ADB ផ្តល់ប្រាក់កម្ចី៥០លានដុល្លារឲ្យកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែង
នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តលើកញ្ចប់ប្រាក់កម្ចី ៥០លានដុល្លារអាមេរិកឪ្យកម្ពុជា។ តាម ADB ប្រាក់កម្ចីក្នុងទំហំ ៥០លានដុល្លារនេះនឹងជួយឪ្យកម្ពុជាបង្កើនបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម ពិសេសដើម្បីជួយដល់វិស័យសហគ្រាសខ្នាតតូច និងមធ្យម។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា គម្រោងកម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដែលកំពុងដំណើរនេះមានគោលដៅជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន។ តាមរយៈគម្រោងកម្មវិធីរងទី២ នេះ ADB ចូលរួមជួយកម្ពុជាឲ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាពដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុខរបររបស់ប្រជាពលរដ្ឋ។ តែទន្ទឹមគ្នានេះ ADB បានមើលឃើញឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួន ៣ ដែលអាចបង្កជាបញ្ហាប្រឈមទ្រុងទ្រាយធំសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា រួមមាន ទី១ បរិយាកាសសម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អ ទី២ សហគ្រាសខ្នាតតូច និងមធ្យមមិនទាន់សូវមានភាពរីកចម្រើន និងទី៣ មានរបាំងមួយចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។
តាម ADB បញ្ហាប្រឈមទាំង ៣ ខាងលើធ្វើឲ្យកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ចពីការសម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ ទោះយ៉ាងណា គម្រោងកម្មវិធីរងទី២ របស់ ADB ដែលកំពុងដំណើរការនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា រួមទាំងជួយសម្រួលបទប្បញ្ញត្តិធុរកិច្ច និងលើកកម្ពស់សេវាសាធារណៈឲ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាមានប្រសាសន៍ថា គម្រោងកម្មវិធីរងទី២ នេះជាការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ីដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន រួមទាំងនាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ មួយវិញទៀត និងបើតាមនាយិកាធនាគារអភិវឌ្ឍន៍អាស៊ីរូបនេះដដែល គម្រោងកម្មវិធីរងទី២ របស់ ADB ក៏ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្មដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជាជ្រៀតចូលក្នុងទីផ្សារតំបន់ និងពិភពលោក។
ជុំវិញការជំរុញវិនិយោគបរទេស និងកំណើនសេដ្ឋកិច្ចក្នុងប្រទេសនេះ នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតធ្លាប់បានថ្លែងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងពិភពលោកដែលមានសេដ្ឋកិច្ចសេរីបំផុត និងជាប្រទេសដំបូងគេក្នុងតំបន់ដែលបើកចំហស្ទើរគ្រប់វិស័យសម្រាប់វិនិយោគិនបរទេស។ តាមលោកហ៊ុន ម៉ាណែត រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសក្នុងឆ្នាំ ២០២៤ ដើម្បីជំរុញការវិនិយោគក្នុងខេត្ដព្រះសីហនុដោយផ្ដល់ការសម្រួលនីតិវិធី និងអត្ថប្រយោជន៍ពិសេសដល់វិនិយោគិនលើសពីច្បាប់វិនិយោគរបស់កម្ពុជា។
គួរជម្រាបជូនថា គិតត្រឹមត្រឹមឆ្នាំ ២០២៧ កម្មវិធីរបស់ ADB បានជួយសម្រួលសហគ្រាសខ្នាតតូច និងមធ្យមប្រមាណ ៥0 000 ឱ្យចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មអនឡាញ និងទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតចាំបាច់តាមប្រព័ន្ធឌីជីថល។ ទន្ទឹមគ្នានោះ កម្មវិធីនេះក៏បានផ្តល់ប្រាក់បន្ថែមពិសេសដើម្បីលើកទឹកចិត្ត និងគាំទ្រផ្នែកបច្ចេកវិទ្យាដល់សហគ្រាសខ្នាតតូច និងមធ្យមឲ្យពង្រីកខ្លួនក្នុងវិស័យយុទ្ធសាស្ត្រ និងបង្កើនខ្សែចង្វាក់តម្លៃរបស់ខ្លួន។ មួយវិញទៀត កម្មវិធីដដែលមួយនេះក៏គាំទ្រដល់កំណែទម្រង់សំខាន់ៗដើម្បីសម្របសម្រួល និងការបង្កើនពាណិជ្ជកម្មឆ្លងដែនដែរ៕
Nº.0105