហូរ ឈាម គ្នា នេះ បានកើតឡើង នៅថ្ងៃព្រហស្បតិ៍ តែ ក្បួន ហែសព បាន បង្កជា ក្តីខឹងសម្បារ និងបាតុកម្ម ជាហូរហែ នៅ ថ្ងៃ សុក្រ និង ថ្ងៃសៅរ៍ ទៀត។
អំពើហិង្សា កាប់ សម្លាប់ គ្នា រវាង ក្រុម អ៊ីស្លាម ប្រកាន់ និកាយ ស៊ីអ៊ីត និង ស៊ូនីត បាន កើតឡើង នៅក្នុង តំបន់ ស្រុក គូររាំ ចម្ងាយប្រមាណ ជា ២៥០គីឡូម៉ែត្រ ពី ទីរួម ខេត្ត ប៉េស្ហាវ៉ារ របស់ ប៉ាគីស្ថាន ហើយ ឋិត នៅ ជាប់ ក្បែរ នឹង ព្រំដែន អាហ្វហ្កានីស្ថាន។
អំពើហិង្សា បាន កើនឡើងថ្ងៃព្រហស្បតិ៍ ក្នុង សប្តាហ៍ នេះ នៅ ភូមិឋាន ច្រើន កន្លែង និង ច្រើន គ្រួសារ ដែល បណ្តាល មនុស្ស ប្រុស ស្រី ក្មេង ចាស់ ស្លាប់ យ៉ាងហោច ៤៣ នាក់។ ប្រសិន បើ គេ គិត ត្រឹមតែ ក្រុមអ៊ីស្លាម ប្រដាប់ អាវុធ មាន អ្នក ស្លាប់ ៣២ នាក់។ ក្នុងនោះ ១៤នាក់ស្លាប់ នៅខាង ក្រុម និកាយ ស៊ូនីត ហើយ និកាយ ស៊ីអ៊ីត ស្លាប់ ១៨ នាក់។ ចំណែក ហាង លក់ទំនិញ ៣១៧ កន្លែង ហើយ និង ផ្ទះសម្បែង យ៉ាងហោច ៣០០ ត្រូវ រង ការ ខូចខាត និង បំផ្លិតបំផ្លាញ។ នេះបើតាម ប្រភពពី មន្ទីររដ្ឋបាល ប៉ាគីស្ថាន ដែល បាន ប្រាប់ទីភ្នាក់ងារ ព័ត៌មាន បារាំង អាអែហ្វប៉េ ក្រោម ក្របខណ្ឌសុំ លាក់ឈ្មោះ ដោយ បញ្ជាក់ ទៀត ថា នៅក្នុង តំបន់ នោះ គ្មានការ ត្រួត ពិនិត្យ ការ ប្រើប្រាស់ អាវុធ ឲ្យ បាន ត្រឹមត្រូវឡើយ ហើយ សូម្បីតែ មន្ត្រី អាជ្ញាធរ សន្តិសុខ ខ្លួន ឯង ក៏ ញញើត ដែរ។
មួយ ថ្ងៃបន្ទាប់ ក្នុងឱកាស ហែមឈូស ដឹកសព មនុស្ស រាប់ពាន់នាក់ ជួប ជុំ បាតុកម្មមតិ និងក្តីខឹង សម្បារ។ ចំណែក ថ្ងៃ សៅរ៍ យ៉ាងហោច ពលរដ្ឋ ៣០០ គ្រួសារ បា នសម្រេច ចិត្ត រត់ ចោល ភៀសខ្លួន ចោល លំនៅដ្ឋាន រត់ ទៅរកកាន់ ទីប្រជុំក្រុង និងខេត្ត។