លោក ពូទីន ត្រៀមខ្លួនជួបលោក ត្រាំ ដែលសន្យាថាបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន
ផ្សាយថ្ងៃទី១១ខែ១១ ឆ្នាំ២០២៤
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានអបអរសាទរជ័យជម្នះលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ហើយថាក្រុងមូស្គូ ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោតពីគណបក្សសាធារណរដ្ឋ។
ជាមួយនឹងការកោតសរសើរលោក ត្រាំ ដែលបានបង្ហាញភាពក្លាហាននៅពេលត្រូវបានខ្មាន់កាំភ្លើងម្នាក់ប៉ុនប៉ងធ្វើឃាត លោក ពូទីន ថ្លែងថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីសន្ទនាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកដែលទើបជាប់ឆ្នោតរូបនេះ។ នេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន #Aljazeera នៅថ្ងៃសុក្រ ទី៨ វិច្ឆិកា។
ក្នុងការកត់សម្គាល់ជាសាធារណៈលើកដំបូងចាប់តាំងពីជ័យជម្នះរបស់លោក ត្រាំ លោក ពូទីន បានហៅលោក ត្រាំ ជាបុរសពិតម្នាក់ដែលត្រូវបានគេប៉ុនប៉ងធ្វើឃាត ខណៈកំពុងថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រក្នុងរដ្ឋ Pennsylvania កាលពីខែកក្កដា កន្លងទៅ ដែលលោកឆក់ឱកាសនេះដើម្បីអបអរសាទរលោក ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោត។
លោក ពូទីន បានថ្លែងដូចនេះនៅក្នុង Valdai Discussion Club ជាវេទិកាអន្តរជាតិក្នុងទីក្រុង Sochi នៃតំបន់ឆ្នេរសមុទ្រខ្មៅ ដែលអ្នកសង្កេតការណ៍មើលឃើញថា លោក ពូទីន កំពុងសិក្សាអំពីគំនិត និងផែនការរបស់លោក ត្រាំ ដែលសន្យាជួយបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលរុស្ស៊ី បានឈ្លានពាន។
លោក ដូណាល់ ត្រាំ កន្លងមក បានសន្យាថា លោកនឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយប្រើពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះនៅពេលលោកក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្តែលោក ត្រាំ គ្រាន់តែប្រាប់ថានឹងពិភាក្សាទ្វេភាគីជាមួយលោក វូឡូឌីមៀ ហ្សេឡេនស្គី និងលោក វ្ល៉ាឌីមៀ ពូទីន ដោយមិនបានបញ្ជាក់ផែនការដោះស្រាយដោយវិធីណានោះទេ។
តែជាមួយគ្នានេះ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្ដីប្រកាសពីជំហររបស់ទីក្រុងមូស្គូ ក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមរដ្ឋការលោក ដូណាល់ ត្រាំ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍របស់រុស្ស៊ី និងផ្ដោតលើការសម្រេចផែនការនៃប្រតិបត្តិការយោធាពិសេសលើទឹកដីអ៊ុយក្រែន។
ដោយឡែកប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា លោកមិនបានដឹងនោះទេអំពីអ្វីដែលមានក្នុងផែនការរបស់លោក ដូណាល់ ត្រាំ នោះ ប៉ុន្តែលោកបានថ្លែងប្រាប់មេដឹកនាំអឺរ៉ុប នៅឯកិច្ចប្រជុំកំពូលក្នុងប្រទេសហុងគ្រី ថា លោកជឿថាលោក ត្រាំ អាចជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី បានលឿន។
