សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាព ដល់កូរ៉េទាំងពីរ

ម៉ាស្ទ័រវេប

 


រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា កម្ពុជាចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ (ជើងនិងត្បូង) ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។


ថ្លែងក្នុងឱកាសអនុញ្ញាតឱ្យ លោក ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកឯកអគ្គរដ្ឋទូតថា កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ។


សម្តេចតេជោប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ដល់លោកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកដល់ព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីជំនួបចុងក្រោយរវាងសម្តេច និងលោកអគ្គរដ្ឋទូត គឺធ្វើឡើងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដែលពេលនោះសម្តេចនៅបំពេញតួនាទីជា នាយករដ្ឋមន្រ្តីនៅឡើយ។ សម្តេចតេជោក៏បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤)។


នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានថ្លែងអំណរគុណចំពោះសម្តេចតេជោប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់សម្តេច ផ្តល់កិត្តិយសអនុញ្ញាតឱ្យលោក និងមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសម។ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះការអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី១ ខែតុលាកន្លងមក និងខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង២ផងដែរ។


លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺ លោក គីម អ៉ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ។

លោកឯកអគ្គរដ្ឋទូត ក៏បានយកឱកាសនេះ គោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាកម្ពុជា បន្ទាប់បីបានបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីអស់រយៈពេល ៣៨ឆ្នាំ និងបានសម្រេចនូវសមិទ្ធផលដ៏មានតម្លៃជាច្រើនដែលមិនអាចកាត់ថ្លៃបាន ជូនប្រជាជន និងប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងមាន គណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។


លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចថា អស់រយៈពេល ១ឆ្នាំកន្លងមកនេះ តាមការតាមដានយ៉ាងយកចិត្តទុកដាក់របស់លោកផ្ទាល់, លោកបានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត ដាក់ចេញនូវវិធានការ យុទ្ធសាស្រ្ត គម្រោងអភិវឌ្ឍន៍ និងគោលនយោបាយជាច្រើន ដែលទទួលបានលទ្ធផលជាផ្លែផ្កា និងជាពិសេសគឺធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណលោកឯកអគ្គរដ្ឋទូត ដែលបានអបអរសាទរសម្តេចក្នុងឱកាសសម្តេចបានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានយកចិត្តទុកដាក់ កោតសរសើររដ្ឋាភិបាលនីតិកាលទី៧ ដែលជារដ្ឋាភិបាលបន្តវេន។


សម្តេចតេជោ បានបន្តថា កន្លងមកតែងមានទស្សនៈយល់ឃើញថា រាជរដ្ឋាភិបាលជាយុវជននេះ នឹងត្រូវការពេលវេលាដើម្បីអាចដឹកនាំបាន ប៉ុន្តែ ការពិត ពួកគេត្រូវការពេលមកដល់ ដើម្បីចេញដំណើរក្នុងការដឹកនាំប្រទេស។ ការដឹកនាំប្រទេស អស់រយៈពេល១ឆ្នាំកន្លងមក នៃរាជរដ្ឋាភិបាលថ្មីនេះ ពិតជាទទួលបានលទ្ធផលលើសការរំពឹងទុក ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចមិនថមថយ និងកំណើននៃការនាំចេញបានកើនឡើងដល់២០%។

សម្តេចតេជោ បានបន្តទៀតថា អស់រយៈពេល ២០ឆ្នាំមកនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អ។ ទោះបីជាបានជួបវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជាបានប្រែក្លាយពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើការនាំចូល ទៅជាប្រទេសមានការនាំចេញ និងមានកំណើននៃការនាំចេញថែមទៀតផង។


ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានស្នើសុំឱ្យលោកឯកអគ្គរដ្ឋទូត មានការយោគយល់ចំពោះការដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយព្រះរាជាណាចក្រកម្ពុជា ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាត្រូវតែបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យប៉ុណ្ណោះនោះទេ






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top