រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ មួយរយៈសិន ដោយបញ្ជាក់ក្នុងន័យដើមថា ៖ « ជាការជាន់ហ្វ្រាំង ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារ ដែលបានផ្ទេរទៅហើយ និងធានាថា មុខងារថ្មីៗ ដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព » នេះបើតាមការបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ។
យោងតាមបណ្តាញផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ បានលើកឡើងថា ÷ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ។
បើតាមឯកឧត្តម ស សុខា បានលើកឡើងថា ÷ ការជាន់ហ្វ្រាំងផ្អាកមួយរយៈ មិនមែនមានន័យបែបអវិជ្ជមាន ក្នុងកំណែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នោះទេ ពីព្រោះឆ្លងកាត់ការអនុវត្ត រយៈពេល១៣ឆ្នាំមកនេះ ប្រជាពលរដ្ឋអ្នកទទួលសេវាក្ដី អង្គការជាតិ អន្តរជាតិ និងប្រទេសជាមិត្ត ដូចជា ៖ ប្រទេសស្វីស, អាល្លឺម៉ង់, និងអូស្ត្រាលី ។ជាដេីម ។ បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង គាំទ្រ និងពេញចិត្ត ក៏ព្រោះតែរាជរដ្ឋាភិបាល នីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតប្រធាន គ.ជ.អ.ប. បានផ្ទេរមុខងារជាង ៨០០ប្រភេទ ជាបន្តបន្ទាប់ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត. ក្រុង .ស្រុក ខណ្ឌ និងឃុំ. សង្កាត់។ ជាក់ស្ដែងយន្តការច្រកចេញចេញចូលតែមួយ បាននិងកំពុងធ្វើឱ្យរដ្ឋរកចំណូលពីកម្រៃសេវាសាធារណៈរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ខណៈប្រជាពលរដ្ឋជាអ្នកស្នើសុំសេវា ក៏បាននិងកំពុងរីករាយសារទរលើការងារនេះ ពីព្រោះសេវានៅកៀកពួកគាត់ មានតម្លាភាពនិងគុណភាព ។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការពន្យល់ងាយៗអំពីភាពចាំបាច់ដែលរាជរដ្ឋាភិបាល ត្រូវពិនិត្យ និងវាយតម្លៃឡើងវិញលើការងារមួយចំនួន ជាក់ស្ដែងមានមុខងារផ្ទេរទៅខ្លះ កំពុងស្ថិតក្នុងស្ថានភាពខ្វះមន្ត្រីបច្ចេកទេស អនុវត្តនៅថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញយន្តការអាទិភាពមួយចំនួន ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ឱ្យបានសមស្រប។ ជាក់ស្ដែងសិក្ខាសាលានៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃយន្តការពង្រឹងគុណភាពធនធានមនុស្សផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្ថែមថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក៏កំពុងពិនិត្យមើលបន្ថែមលើប្រភេទសេវាមួយចំនួនទៀត ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ មានតម្រូវការ ដើម្បីឈានទៅផ្ទេរ ឬកែសម្រួលឱ្យបានកាន់តែល្អប្រសើរ និងចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្ថានភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ៕