បើតាមលោក ហ្សេឡេនស្គី ប្រសិនបើវាចប់លឿន មានន័យថាអ៊ុយក្រែន អាចនឹងត្រូវខាតបង់ ព្រោះលោក ត្រាំ ចង់បានការសម្រេចមួយដ៏ឆាប់រហ័ស ប៉ុន្តែការចង់បានមិនមានន័យថាវាអាចទៅរួចតាមចិត្តនោះទេ។
លោក ហ្សេឡេនស្គី ក៏បានទទូចទៅលោក ដូណាល់ ត្រាំ អំពីភាពគ្រោះថ្នាក់នៅចំពោះមុខសន្តិសុខសហរដ្ឋអាមេរិក ករណីកងទ័ពកូរ៉េខាងជើង កំពុងជួយច្បាំងកងទ័ពរុស្ស៊ី ប្រឆាំងនឹងកងទ័ពអ៊ុយក្រែន ដែលលោកថាវាមិនត្រឹមប៉ះពាល់អឺរ៉ុបនោះទេ គឺវានឹងប៉ះពាល់សហរដ្ឋអាមេរិកដែរ។
បើតាមភ្នាក់ងារចារកម្មប្រទេសកូរ៉េខាងត្បូង កងទ័ពកូរ៉េខាងជើង អាចមាន ១៣០០០នាក់ដែលបញ្ជូនទៅជួយច្បាំងនឹងកងទ័ពរុស្ស៊ី។ នៅក្នុងសមរភូមិខេត្ត Kursk ខាងក្នុងទឹកដីរុស្ស៊ី ដែលទ័ពអ៊ុយក្រែន វាយលុកកាន់កាប់បានលើផ្ទៃដីជាង ១៣០០គីឡូម៉ែត្រក្រឡា តាំងពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កងទ័ពកូរ៉េខាងជើង ១១០០០នាក់ត្រូវបានបញ្ជូនចូលច្បាំងជួយកងទ័ពរុស្ស៊ី ខណៈទ័ពរុស្ស៊ី អាចមានជាង ៤០០០០នាក់បានកំពុងព្យាយាមវាយបកកងទ័ពអ៊ុយក្រែន យ៉ាងខ្លាំង ដែលលោក ពូទីន បញ្ជាឱ្យវាយបណ្ដេញទ័ពអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី ឱ្យបានមុនដំណាច់ឆ្នាំ២០២៤ នេះ។
លោក ហ្សេឡេនស្គី បានទទូចឱ្យលោក ត្រាំ ប្រាប់ទៅលោក គីម ជុងអ៊ុន ឱ្យដកទ័ពកូរ៉េខាងជើង ទៅប្រទេសខ្លួនវិញ។
មានសេចក្តីរាយការណ៍ពីសេតវិមានថា លោក ចូ បៃដិន (Joe Biden) កំពុងប្រញាប់ប្រញាល់រៀបចំផ្តល់ជំនួយយោធាជាង ៦ពាន់លានដុល្លារជាជំនួយចុងក្រោយដល់ប្រទេសអ៊ុយក្រែន ឱ្យបានមុនលោក ត្រាំ ចូលកាន់តំណែងនៅសេតវិមានជាថ្មីឡើងវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
យ៉ាងណាមិញ លោក ត្រាំ អះអាងថា លោកនឹងមិនចាប់ផ្តើមសង្គ្រាមឡើយ ប៉ុន្តែផ្ទុយទៅវិញ រូបលោកនឹងបិទបញ្ចប់សង្គ្រាមនានា ដែលក្នុងនោះមានទាំងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។
ថ្លែងទៅកាន់ពលរដ្ឋអាមេរិកាំងក្រោយពីលទ្ធផលបោះឆ្នោតបង្ហាញថាលោកបានឈ្នះអ្នកស្រី កាម៉ាឡា ហារីស លោក ត្រាំ បានថ្លែងថា អំឡុងអាណត្តិទីមួយរយៈពេល ៤ឆ្នាំ មិនមានសង្គ្រាមអ្វីឡើយ ហើយមិនតែប៉ុណ្ណោះ ក្រុមភេរវករអន្តរជាតិ ISIS ថែមទាំងត្រូវបានកម្ចាត់ទៀតផង។
លោក ត្រាំ បានបន្តថា មនុស្សមួយចំនួនបានចោទប្រកាន់លោកថា ប្រសិនបើជាប់ឆ្នោតជាថ្មី លោកនឹងបង្កឱ្យមានសង្គ្រាម ប៉ុន្តែផ្ទុយទៅវិញ រូបលោកព្យាយាមបិទបញ្ចប់សង្គ្រាម។
នៅក្នុងរយៈពេល ៤ឆ្នាំនៃការកាន់អំណាច លោក ត្រាំ និងលោក ពូទីន ត្រូវបានគេសង្កេតឃើញមានកិច្ចសហប្រតិបត្តិការល្អ ហើយពួកគេមានភាពស្និទ្ធស្នាលទៀតផង។ ចំពោះប្រទេសចិន វិញ លោក ត្រាំ បែរជាព្យាយាមបង្កប្រឆាំងចិន ដោយបង្កើតឱ្យមានសង្គ្រាមពាណិជ្ជកម្ម រួមទាំងផ្ទុះភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងទៅវិញ៕
7news
N.0053