រដ្ឋអាជ្ញា តុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើចេញដីកាចាប់ខ្លួន មេដឹកនាំរបបសិកភូមា មីន អ៊ុងឡាំង

7News

 រដ្ឋអាជ្ញា តុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើចេញដីកាចាប់ខ្លួន មេដឹកនាំរបបសិកភូមា មីន អ៊ុងឡាំង

លោកការីម ខាន់ អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានចេញលិខិតប្រកាសមួយនៅថ្ងៃទី ២៧វិច្ឆិកា ដោយ បានបញ្ជាក់ថា លោក បានស្នើទៅ អង្គចៅក្រម សុំចេញដីកា តាមចាប់ខ្លួន លោក មីន អ៊ុងឡាំង មេដឹកនាំរបបសិកភូមា ។ លោកអគ្គរដ្ឋអាជ្ញា បានអះអាងថា ជាលទ្ធផលនៃការស៊ើបអង្កេតស៊ីជំរៅតាំងតែពីឆ្នាំ ២០១៩មក គឺ ក្រុមការងារលោក មាន ហេតុផល គ្រប់គ្រាន់ ជឿថាមេដឹកនាំរបបសិកភូមា ត្រូវតែប្រឈមនឹងការចោទប្រកាន់ពី បទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ធ្វើទៅ លើ ប្រជាជនរ៉ូហ៊ីងយ៉ា ចន្លោះពីឆ្នាំ ២០១៦ ដល់ដំណាច់ឆ្នាំ ០១៧យ៉ាងហោច ។

ការិយាល័យ ស៊ើបអង្កេត នៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បាន បញ្ជាក់ ឲ្យដឹងថា គេបានចាប់ផ្តើមបើកការស៊ើបអង្កេតតាំងតែពីឆ្នាំ ២០១៩មក ស្តីអំពីឧក្រិដ្ឋកម្ម ដែល បាន កើតមាន នៅ ក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចភូមា។ នៅទីនោះ រវាងពីឆ្នាំ ២០១៦ ដល់ដំណាច់ឆ្នាំ ២០១៧ ប្រជាជនរ៉ូហ៊ីងយ៉ា បាន រង នូវ កាប់សម្លាប់ វាយដុំ ដុតផ្ទះសំបែង រំលោភសេពសន្ទវៈ និងបណ្តេញ ចេញពីភូមិដ្ឋានជាដើម។ល។ ការធ្វើបាបយ៉ាងសាហាវព្រៃផ្សៃទាំងនេះ បាន ជំរុញ ឲ្យ ប្រជាជន រ៉ូហ៊ីងយ៉ា ប្រមាណ១លាននាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួន ទៅកាន់ ប្រទេសបង់ក្លាដែស ដែល បច្ចុប្បន្នពួកគេរស់នៅ យ៉ាងលំបាកលំបិន ក្នុងជំរំជនភៀសខ្លួនត្រង់តំបន់ Cox’Bazar។

ឆ្លងកាត់ការស៊ើបអង្កេត ជាច្រើនឆ្នាំមកនេះ លោក ការីម ខាន់ អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានអះអាងថាលោក មានហេតុផលគ្រប់គ្រាន់ និងសមហេតុ ផលបំផុត ជឿថា លោក មីន អ៊ុងឡាំង មេដឹកនាំរបបសិកភូមា ត្រូវតែប្រឈមនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ធ្វើទៅលើក្រុមជនជាតិរ៉ូហ៊ីងយ៉ា ។ ហេតុដូច្នេះហើយ ទើបលោក បាន សម្រេច ស្នើទៅកាន់អង្គចៅក្រម ឲ្យចេញដីកា តាមចាប់ខ្លួន មេដឹកនាំរបបសិកភូមា មីន អ៊ុងឡាំង។ លោកបន្ថែម ទៀតថា នេះជាលើកទី១ ដែល ការិយាល័យលោក បានសម្រេច ដាក់ពាក្យស្នើសុំដីកាចាប់ខ្លួនមេដឹកនាំកំពូលរបស់ ភូមា ហើយវានឹងនៅមានជាបន្តបន្ទាប់ទៀត ។

លោក ការីម ខាន់ បានបញ្ជាក់បន្ថែមថា ការិយាល័យ ស៊ើបអង្កេតរបស់ លោក បានប្រមូលភស្តុតាង ឯកសារ សក្ខីកម្មផ្សេងៗ បញ្ជាក់ថា អំពើឧក្រិដ្ឋទាំងនេះ ត្រូវបាន ប្រព្រឹត្តដោយ កងទ័ពជាតិភូមា “Tatmadaw” យ៉ាងហោច រវាង ពីថ្ងៃទី ២៥ សីហា ២០១៧ ដល់ ថ្ងៃទី ៣១ ធ្នូ ២០១៧ ។ នៅក្នុងអំឡុងពេលនេះ លោក មីន អ៊ុងឡាំង គឺជាអគ្គមេបញញ្ជការ កងទ័ពជាតិភូមាដោយផ្ទាល់។ ហើយ សកម្មភាព កាប់សម្លាប់ ធ្វើទុក្ខបុកម្នេញទៅលើជនរ៉ូហ៊ីងយ៉ាទាំងនេះ ត្រូវបាន ធ្វើ ដោយ មានការជួយចូលរួម គាំទ្រផងដែរ ពី នគរបាលជាតិភូមា នគរបាលព្រំដែន ព្រមទាំងជនស៊ីវីលភូមាខ្លះ ទៀតផង ។

សូមបញ្ជាក់ថា នីតិវិធីបន្ទាប់ គឺ អង្គចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលនឹងត្រូវបើកការប្រជុំសម្រេច ចេញដីកាចាប់ខ្លួននេះ ។ លោកស្រី Elena Vignoli អ្នកប្រឹក្សាជំនាញ យុត្តិធម៌អន្តរជាតិប្រចាំនៅអង្គការ Human Rights Watch បាន លើកឡើងថា ការសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺជាជំហានមួយដ៏សំខាន់ ដើម្បីឈានទៅ កាត់ផ្តាច់ សកម្មភាព រំលោភបំពាន និង និទណ្ឌភាពរបស់ពួកកងទ័ពភូមា ដែល បាន ធ្វើ អំពើហិង្សារំលោភសិទ្ធិមនុស្ស ម្តងហើយ ម្តងទៀត។

ដោយឡែក ប្រភពពីរដ្ឋាភិបាលរបបសិកភូមា បានប្រតិកម្មថា ភូមា មិនដែល ទទួលស្គាល់សមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេឡើយ។ ដូច្នេះ ភូមា គ្មានអីត្រូវទៅឈឺក្បាល ជាមួយ ដីការបស់ តុលាការនេះ បន្តិច សោះឡើយ ណា ។

យ៉ាងណាក៏ដោយ ប្រសិនបើតុលាការចេញដីកាចាប់ខ្លួនមែន ប្រទេសសមាជិកទាំង ១២៤ប្រទេស នៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលក្នុងនោះ មានប្រទេសកម្ពុជាដែរ នឹង ត្រូវបាន ករណីយកិច្ចចាប់ខ្លួ ន លោកមីន អ៊ុងឡាំង បញ្ជូនទៅកាន់តុលាការក្រុងឡាអេ ៕


Nº.0107


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top