លោកស្រីអនុប្រធានាធិបតី ហ្វីលីពីន ជាប់សង្ស័យ ថាបានគំរាម ចង់សម្លាប់ លោក ប្រធានាធិបតីម៉ារកូស
ទំនាស់ឈ្លោះប្រកែកគ្នា កាន់តែមានខ្លាំងឡើង រវាង លោកប្រធានាធីបតី ហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ារកូស និងលោកស្រី អនុប្រធានាធិបតី សារ៉ា ឌូទែរត៍។ កាលពីថ្ងៃសៅរ៍ វិមានប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា គេបានបញ្ជា ឲ្យ កងរក្សាសន្តិសុខ ត្រូវបង្កើន ការ ប្រុងប្រយ័ត្ន យ៉ាងអាសន្ន បំផុត ដើម្បីការពារអាយុជីវិតលោក ប្រធានាធិបតី ហ្វ៊ែរឌីណង់ ម៉ារកូស បន្ទាប់ពីលោកស្រីអនុប្រធានាធិបតី បាន និយាយ គំរាមយ៉ាងច្បាស់ៗ ឲ្យកងអង្គរក្សខ្លួន សម្លាប់ លោក ប្រធានាធិបតី។
នៅក្នុងសន្និសីទកាសែតមួយ កណ្តាលអាធ្រាត្រាយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី ២៣វិច្ឆិកា លោកស្រី សារ៉ា ឌូទែរត៍ អនុប្រធានាធិបតី ហ្វីលីពីន និងដែលត្រូវជាកូនស្រីលោកអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទែរត៍ បាន លើកឡើងថា លោកស្រី កំពុងត្រូវបានគេប៉ុនប៉ងធ្វើឃាត។ ជាមួយនឹង ភាសាជេរប្រមាថទៅលើ លោក ប្រធានាធិបតី ម៉ារកូស លោកស្រី សារ៉ា ឌូទែរត៍ បានអះអាងថា លោកស្រីបានប្រាប់ទៅសមាជិកនៃកងអង្គរក្សលោកស្រីហើយ ថាបើគេសម្លាប់ លោកស្រីមែន គឺក្រុមអង្គរក្សលោកស្រីត្រូវតែសម្លាប់លោក ប្រធានាធិបតី ហ្វ៊ែរឌីណង់ ម៉ារកូស និងភរិយាព្រមទាំង ប្អូនជីដូនមួយរបស់លោកម៉ារកូសផង ឈ្មោះ ម៉ារទីន រ៉ូមាល់ដេស (Martin Romualdez)។
ប៉ុន្មានម៉ោង ក្រោយ សន្និសីទកាសែតរបស់ លោកស្រីអនុប្រធានាធិបតី ហ្វីលីពីននេះ វិមានប្រធានាធិបតី បាន ចេញលិខិតប្រកាស ថាគេបានចេញបញ្ជា ទៅកាន់កងអង្គរក្សរក្សាសន្តិសុខលោក ប្រធានាធិបតី ឲ្យ មានការប្រុងប្រយត្ន័ខ្ពស់បំផុត។ លិខិតនេះ បញ្ជាក់ទៀតថា គេ ចាត់ទុកសម្តី របស់ លោកស្រី សារ៉ា ឌូរទែរត៍ ជាការគំរាមដោយច្បាស់ៗ មកលើអាយុជីវិតរបស់ លោកប្រធានាធិបតីម៉ារកូស ព្រោះសំដីគំរាមនេះ បាននិយាយជាសាធារណៈ ដោយ ឥតលាក់លៀម។
គួរកត់សំគាល់ ថា ទំនាក់ទំនងរវាង លោកប្រធានាធិបតីហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ារកូស និងលោកស្រីអនុប្រធានាធិបតី បានជួបភាពល្អក់កករខ្លាំងឡើងៗ ជាច្រើនខែមកហើយ រហូតមកដល់មានការគំរាមសម្លាប់គ្នា ជាសាធារណៈបែបនេះ ។ វាគឺជាការប្រជែងនយោបាយ ដណ្តើមអំណាចគ្នា រវាងក្រុមគ្រួសារដ៏មានឥទ្ធិពលទាំង២នៅហ្វីលីពីន គឺក្រុមគ្រួសារ ម៉ារកូស និង ក្រុមគ្រួសារឌូទែរត៍ ដែលសុទ្ធតែជាអតីតប្រធានាធិបតី។
សង្គ្រាម ពាក្យសំដៅចោទ ជេរប្រមាថគ្នា ទៅវិញទៅមក ដោយគ្មានភស្តុតាង បាន ផ្ទុះឡើងរួចមកហើយកាលពីប៉ុន្មានខែ មុន រវាងលោក ប្រធានាធិបតី ហ្វ៊ែរឌីណង់ ម៉ាកូស និង លោក រ៉ូឌ្រីហ្គោ ឌូរទែរត៍ ឪពុករបស់ លោកស្រី សារ៉ា ឌូរទែរត៍។ លោក រ៉ូឌ្រីហ្គោ ឌូរទែរត៍ បាននិយាយថា លោក ប្រធានាធិបតី ម៉ារកូស គឺជាមនុស្សញៀនថ្នាំញៀន។ ចំណែក លោក ម៉ារកូសវិញ ចោទថាលោក ឌូរទែរត៍ ខូចសតិនិយាយ លែងដឹងខ្យល់អីដោយសារតែញៀនសារធាតុFentanyl។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៥ នឹងមាន ការបោះឆ្នោត សភា ពាក់កណ្តាល អាណត្តិ នៅហ្វីលីពីន ។ គិតត្រឹមពេលនេះ លោកស្រី សារ៉ា ឌូរទែរត៍ អាយុ៤៦ឆ្នាំ ត្រូវគេសម្លឹងឃើញថាកំពុងតែប្រជែងដើម្បី ឈ្នះឆ្នោត ឡើងអង្គុយកៅអីបប្រធានាធិបតីហ្វីលីពីន ។ តែទន្ទឹមគ្នា នេះ ប្អូនប្រុស ជីដូនមួយ របស់ លោក ប្រធានាធិបតី ម៉ារកូស គឺលោក ម៉ារទីន រ៉ូមាល់ដេស ដែលជាប្រធានសភា បានគំរាមថា នឹងឲ្យ សភា បោះឆ្នោតទម្លាក់លោកស្រី សារ៉ា ឌូរទែរត៍ ឲ្យ បាន ។ តាមការគ្រោងទុក លោក ម៉ារទីន រ៉ូមាល់ដេស នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នៅអាណត្តិក្រោយ ឆ្នាំ ២០២៨ ៕
N.0092