ឯកឧត្តម នេត្រ ភក្រ្តា ចុះពិនិត្យសកម្មភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជិត១ពាន់នាក់ នៅឃុំចំនួន២ ក្នុងស្រុកឆ្លូង

ម៉ាស្ទ័រវេប


ខេត្តក្រចេះ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពនៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជិត១ពាន់នាក់ ដែលរៀបចំឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះមកពីឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ការផ្តល់ការពិនិត្យព្យបាលជំងឺដោយឥតគិតថ្លៃនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ដែលមានលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានក្រុមការងារ និងមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះសរុប ៦០រូប។ ការពិនិត្យព្យាបាលនេះផ្តោតលើជំងឺទូទៅ ជំងឺកុមារ វះកាត់តូច ពិនិត្យមាត់ធ្មេញ ពិនិត្យភ្នែកនិងចែកវ៉ែនតា។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អាជ្ញាធរស្រុកឆ្លូង មន្ទីរសុខាភិបាលខេត្តក្រចេះ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ ផ្តល់សេវាសុខាភិបាលតាមរយៈការពិនិត្យ ប្រឹក្សានិងផ្តល់ការព្យាបាលបឋមដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top