លំហូរជនអន្តោប្រវេសន៍៖ កាណាដាស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់ ក្រោយ លោកដូណាល់ ត្រាំឈ្នះ ឆ្នោត

7News

 លំហូរជនអន្តោប្រវេសន៍៖ កាណាដាស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់ ក្រោយ លោក
ដូណាល់ ត្រាំឈ្នះ ឆ្នោត

លោកដូណាល់ ត្រាំ ឈ្នះឆ្នោត វិលត្រលប់ មក កាន់អំណាចនៅអាមេរិក ជាលើកទី២។ នេះជា សុបិន អាក្រក់ ដែលកាណាដាត្រូវ ជួប ក្នុង រយៈពេល ៤ឆ្នាំទៅមុខ ព្រោះថា ការវិលត្រលប់ របស់ លោកដូណាល់ ត្រាំ នៅសេតវិមាន មានន័យ ស្មើនឹង រលកជនអន្តោប្រវេសន៍បោក មកលើ កាណាដា ដែល ជាប្រទេស ជិតខាងជាប់ព្រំដែន ដ៏វែងបំផុតជាមួយអាមេរិក។ នៅថ្ងៃសុក្រ អាជ្ញាធរកាណាដា បាន និយាយ ថា ព្រំដែន អាមេរិក កាណាដាកំពុង ស្ថិតក្នុង ភាពអាសន្ន កម្រិតខ្ពស់ បំផុតនៅក្រោយ លោកដូណាល់ ត្រាំ ឈ្នះឆ្នោតនៅអាមេរិក។ កាណាដា នឹង ប្រឈម លំហូរជនអន្តោប្រវេសន៍ ចេញពី ទឹកដី អាមេរិក ព្រោះថា លោកដូណាល់ ត្រាំ បាន ព្រមានហើយថា រដ្ឋបាលថ្មីរបស់លោក នឹង ចាប់បញ្ជូន ជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំ។

ជ័យជម្នះរបស់លោកដូណាល់ ត្រាំ វិលត្រលប់មក ដឹកនាំអាមេរិក សាជាថ្មី មិនត្រឹម តែមហន្តរាយ គ្រោះថ្នាក់ដល់ កិច្ចការពារបរិស្ថាន និង សិទ្ធិស្រ្តីអាមេរិកទេប៉ុណ្ណោះទេ ប៉ុន្តែ វា ជា ដំណឹងអាក្រក់ ចំពោះកាណាដា នៅពេល និយាយ ដល់ បញ្ហា ជនអន្តោប្រវេសន៍។ ជាក់ស្តែង នៅតែប៉ុន្មានថ្ងៃ ក្រោយ លោកដូណាល់ ត្រាំ ឈ្នះឆ្នោត ភាគី កាណាដា បាន ប្រកាសអាសន្នកម្រិតខ្ពស់នៅ ព្រំដែន ដើម្បីត្រៀមទប់ទល់នឹង លំហូរជនអន្តោប្រវេសន៍ ពី ទឹកដីអាមេរិក។

កាណាដា មានហេតុផល ដែលត្រូវ ព្រួយបារម្ភ ពីកម្រិតបោកបក់ នៃ រលកជនអន្តោប្រវេសន៍ ខុសច្បាប់ ពីអាមេរិក ព្រោះថា ជនអន្តោប្រវេសន៍ ជា ផ្ទាំងស៊ីបវាយប្រហារ ជាប់ជានិច្ច របស់ លោកដូណាល់ ត្រាំ។ នៅក្នុង យុទ្ធនាការ ឃោសនា បោះឆ្នោត ផ្ទាល់ លោកដូណាល់ ត្រាំ តែងតែស្រែក ទម្លាក់កំហុស ចោទប្រកាន់ ជនអន្តោប្រវេសន៍នៅអាមេរិក ថា ជាអ្នកបំពុលឈាមជនជាតិអាមេរិក ហើយលោកសន្យា ចាប់បណ្តេញចេញឲ្យ អស់ ពីទឹកដី អាមេរិក។

មួយវិញទៀត កាណាដា ចាំបាននូវ បទពិសោធន៍អាក្រក់ កាលពីអាណត្តិដឹកនាំមុន របស់លោកដូណាល់ ត្រាំ ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២១។ នៅពេលនោះ មនុស្ស ជាច្រើន សែននាក់ បាន ធ្វើដំណើរ ភ្លូកទឹកភ្លូកដី ចាកចេញពីអាមេរិក សំដៅទឹកដីកាណាដា រហូតធ្វើ ឲ្យ កាណាដា ត្រូវ ឈឺក្បាល ពិបាក នឹងទប់ទល់ គ្រប់គ្រង ដោយ ប្រសិទ្ធភាព។

បើតាម ការពន្យល់ របស់ អ្នកនាំពាក្យ ប៉ូលិសអាវុធហត្ថកាណាដា លោក Charles Poirier គេ រំពឹង ថា ចំនួនជនអន្តោប្រវេសន៍ ខុសច្បាប់ ហូរចូល ទៅក្នុងទឹកដីកាណាដា នឹង កើនឡើង ខ្ពស់ នៅប៉ុន្មានសប្តាហ៍ខាងមុខ ពោលគឺ នៅមុន ការស្បថចូលកាន់តំណែង កាន់អំណាច ជាផ្លូវការ របស់ លោកដូណាល់ ត្រាំ នៅថ្ងៃទី ២០ មករា ឆ្នាំ២០២៥។

