ចាប់បានបំណែកសាច់មាន់បង្កក ជិត១តោន ដឹកទៅលក់ចែកចាយនៅសង្កាត់ច្បារអំពៅ

ម៉ាស្ទ័រវេប


រាជធានីភ្នំពេញ ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបបានបំណែកសាច់មាន់បង្កក ជិត១តោន ដែលវេចខ្ចប់ និងរក្សាទុកលើម៉ូតូរ៉ឺម៉កសណ្ដោង ពុំស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។



ការបង្ក្រាបបំណែកសាច់បង្កកខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវព្រះមុន្នីវង់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើម៉ូតូសណ្ដោងរឺម៉ក មួយគ្រឿង ផ្លាកលេខភ្នំពេញ 1AP-4389 ក្នុងនោះ ក្រុមការងារ បានពិនិត្យឃើញមាន ៖

-កោះមាន់ ចំនួន ៤០កេសក្រដាស ស្មើនឹង ៤៨០គីឡូក្រាម

-ស្លាបមាន់ ចំនួន ៤០កេសក្រដាស ស្មើនឹង ៤៨០គីឡូក្រាម ។ សរុបចំនួន ៩៦០គីឡូក្រាម ។



តាមការឆ្លើយបញ្ជាក់ពីតំណាងម្ចាស់សាច់បង្កកទាំងអស់នេះ គឺបានដឹកចេញពីឃ្លាំងស្តុកមួយកន្លែង នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឆ្ពោះទៅលក់ចែកចាយ នៅសង្កាត់ច្បារអំពៅ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ ហើយការវេចខ្ចប់ និងរក្សាទុកលើម៉ូតូរ៉ឺម៉កសណ្ដោង ពុំត្រូវតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនោះទេ ។


ក្រុមការងារ បាននាំបទល្មើស និងវត្ថុតាងទាំងនេះ មករក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។


សូមបញ្ជាក់ថា៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង អំពីការកែសម្រួលវិធានការហាមឃាត់ ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្តោះអាសន្ន រយៈពេល០៦ ខែទៀត ។


ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងកសិកម្ម បានពិនិត្យឃើញថា៖ ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមិនប្រើប្រាស់ជាចំណីអាហារ នៅប្រទេសនាំចេញ ។





តាមរយៈសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា៖ ដោយឡែកការនាំចូលថ្លើម នៃសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូក ដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជា បន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង ។


ការហាមឃាត់បណ្តោះអាសន្ននេះ ត្រូវបានគេរំពឹងថា៖ នឹងផ្តល់កន្លែងដកដង្ហើមបន្ថែមទៀតសម្រាប់វិស័យបសុសត្វរបស់កម្ពុជា ដែលបានបង្ហាញពីសញ្ញា នៃការងើបឡើងវិញ ចាប់តាំងពីការរឹតបន្តឹងដំបូង ត្រូវបានអនុវត្ត នៅដើមឆ្នាំនេះ ។


រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដានស្ថានការណ៍ ហើយនឹងសម្រេចលើវិធានការ នាពេលអនាគត ដោយផ្អែកលើស្ថានភាពទីផ្សារ របស់បសុសត្វ ក្នុងស្រុក និងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្ន ៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top