តុលាការអាមេរិកចោទមហាសេដ្ឋី ធំទី២ របស់ឥណ្ឌា លោក Adani ពីបទពុករលួយ និងបន្លំបោកប្រាស់
រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃ ពុធទី ២០ វិច្ឆិកា បានចោទប្រកាន់ មហាសេដ្ឋី ធំទី ២ របស់ ឥណ្ឌា គឺ លោក Gautam Adani ថា បាន ប្រព្រឹត្តអំពើពុករលួយ និង បិទបាំង បោកប្រាស់ អ្នកវិនិយោគអាមេរិក។ បទចោទប្រកាន់ របស់ តុលាការ អាមេរិក បានធ្វើ ឲ្យ ភាគហ៊ុន របស់ ក្រុមហ៊ុន យក្ស ឥណ្ឌា Adani បានធ្លាក់ចុះ អស់ ១០ភាគរយ និងខាតបង់ប្រមាណ ២០ពាន់លាន ដុល្លារ នៅម៉ោងបើក ទីផ្សារភាគហ៊ុន នៅទីក្រុង ញូវដេលី នៅ ថ្ងៃ ព្រហស្បតិ៍ទី ២១ វិច្ឆិកានេះ។ ប្រមុខបក្ស ប្រឆាំង ឥណ្ឌា វិញបាន អំពាវនាវ ឲ្យ ប៉ូលិស ចាប់ខ្លួន មហាសេដ្ឋី ឥណ្ឌា លោក Gautam Adani ដែលមានបាន ដោយសារ តែការសូកប៉ាន់ និង ទំនាក់ទំនងជិតស្និទ្ធជាមួយ លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី។
មហាសេដ្ឋី ធំទី ២ របស់ឥណ្ឌា លោក Gautam Adani បាន ជាប់ក្នុង សំណាញ់ច្បាប់ របស់ អាមេរិក បន្ទាប់ពី រដ្ឋអាជ្ញា ក្នុងទីក្រុង ញូវយ៉ក បានសម្រេច ចោទប្រកាន់ លោក ពី បទប្រព្រឹត្ត អំពើពុករលួយ និង បន្លំបោកប្រាស់ អ្នកវិនិយោគ។ យោងតាម សេចក្តីប្រកាស របស់ រដ្ឋអាជ្ញាសហព័ន្ធអាមេរិក កាលពីថ្ងៃពុធទី ២០ វិច្ឆិកា លោក Gautam Adani និង ថ្នាក់ដឹកនាំ ៧រូប ផ្សេងទៀត របស់ ក្រុមហ៊ុន Adani បាន សូកប៉ាន់ លុយ ជាង ២៥០លាន ដុល្លារ ទៅ ឲ្យ មន្រ្តីរដ្ឋាភិបាល ឥណ្ឌា ពី ឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៤ ជាថ្នូរ នឹង ការទទួល បាន គម្រោង វិនិយោគ ថាមពល សូឡា នៅ ឥណ្ឌា។ គម្រោង វិនិយោគ ដែលនឹង ធ្វើ ឲ្យ ក្រុមហ៊ុនយក្ស របស់ លោក Gautam Adani ទទួល បាន ប្រាក់ ចំណេញ ជាង ២ពាន់លាន ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ។
តុលាការ អាមេរិក បាន ចោទ មហាសេដ្ឋី ឥណ្ឌា លោក Gautam Adani ថា បាន បិទបាំង ប្រព័ន្ធ ពុករលួយ របស់ខ្លួន នៅ ឥណ្ឌា នៅក្នុង អំឡុង ពេល ដែល ក្រុមហ៊ុន Adani កំពុង ធ្វើ យុទ្ធនាការ ស្វែងរក មូលនិធិ ទុន វិនិយោគ ពី ក្រុមហ៊ុន អាមេរិក និង អន្តរជាតិ។
