រដ្ឋាភិបាលកម្ពុជាប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណផលិតស្រាបៀរក្នុងស្រុក លើកលែងតែសម្រាប់នាំចេញ

7News

 រដ្ឋាភិបាលកម្ពុជាប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណផលិតស្រាបៀរក្នុងស្រុក លើកលែងតែសម្រាប់នាំចេញ

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត សម្រេចឈប់ផ្ដល់អាជ្ញាបណ្ណផលិតស្រាបៀរសម្រាប់ការចែកចាយនៅក្នុងស្រុក ប៉ុន្តែការផលិតសម្រាប់នាំចេញទៅក្រៅប្រទេសនៅតែមានសិទ្ធិទទួលបានអាជ្ញាបណ្ណ។ បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ការឈប់ផ្តល់អាជ្ញាបណ្ណផលិតស្រាបៀរក្នុងស្រុក តទៅទៀត គឺដើម្បីតម្រង់ទិស និងផ្ដល់យោបល់ជូនវិស័យឯកជន ខណៈទីផ្សាររបស់កម្ពុជាមិនតម្រូវឲ្យមានក្រុមហ៊ុនបន្ថែមទៀតឡើយ។


ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពលនាថ្ងៃទី២១ វិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលសម្រេចឈប់ផ្តល់អាជ្ញាបណ្ណផលិតស្រាបៀរក្នុងស្រុកបន្ថែមទៀត។ តាមលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានក្រុមហ៊ុនផលិតស្រាបៀរចំនួន៧រួចហើយ សម្រាប់ ផ្គត់ផ្គង់ក្នុងស្រុក។ ដូច្នេះ មិនតម្រូវឲ្យមានក្រុមហ៊ុនផលិតចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ឃើញថា ការឈប់ផ្ដល់អាជ្ញាបណ្ណផលិតស្រាបៀរសម្រាប់ការចែកចាយនៅក្នុងស្រុក គឺជាជោគជ័យមួយជំហានរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងគ្រឿងស្រវឹង។ លោក យង់ គឹមអេង បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏គួរតែពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងព្រោះថា បច្ចុប្បន្ននេះ ការចែកចាញលក់គ្រឿងស្រវឹងកំពុងកើតមានពាសពេញប្រទេស និងថា អ្នកដែលយកគ្រឿងស្រវឹងទៅលក់បន្តក៏គួរតែទទួលបានអាជ្ញាបណ្ណផងដែរ។
គួររម្លឹកថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជាបានជាប់គាំងជិត១០ឆ្នាំមកហើយ។ ខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់នេះ មានគោលដៅមិនអនុញ្ញាតឱ្យយុវជនអាយុក្រោម២១ឆ្នាំប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយច្បាប់នេះនឹងដាក់បន្ទុកពន្ធខ្ពស់ទៅលើគ្រឿងស្រវឹង និងរឹតបន្តឹងលើការបើកលក់គ្រឿងស្រវឹងពេលយប់ជាដើម។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោកយង់ គឹមអេង បានជំរុញឲ្យរដ្ឋាភិបាល ដំឡើងពន្ធលើគ្រឿងស្រវឹងបន្ថែមទៀត និងទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង ការផ្សព្វផ្សាយពីការទទួលបានរង្វាន់យ៉ាងសម្បើមផងដែរ។ ក្នុងន័យនេះលោក យង់ គឹមអេងលើកឡើងថា ការផ្តល់រង្វាន់តាមរយៈគ្រឿងស្រវឹងនេះ កំពុងធ្វើឲ្យយុវជនកម្ពុជាឈ្លក់វង្វេងនឹងស្រាបៀរ រហូតធ្វើឲ្យពួកគេភ្លេចការរៀនសូត្រ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្សក្នុងប្រទេស។

របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនជប៉ុនឈ្មោះ Kirin បានបង្ហាញថា ប្រជាជនកម្ពុជា ចំណាយប្រាក់ប្រមាណ២៣០០លានដុល្លារ ទៅលើការពិសាស្រាបៀរ ដោយម្នាក់ៗបានពិសាស្រាបៀរប្រមាណ៧២លីត្រ និងចំណាយប្រាក់ប្រមាណ១៣៦ដុល្លារក្នុងមួយឆ្នាំ។

ចំណែកការស្ទង់មតិមួយដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀតកាលពីឆ្នាំ ២០២៣ បានបង្ហាញដែរថា បុរស៧នាក់ក្នុងចំណោម១០នាក់ ដែលស្មើប្រមាណ៧០% សេពគ្រឿងស្រវឹង។ ការស្ទង់មតិនោះបង្ហាញថា ក្នុងមួយខែ បុរស១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។ ចំណែកបុរស ៦០% សេពគ្រឿងស្រវឹងពី១ ថ្ងៃទៅ ៥ ថ្ងៃ។ រីឯបុរស១៨% ពិសាគ្រឿងស្រវឹង ៦ ថ្ងៃទៅ១០ ថ្ងៃ និង បុរស១២% ពិសាគ្រឿងស្រវឹងពី១១ ថ្ងៃទៅ២៤ថ្ងៃ៕

N.0087

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top