កម្លាំងស្នងការនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង karaokes បង្កប់ការប្រើប្រាស់គ្រឿងញៀន នៅក្រុងបាវិត ចាប់ខ្លួនជនជាតិវៀតណាម9នាក់ ដកហូតថ្នាំញៀនជាង2គីឡូក្រាម

ម៉ាស្ទ័រវេប


ខេត្តស្វាយរៀង ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ KTVBWOW ដែលបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្រុងបាវិត ដោយចាប់ខ្លួនជនជាតិវៀតណាម09នាក់ និងដកហូតគ្រឿងញៀនជាង2គីឡូក្រាម។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី01 ខែតុលា ឆ្នាំ2024។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានបញ្ជាក់ថា ÷ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTVBWOW ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោកបន្ដថា÷ ប្រតិបត្តិការនេះកម្លាំងជំនាញបានចាប់ខ្លួន ជនសង្ស័យជនជាតិវៀតណាម ចំនួន09នាក់ ដកហូត និងចាប់យកសម្ភារវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់1107.16ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់1252.12ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ 5.13ក្រាម សរុបសារធាតុញៀនទម្ងន់2364.41ក្រាម (2គីឡូ364.41.ក្រាម), ទូរសព្ទ័ដៃ09គ្រឿង, ម៉ូតូ03គ្រឿង, លិខិតឆ្លងដែន06ក្បាល, អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម05សន្លឹក ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង09នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top