នៅថ្ងៃ ព្រហស្បតិ៍ ក្រុមហ៊ុន Adani បាន ចេញ សេចក្តីថ្លែងការណ៍ ទាត់ចោល ការចោទប្រកាន់ របស់ រដ្ឋអាជ្ញា ក្រុង ញូវយ៉ក ដែល ក្រុមហ៊ុនវាយតម្លៃថា ធ្វើឡើង ដោយ គ្មាន មូលដ្ឋាន ច្បាស់លាស់។
នេះមិនមែនជាលើកទី១ទេ ដែល ក្រុមហ៊ុន Adani រងការចោទប្រកាន់ ថា បាន ធ្វើ ជំនួញ ដោយ មិន ស្មោះត្រង់។ នៅ ឆ្នាំ ២០២៣ របាយការណ៍ របស់ ក្រុមហ៊ុន វិនិយោគ អាមេរិក មួយឈ្មោះ Hindenburg Research បាន ចោទប្រកាន់ ក្រុមហ៊ុន យក្ស ថា បានបោកប្រាស់ និង គៃបន្លំ គណនី អស់ជាច្រើន ទសវត្សរ៍។ ការចោទប្រកាន់ នៅ ឆ្នាំមុន បាន ធ្វើ ឲ្យ ក្រុមហ៊ុន Adani ខាតបង់ អស់ ១៥០ពាន់លាន ដុល្លារ ចំណែក លោក Adani ត្រូវរលាយ ទ្រព្យសម្បត្តិ ផ្ទាល់ ខ្លួន ប្រមាណ ៨០ពាន់លាន ដុល្លារ។
នៅក្រោយ ការចោទប្រកាន់ របស់ រដ្ឋអាជ្ញាអាមេរិក ប្រមុខដឹកនាំបក្ស ប្រឆាំង ឥណ្ឌា នៅ ថ្ងៃព្រហស្បតិ៍នេះ បានចេញធ្វើ សន្និសីទកាសែត ទាមទារ ឲ្យ ប៉ូលិស ឥណ្ឌា ចាប់ខ្លួន លោក Gautam Adani ជាបន្ទាន់។ ប៉ុន្តែ ជាមួយគ្នានោះ មេដឹកនាំ បក្ស ប្រឆាំង ឥណ្ឌា ទទួលស្គាល់ ថា នៅ ឥណ្ឌា គេ មិនអាច ចាប់ខ្លួនមហាសេដ្ឋី លោក Gautam Adani បានទេ ព្រោះ លោក Gautam Adani មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ដែលកើតធំដឹងក្តី នៅក្នុង រដ្ឋ Gujarat ដូចគ្នា។
ជា មហាសេដ្ឋី ធំទី ២ របស់ ឥណ្ឌា លោក Gautam Adani ដែល មាន ប្រភពមកពី គ្រួសារ ជីវភាពមធ្យម ចាប់ផ្តើម ជោគជ័យ ដំបូង នៅក្នុង មុខជំនួញ ពាណិជ្ជកម្ម នៅទីក្រុង ប៊ុមបៃ មុន នឹង ពង្រីក មុខជំនួញ គ្រប់គ្រង ផ្តាច់មុខ លើ កំពង់ផែ ព្រលានយន្តហោះ និង ថាមពល សូឡា នៅឥណ្ឌា។
គួរជា្របដែរថា ទោះរង ការចោទប្រកាន់ របស់ រដ្ឋអាជ្ញាធរ អាមេរិក នៅពេលនេះ មហាសេដ្ឋី ឥណ្ឌា លោក Gautam Adani មិនប្រាកដ រងការដាក់ទណ្ឌកម្ម របស់ អាមេរិក នៅក្នុង អាណត្តិដឹកនាំ របស់ លោកដូណាល់ ត្រាំ នោះទេ។ នៅ សប្តាហ៍មុន លោក Gautam Adani បាន សរសេរ សារ អបអរ ជ័យជម្នះរបស់លោកដូណាល់ ត្រាំ និង សន្យា វិនិយោគ ទឹកប្រាក់ ១០ពាន់លាន ដុល្លារ នៅអាមេរិក នៅក្នុងអាណត្តិ របស់លោកដូណាល់ ត្រាំ៕
N.0086