ប្រាក់ឈ្នួលកម្មករនិយោជិតវិស័យកាត់ដេរឆ្នាំ២០២៥ នឹងដំឡើងដល់២០៨ដុល្លារ ក្នុងនោះ២០៦ដុល្លារ កើតចេញពីការចរចា និង២ដុល្លារទៀត ត្រូវបានបន្ថែមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ម៉ាស្ទ័រវេប


រាធានីភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០២៥ នឹងត្រូវដំឡើងដល់ ២០៨ដុល្លារ ដែលក្នុងនោះ តួលេខ២០៦ដុល្លារ កើតចេញពីការចរចាត្រីភាគី និង២ដុល្លារ ត្រូវបានផ្តល់គោលការណ៍បន្ថែមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។


រសៀលថ្ងៃទី១៩ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ក្នុងឆ្នាំ២០២៥ បានបើកកិច្ចប្រជុំសម្រេចចុងក្រោយចំពោះការពិភាក្សារឿងប្រាក់ឈ្នួលនេះ។


ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរកម្ពុជានេះ បានកើនឡើងចំនួន៤ដុល្លារបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន២០៤ដុល្លារ ក្នុង១ខែ។


ការចរចាប្រាក់ឈ្នួលលើកចុងក្រោយបង្អស់ បានធ្វើឡើងរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប។


បើតាមរបាយការណ៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រាយការណ៍ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ មានការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង គាំទ្រតួលេខ ២០៦ដុល្លារ។


តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា ៖ «ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ»។


សម្តេចបានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។


សម្តេចបានបន្តថា ៖ «ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង»។


សម្តេចបានគូសបញ្ជាក់បន្ថែមទៀតថា ៖ ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។


ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចបានជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ៖ សម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។


សម្តេចបានថ្លែងអំណរគុណ និងកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ: និងស្មារតីរួម។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏សូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំដឹកនាំសម្របសម្រួលការចរចានេះ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top