ជាក់ស្តែង នៅ មួយថ្ងៃ ក្រោយ ការប្រកាសជ័យជម្នះរបស់លោកដូណាល់ ត្រាំ វិបសៃតិ៍ របស់ ក្រសួងអន្តោប្រវេសន៍កាណាដា បានជន់លិច ដោយ ពាក្យស្នើសុំ ព័ត៌មានពី ខាងទឹកដីអាមេរិក។ នេះបើតាម អ្នកនាំពាក្យ របស់ ក្រសួងអន្តោប្រវេសន៍កាណាដា។ នៅម៉ូទ័រ រុករកហ្គូហ្គល Google គេ សង្កេត ឃើញមាន កាន់តែច្រើន ពាក្យ ថា “ការធ្វើដំណើរទៅកាណាដា” “ការរើផ្លាស់លំនៅឋាន ទៅកាណាដា” ឬ”ដំណើរការ សុំ សិទ្ធិស្នាក់នៅ សម្រាប់ ជនអន្តោប្រវេសន៍”។

ទោះធ្លាប់ជាប្រទេស បើកចំហ ស្វាគម ជនអន្តោប្រវេសនដើម្បី ជំរុញ សេដ្ឋកិច្ច កាណាដា ចាប់ព្រួយខ្លាំង ពីរលកលំហូរជនអន្តោប្រវេសន៍ ដែលត្រូវរត់ភៀសខ្លួន ចេញពីអាមេរិក ក្រោម ការដឹកនាំរបស់លោកដូណាល់ត្រាំ។ ថ្មីៗនេះ កាណាដា សម្រេច សើរើ ច្បាប់អន្តោប្រវេសន៍ឡើង វិញ ដើម្បី ដោះស្រាយ បញ្ហា ក្នុងស្រុក។ លោកនាយករដ្ឋមន្រ្តីកាណាដា ហ្សុសទីន ទ្រុយដូ ផ្ទាល់ ធ្លាប់បាន ប្រកាស ចង់ បន្ថយល្បឿន កំណើន ប្រជាជន របស់កាណាដា ដើម្បី អាច ថែរក្សា និង ពង្រឹង សេវាសង្គម និង ហេដ្ឋារចនាសម្ព័ន្ធ។ នៅ ខេត្ត កេបិច លោក នាយករដ្ឋមន្រ្តី François Legault បានត្អូញត្អែរ នៅ សប្តាហ៍នេះថា លោក បារម្ភ ពី រលកជនអន្តោប្រវេសន៍ដែល អាច កើនឡើងខ្ពស់ ខ្លាំង ជាង សមត្ថភាពទទួលយក របស់ ខេត្ត កេបិច របស់លោក។ ខេត្ត កេបិច ដែលកំពុង ប្រឈមរួចទៅហើយ នឹង វិបត្តិ ជនអន្តោប្រវេសន៍។

នៅចំពោះមុខក្តីបារម្ភ របស់អាជ្ញាធរកាណាដា ឧបនាយករដ្ឋមន្រ្តី លោកស្រី Chrystia Freeland ព្យាយាម និយាយធានា ប្រជាជន កាណាដាថា រដ្ឋាភិបាល មាន ផែនការ ច្បាស់លាស់ ដើម្បីគ្រប់គ្រង ស្ថានការណ៍ នៅព្រំដែន និងថា អាជ្ញាធរ កំពុង ការពារ សន្តិសុខ សុវត្ថិភាព និង គ្រប់គ្រង ខ្សែបន្ទាត់ព្រំដែន ដោយ ហ្មត់ចត់បំផុត។

នៅថ្ងៃសុក្រ អ្នកនាំពាក្យ របស់ ប៉ូលិស អាវុធហត្ថ កាណាដា បាន បញ្ជាក់ថា អាជ្ញាធរ គ្រោង ពង្រាយ បុគ្គលិក ឆ្មាំព្រំដែន នៅប៉ុន្មានថ្ងៃខាងមុខ នៅតាម បណ្តោយ ព្រំដែន ជាពិសេស កន្លែង ដែល គ្មាន មនុស្ស ការពា រពីមុនមក។ កាម៉េរា ដ្រូនថតពីលើអាកាស និង ម៉ាស៊ីនចាប់ សកម្មភាព នឹងត្រូវ គេ បំពាក់ នៅ តាមបណ្តោយព្រំដែនកាណាដា និងអាមេរិកដែលមានប្រវែងសរុបជាង ៨៨៩១គីឡូម៉ែត្រ។ លើសពីនោះ ភាគីកាណាដា នឹង ទាក់ទង ជាប់ជានិច្ច ជាមួយ ភាគីអាមេរិក ដើម្បី តាមដាន គ្រប់គ្រង លំហូរមនុស្ស ពីអាមេរិក ទៅកាណាដា។ យ៉ាងណាក៏ដោយមន្រ្តីកាណាដា ខាងលើ ទទួលស្គាល់ថា បើសិន ជនអន្តោប្រវេសន៍ខុសច្បាប់ ពីអាមេរិកនាំគ្នា សម្រុកចូលមកដោយគំហុក ក្នុងទឹកដីកាណាដា នោះទោះ កាម៉េរា ឆ្មាំព្រំដែន ឬ វិធានការតឹងរ៉ឹង ប៉ុណ្ណា ក៏មិនអាច ទប់បានលំហូរជនអន្តោប្រវេសន៍ ដែលបោកបុកសន្ធប់មកលើកាណាដា នៅក្រោយ ការចូលកាន់អំណាច របស់ លោកដូណាល់ ត្រាំ ជា ប្រធានាធិបតីអាមេរិក៕


N.0042

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top