ថៃអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណការងារ និងស្នាក់នៅរយៈពេល២ឆ្នាំបន្ថែមទៀត
https://t.me/sevennews087
រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៥ ក្នុងរយៈពេល ២ឆ្នាំបន្តទៀតរហូតដល់ឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា ស្តីពីលទ្ធផលក្នុងជំនួបទ្វេភាគីរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាឯកឧត្តម ហេង សួរ និងរដ្ឋមន្រ្តីក្រសួងការងារថៃលោក Phiphat Ratchakitprakarn នៅថ្ងៃទី៣០តុលានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា គណៈរដ្ឋមន្រ្តីថៃបានសម្រេចអនុញ្ញាត្តឲ្យពលករខ្មែរ បន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅបន្ថែមរយៈពេល២ឆ្នាំទៀតរហូតដល់ឆ្នាំ២០២៧។ ក្រៅពីនេះ ភាគីថៃក៏បានស្នើសុំទៅគណៈរដ្ឋមន្ត្រីថៃតាមសំណើរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត ដើម្បីអាចលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ សម្រាប់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំ២០២៥ខាងមុខ ដូចឆ្នាំ២០២៤ដែរ។
ក្នុងសេចក្តីប្រកាសដដែលឱ្យដឹងទៀតថា ក្រសួងការងារកម្ពុជាបានស្នើឱ្យក្រសួងការងារថៃបន្តសិក្សាលើគំនិតផ្តួចផ្តើមជាមួយបេឡាជាតិសន្តិសុខសង្គមរបស់កម្ពុជា ដើម្បីអាចធ្វើចល័តភាពអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេសទាំង២ នៅពេលពួកគេត្រលប់មកប្រទេសកំណើតវិញ។ បន្ថែមពីនេះ ប្រទេសទាំង២ ក៏បានបញ្ជាក់ពីការបង្កើនកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងលើដំណើរការបញ្ចូន និងទទួលពលករខ្មែរ ក៏ដូចជាកាត់បន្ថយពេលវេលាក្នុងដំណើរការឯកសារ និងការចូលធ្វើការក្នុងប្រទេសថៃដោយគ្មានឯកសារគ្រប់គ្រាន់។
គួរជម្រាបជូនថា តាមរបាយការណ៍របស់ក្រសួងការងារ កម្ពុជាមានពលករចំណាកស្រុកស្របច្បាប់ជាង ១,៣លាននាក់ ដែលបានចេញទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅប្រទេសថៃច្រើនជាងគេ ពោលមានដល់ទៅជាង១,២លាននាក់។ តែតួលេខក្រៅផ្លូវការបានឲ្យដឹងថាអាចមានច្រើនជាងនេះ ទាំងអ្នកទៅខុសច្បាប់ និងស្របច្បាប់៕
N.0002