ហ្វីលីពីនបានរងការវាយប្រហារដោយព្យុះទីហ្វុងលើកទី៤ ក្នុងរយៈពេលមិនដល់ ១ខែ
ព្យុះទីហ្វុង ដ៏ កំណាចថ្មីមួយទៀតឈ្មោះ តូរ៉ាជី បានវាយប្រហារលើ ប្រទេស ហ្វីលីពីន នៅ ថ្ងៃចន្ទ ទី១១ វិច្ឆិកា នេះ។ ព្យុះតូរ៉ាជី បាន បណ្តាល ឲ្យ ផ្លូវថ្នល់ជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ដោយសារការបាក់ស្រុតដី មនុស្ស ជា ច្រើន ពាន់នាក់ ត្រូវ បាន ជម្លៀស ទៅ ដាក់ នៅ ទីទួល ហើយ កំពង់ផែ ជា ច្រើន ត្រូវ បាន បិទទ្វារ។ គួរបញ្ជាក់ថា ព្យុះទីហ្វុងដ៏កំណាចនេះ ជា ព្យុះ ទី៤ ដែល បាន វាយប្រហារ ប្រទេស ហ្វីលីពីន ក្នុង រយៈពេល មិន ដល់ មួយ ខែ ផង។
នៅហ្វីលីពីន ព្យុះទីហ្វុងតូរ៉ាជី (Toraji) បានបោកបក់មកលើទីក្រុងឌីណាលុនហ្គង់ Dinalungan ដែលស្ថិតនៅក្បែរទីក្រុងឌីឡាសាក់ Dilasag ដែល មាន ចម្ងាយ ប្រមាណ ២២០ គីឡូម៉ែត្រ ស្ថិត នៅ ភាគ ឦសាន នៃ រដ្ឋធានី ម៉ានីល។ នេះ បើ តាម ការ គូស បញ្ជាក់ របស់ ទី ភ្នាក់ងារ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន។ ចៅហ្វាយក្រុងឌីណាលុនហ្គង់ ដែល ជាអ្នកគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ព្យុះដ៏កំណាចមួយនេះបានបង្កជាខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងដោយបានធ្វើឲ្យ ដើមឈើជាច្រើន ដួលរលំ និង បាន កាត់ផ្តាច់ចរន្តអគ្គិសនី នៅទីក្រុងឌីណាលុនហ្គង់ តាំងពីថ្ងៃអាទិត្យ ទី១០ វិច្ឆិកា។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះបានជម្លៀសប្រជាជនចំនួនប្រមាណ ១ម៉ឺននាក់ចេញពីតំបន់ឆ្នេរសមុទ្រ និងតំបន់មួយចំនួនដែលរងគ្រោះដោយសារទឹកជំនន់ និងការហូរបាក់ដី រួមមានខេត្តអូរ៉ូរ៉ា ខេត្តអ៊ីហ្សាបេឡា ខេត្តអ៊ីហ្វុយកៅ និងខេត្តម៉ោនថែនប្រ៉ូវីនស៍។ បន្ទាប់មក ព្យុះតូរ៉ាជីនេះ ក៏បានបន្តដំណើរទៅកាន់តំបន់ភ្នំនៃកោះលូសុងដែលស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន។ ទីភ្នាក់ងារ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានទាញសញ្ញាអាសន្នថា ព្យុះតូរ៉ាជីបានបង្កជាខ្យល់កន្ត្រាក់យ៉ាងខ្លាំងជាមួយនឹងកម្លាំងខ្យល់បោកបក់ក្នុងល្បឿន ប្រមាណ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
អាជ្ញាធរមូលដ្ឋានក៏បានទាញសញ្ញាអាសន្នផងដែរថា ខ្យល់ព្យុះដ៏កំណាចមួយនេះអាចបង្កឲ្យមានទឹករលកបោកបក់យ៉ាងខ្លាំងនៅតំបន់ឆ្នេរសមុទ្រភាគខាងជើងក្នុងកម្ពស់ប្រមាណ ៣ ម៉ែត្ររហូតដល់ថ្ងៃអង្គារ ទី១២ វិច្ឆិកា។ អ្នកជំនាញផ្នែកឧត្តុនិយមហ្វីលីពីនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ព្យុះត្រូពីកាល់មួយផ្សេងទៀត ឈ្មោះ ម៉ាន់យី Man-Yi អាច នឹង បោកបក់ លើ តំបន់ ប៉ែកឦសាន ដែលស្ថិត នៅ ក្បែរ រដ្ឋធានី ម៉ានីល នៅ ថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា ខាង មុខ។
គួរ រម្លឹក ថា នេះជាលើកទី៤ ក្នុងរយៈពេលមិនដល់មួយខែដែលប្រទេសហ្វីលីពីនបានរងគ្រោះដោយសារព្យុះទីហ្វុង ដោយ បណ្តាល ឲ្យ មាន មនុស្សស្លាប់ សរុប ចំនួនប្រមាណ ១៥៩នាក់។ សូម ជម្រាប ជូន ជា មធ្យម ក្នុង ១ឆ្នាំៗ ហ្វីលីពីន បាន រង ការ វាយប្រហារ ដោយ ខ្យល់ព្យុះ ទីហ្វុង ប្រមាណ ជា ២០ដង ដោយ បាន សម្លាប់ មនុស្ស និង បំផ្លាញ ទ្រព្យសម្បត្តិ យ៉ាង ច្រើន៕
N.0056