កម្ពុជាបេ្តជ្ញាលុបបំបាត់មជ្ឈមណ្ឌលបោកប្រាស់អនឡាញ
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាក់គោលជំហរជាថ្មីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។ លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនឹងមានប្រសិទ្ធភាព បើសិនជាមានកិច្ចសហការគ្រប់ជ្រុងជ្រោយ និងជាពិសេស មន្ត្រីជំនាញត្រូវតែមានភាពសកម្ម។
បន្ទាប់ពីចុះបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធ័រនែត ជាបន្តបន្ទាប់ ក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់សាជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធ័រនែតដំណើរការក្នុងប្រទេសកម្ពុជាឡើយ។ នៅក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាពការងារប្រឆាំង ការឆបោកតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មសកល។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI ថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ទៅកាន់មន្ត្រីអនុវត្តច្បាប់ រួមទាំងអភិបាលខេត្ត និងស្នងការប៉ូលិ សថាការ ទប់ស្កាត់ និងគាស់រំលើងប្រតិបត្តិការឧក្រិដ្ឋកម្មអនឡាញគឺជា ការងារអទិភាព របស់កម្ពុជាបច្ចុប្បន្ន ។ អ្នកនាំពាក្យរូបនេះចាត់ទុក បញ្ហាឧក្រិដ្ឋកម្មអនឡាញជាបញ្ហាសកលដែលប៉ះពាល់ដល់ប្រទេសជាច្រើន និងថា កម្ពុជាគ្រាន់តែ ជាប្រទេសរងគ្រោះមួយក្នុងចំណោមប្រទេសរងគ្រោះទាំងនោះប៉ុណ្ណោះ ។ ចំពោះលោក ខៀវ សុភ័គ កម្ពុជាចង់ឱ្យប្រទេសដទៃមានសមត្ថភាពខាងឧក្រិដ្ឋកម្មគួរតែជួយកម្ពុជា តាមរយៈការ ចែករំលែកព័ត៌មានមកកាន់កម្ពុជាជានិច្ច ។
គួររម្លឹ កថា អាជ្ញាធរកម្ពុជាទើបបង្ក្រាបឧក្រិដ្ឋកម្មបោកប្រាស់អនឡាញមួយទៀតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦វិច្ឆិកា ក្នុងអគារមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យ៣ ដោយបង្ក្រាបចាប់បានជនជាតិចិន និងប៉ាគីស្ថានជិត ២០០នាក់ដែលចូលរួមធ្វើសកម្មភាពលេងល្បែងអនឡាញខុសច្បាប់។ បើតាមអាជ្ញាធរកម្ពុជា ជនល្មើសទាំងនោះនឹងត្រូវបានបណ្តេញចេញពីកម្ពុជា។ ចំណែកអ្នកដឹកនាំសកម្មភាពលេងល្បែងអនឡាញខុសច្បាប់ រួមទាំងម្ចាស់អគារនោះនឹងត្រូវប្រឈមមុខនីតិវិធីច្បាប់។
ទោះជាយ៉ាងណា បន្ទាប់ពីបង្ក្រាបឧក្រិដ្ឋ កម្មលើកនេះ អគ្គស្នងការនគរបាលជាតិបានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
អគ្គស្នងការនគរបាលជាតិ លោកស ថេតបានបញ្ជាក់ក្នុងកិច្ចប្រជុំនៅថ្ងៃទី៧ វិច្ឆកាថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានរងនូវការចោទប្រកាន់ៗនានាដោយការលាបពណ៌ ទាក់ទងនឹងបទឧក្រិដ្ឋកម្មអនឡាញ។ ការចោទប្រកាន់នេះបានជះឥទ្ធិពលអាក្រក់ដល់វិស័យផ្សេងៗ ពិសេសការវិនិយោគ និងទេសចរណ៍។ដូច្នេះ ក្នុងករណីទទួលបានពាក្យបណ្ដឹង ឬប្រភពព័ត៌មានសង្ស័យណាមួយ ពាក់ព័ន្ធបទល្មើស ក្រុមមានសមត្ថកិច្ចត្រូវតែបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ពិសេសបទល្មើសធ្វើទារុណកម្ម ឬការចាប់បង្ខាំងផ្សេងៗ ព្រោះបទល្មើសនេះជាចំណុចរសើប ដែលត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា៕
N.0036