(ខេត្តសៀមរាប) ៖ បញ្ហាបទល្មើសនេសាទមិនមែនជាលើកទី១នោះទេ ដែលបានកើតឡើងក្នុងទឹកដីស្រុក ជីក្រែង ខេត្តសៀមរាប ហើយកាលពីថ្ងៃីទ១៥ ខែតុលា ឆ្នាំ២០២៤ មានការរាយការណ៍ពីសំណាក់ប្រជានេសាទ ថា មានមន្ដ្រីជលផលឈ្មោះ ជុំ ភាព ដែលគ្រប់គ្រងប្រចាំឃុំស្ពានត្នោត និងឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប បានឣនុញ្ញាតឲ្យមានការដាក់ស្បៃមុងខុសច្បាប់ និងប្រើប្រាស់ឧបករណ៍ខុសច្បាប់ប្រព្រឹត្តបទល្មើសនេសាទយ៉ាងពេញបន្ទុកតែម្ដង។
យោងតាមប្រភពព័ត៌មានពីប្រជានេសាទ បានថ្លែងប្រាប់ឲ្យដឹងថា បទល្មើសនេសាទស្បៃមុងខុសច្បាប់កំពុងតែ កើតមានឡើងយ៉ាងអាណាធិបតេយ្យហាក់បីដូចជា បណ្ដែតបណ្ដោយអោយជនខិលខូច ដែលប្រកបរបរដាក់ស្បៃមុងដែលស្ថិតនៅចំណុចទំនប់ថ្មីឃុំ ល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដំណើរការយ៉ាងរលូនដោយគ្មាន ខ្វល់ក្លាចមន្ដ្រីជលផលចុះបង្ក្រាបទាល់តែសោះ។
ពួកគាត់បានឣះឣាងថា បើមន្ត្រីពាក់ព័ន្ធមិនបើកដៃអោយឬរបៀបកន្ទេលធំបន្លំដេកទេដឹងសួរថា ប្រជាពលរដ្ឋ ធម្មតាហ៊ានដាក់ប្រកបរបរខុសច្បាប់ស្បៃមុងបែបនេះដែរឬទេ ហើយតើលោក ជុំ ភាព ដែលជាមន្ត្រីជលផលប្រចាំឃុំស្ពានត្នោត និងឃុំល្វែងឬស្សី ហ៊ានចុះចុះបង្ក្រាបដែរឬទេ? ជាពិសេសទៅទៀតក្នុងនោះក៏មានមន្ត្រីបរិស្ថាន ដែលជាម្ចាស់ដែនជុំរកសត្វខ្សិបដែលប្រចាំការនៅតំបន់នេាះដែរ គឺលោក សុិន គក ហេតុឣ្វីបានមិនធ្វើការបង្ក្រាបបទល្មើសដែលកំពុងតែកើតមានយ៉ាងដូច្នេះ។
ប្រជានេសាទបាននិយាយតៗគ្នាថា មន្ដ្រីទាំង២ដែលកំពុងតែមានតួនាទីសំខាន់ក្នុងការបង្ក្រាបបទល្មើស បែជាបណ្ដែតបណ្ដោយឲ្យមានបទល្មើសកើតឡើងយ៉ាងពេញបន្ទុកហើយបទល្មើសពេញផ្ទៃទឹកតែម្ដង ឬមួយទាំងនោះ បានផលប្រយោជន៍ណាមួយទេដឹង។ ពួកគាត់បានចោទជាសំណួរថា បើជាមន្ដ្រីជលផល បើមិនបង្ក្រាបបទល្មើសនេសាទជលផលខុសច្បាប់ទេ សួរថាតើធ្វើការរាល់ថ្ងៃតួនាទីធ្វើដើម្បីអ្វី? ឬធ្វើការគ្រាន់តែអែលៗកន្ទេលធំបន្លំដេកឬ។
ប្រជានេសាទជាច្រើនបានទទូចស្នើសុំដល់មន្ត្រីថ្នាក់ខេត្ត ជាពិសេសលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង លោកតែងតែចង្អុលបង្ហាញបញ្ជាអោយការពារនិងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានដែលលោកគ្រប់គ្រងក្នុងស្រុកមិនអោយមានឡើយ ដូច្នេះសូមលោកអភិបាល មេត្តាជួយពិនិត្យ មើលមន្ត្រីថ្នាក់ក្រោម និងចាត់វិធានការដើម្បីទប់ស្កាត់បទល្មើសនេសាទ ជាធនធានធម្មជាតិដែលជនខិលខូចយកស្បៃមុងខុសច្បាប់ទាំងអស់នោះផងទៀត។
ដោយហេតុនេះក្នុងនាមជាប្រជាពលរដ្ឋ ដែលរស់នៅក្រោមម្លប់សន្តិភាពដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មិនចង់ឃើញនៅការវិនាសហិនហោចនៅមច្ឆាជាតិ ដែលជាសម្បត្តិរួមរបស់ប្រទេសជាតិឡើយ ដោយការដឹកនាំរបស់មន្ត្រីពុករលួយ ដែលក្បត់និងសតិរបស់ខ្លួនមិនបំរើជាតិមិនបំរើប្រជាជន ដូច្នេះសូមមន្ត្រីថ្នាក់លើជួយមើលពីទង្វើដែលមន្ត្រីថ្នាក់ក្រោមបានធ្វើផងទាន។
ឣង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំការបកស្រាយពីសំណាក់ភាគីពាក់ព័ន្ធគ្រប់ពេលវេលានៅរៀងរាល់ម៉ោងធ្វើការ ហើយយើងខ្ញុំនៅតែបន្ដធ្វើបច្ចុប្បន្នភាពបន្ដទៀត ទៅតាមច្បាប់ស្ដីពីររបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕
លោក ជុំ ភាព និងលោក ស៊ិន គក់ មន្ដ្រីជលផលប្រចាំឃុំស្ពានត្នោត និងឃុំល្វែងឬស្សី បើកដៃរឲ្យមានបទល្មើសនេសាទស្បៃមុងខុសច្បាប់ក្នុងទឹកដីស្រុកជីក្រែងយ៉ាងគគ្រឹកគគ្រេង សង្ស័យតែក្រុមឈ្មួញឲ្យផលប្រយោជន៍ក្រាស់ក្រែលហើយ
10/19/2024
Share to other apps